ថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា ប្រារព្ធទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រោមប្រធានបទ «វិនិយោគពីថ្នាក់ជាតិ ដើម្បីភាពធន់នៅសហគមន៍» នៅខេត្តបាត់ដំបង
(បាត់ដំបង)៖ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងការប្រារព្ធទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រោមប្រធានបទ «វិនិយោគពីថ្នាក់ជាតិ ដើម្បីភាពធន់នៅសហគមន៍» ដែលរៀបចំឡើងដោយគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង នៅទីរួមស្រុកបាណន់ ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ។

ការប្រារព្ធទិវាជាតិ រួមជាមួយទិវាអាស៊ានគ្រប់គ្រងគ្រោះមហន្តរាយ និងទិវាអន្តរជាតិសម្រាប់ការកាត់បន្ថយគ្រោះមហន្តរាយ គឺជា ការអនុវត្តសារាចរណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា, និយាយជារួម, និងនិយាយដោយឡែក, សម្រាប់កាកបាទក្រហមកម្ពុជា គឺជាការអនុវត្តសេចក្តីថ្លែងការណ៍រាជធានីភ្នំពេញ នៃកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ កាលពីថ្ងៃទី ២១-២២ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ។
លោកជំទាវ ម៉ែន នារី សោភ័គ មានប្រសាសន៍ថា ការប្រារព្ធទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ នេះឡើង ក្នុងគោលបំណងផ្សព្វផ្សាយ ពីឆន្ទៈនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយហានិភ័យ, ការត្រៀមបង្ការ និងការឆ្លើយតបគ្រោះមហន្តរាយ រួមជាមួយការយកចិត្តទុកដាក់ ក្នុងការលើកកម្ពស់ការយល់ដឹង និងបំផុសការគាំទ្រពីផ្នែកឯកជន ដៃគូអភិវឌ្ឍ សង្គមស៊ីវិល និងប្រជាពលរដ្ឋទូទៅ ចាប់ពីបុគ្គលម្នាក់ គ្រួសារមួយ សហគមន៍មួយ ឱ្យចូលរួមកាន់តែសកម្មថែមទៀត ក្នុងការអនុវត្តវិធានការនានា ដែលនឹងកាត់បន្ថយគ្រោះមហន្តរាយ, ជួយបញ្ចៀសបាននូវការបាត់បង់អាយុជីវិត, ការខូចខាតទ្រព្យសម្បត្តិ, និងឱ្យចូលរួម ក្នុងការការពារបរិស្ថាន និងការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ។

លោកជំទាវ អគ្គលេខាធិការរងទី១ សង្ឃឹមជឿជាក់ថា ទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រោមប្រធានបទ “វិនិយោគពីថ្នាក់ជាតិ ដើម្បីភាពធន់នៅសហគមន៍” គឺស្ថិតនៅក្នុងការចងចាំ និងនៅក្នុងបេះដូងយើងទាំងអស់គ្នា ហើយយើងនាំគ្នាចាប់ពីបុគ្គលម្នាក់ គ្រួសារមួយ សហគមន៍មួយ ចូលរួមយ៉ាងសកម្ម បំពេញកាតព្វកិច្ចជាពលរដ្ឋល្អ, រស់នៅស្អាត មានអនាម័យ, ចូលរួមយ៉ាងសកម្មនៅក្នុងការកាត់បន្ថយហានិភ័យ ដោះស្រាយបញ្ហាប្រឈមនានា ដោយមិនទុកនរណាម្នាក់ចោល, ការពារអាយុជីវិត, លើកកម្ពស់ជីវភាពរស់នៅ របស់ពលរដ្ឋគ្រប់រូប នៅក្នុងសង្គមជាតិមួយ ដែលមានសុខសន្តិភាព និងការអភិវឌ្ឍឥតឈប់ឈរ ៕

ដោយ / គ្រី សម្បត្តិ