ក្រសួងសុខាភិបាល ក្រើនរំឮកពលរដ្ឋឱ្យប្រុងប្រយ័ត្នជំងឺភ្នែកក្រហម ខណៈជំងឺនេះកំពុងឆ្លងថ្មីគួរឱ្យកត់សម្គាល់
ភ្នំពេញ៖បន្ទាប់ពីរកឃើញករណីជំងឺឆ្លងភ្នែកក្រហម កំពុងកើតថ្មីគួរឱ្យកត់សម្គាល់ក្នុងបណ្តាខេត្តមួយចំនួន នៅប្រទេសកម្ពុជា ក្រសួងសុខាភិបាល បានចាត់មន្រ្តីជំនាញនៅតាមមូលដ្ឋាន ចុះតាមដាន ផ្តល់ការព្យាបាល និងអប់រំពលរដ្ឋពីវិធីការពារដើម្បីទប់ស្កាត់ការឆ្លងបន្តក្នុងសហគមន៍។
យោងតាមសេចក្តីប្រកាសព័ត៌មានក្រសួងសុខាភិបាល ចុះថ្ងៃទី១៩ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី ១៨ ខែតុលា មានការរកឃើញករណីជំងឺឆ្លងភ្នែកក្រហម កំពុងកើតថ្មីគួរឱ្យកត់សម្គាល់ក្នុងបណ្តាខេត្តមួយចំនួននៅប្រទេសកម្ពុជា។ខណៈនេះក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាល មន្ទីរសុខាភិបាល ស្រុក ប្រតិបត្តិ មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព បានចុះអង្កេត ឆ្លើយតប តាមដាន ផ្ដល់ការព្យាបាល និងអប់រំបង្ការការ ឆ្លងរាលដាល ដើម្បីទប់ស្កាត់ការឆ្លងបន្តក្នុងសហគមន៍ផងដែរ។
ក្រសួងបានឱ្យដឹងថា៖«រោគសញ្ញាជំងឺឆ្លងភ្នែកក្រហម រួមមាន នៅផ្នែកសនៃភ្នែក ឡើងពណ៌ផ្កាឈូក ឬពណ៌ក្រហម ហើមត្របក ភ្នែកជាពិសេសនៅពេលព្រឹកមានហូរទឹកភ្នែកច្រើនជាងមុន រកាំភ្នែកដោយសារមានអារម្មណ៍ថាមានអ្វីនៅក្នុងភ្នែក ឬ ចង់ញីភ្នែក រមាស់ភ្នែក រលាក និង/ឬក្រហាយភ្នែក មានអាចម៍ភ្នែក (ពណ៌ខ្ទុះ ឬពណ៍ទឹកបាយ) ឈឺគ្រាប់ភ្នែកជាដើម»។

ក្រសួងបានបញ្ជាក់ទៀតថា ជំងឺភ្នែកក្រហមនេះបណ្តាលមកពីមូលហេតុធំៗចំនួនពីរ គឺ ការបង្កដោយវីរុសនិងការបង្កដោយបាក់តេរី ដែលឆ្លងលឿនណាស់ និងរាលដាលយ៉ាងងាយស្រួលពីមនុស្សម្នាក់ទៅមនុស្សផ្សេងទៀត។ អ្នកអាចកាត់បន្ថយហានិភ័យនៃការកើតជំងឺភ្នែកក្រហម ឬការចម្លងទៅអ្នកដទៃដោយអនាម័យល្អ ពោលសម្អាតដៃឱ្យបានស្អាតជានិច្ច។
ជុំវិញរឿងនេះអ្នកឯកទេសភ្នែកនៃមន្ទីពេទ្យភ្នែកខេត្តតាកែវលោកវេជ្ជបណ្ឌិត នៀង ម៉ៅ ជា បានអំពាវឱ្យពលរដ្ឋចូលរួមថែរក្សាសុខភាពភ្នែកឱ្យបានល្អ ខណៈដែលជំងឺភ្នែកក្រហមកំពុងតែរីករាលដាលនៅតាមបណ្តាខេត្តមួយចំនួន។
លោកបន្តថា៖« ខ្ញុំសូមផ្តាំទៅបងប្អូនទាំងអស់ដែលមានបញ្ហាភ្នែកសូមអញ្ជើញមកពិនិត្យនៅមន្ទីពេទ្យ ដែលមានជំនាញច្បាស់លាស់ ហើយជាទូទៅបើទោះជាគ្មានបញ្ហាភ្នែកណាមួយក៏ដោយ សូមឱ្យបងប្អូនគួរមកត្រួតពិនិត្យភ្នែកយ៉ាងតិច១ឆ្នាំម្តង ព្រោះភ្នែកមានសារៈសំខាន់សម្រាប់ការប្រកបការងាររបស់យើង»។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល ក៏បានណែនាំចំពោះបុគ្គលដែលមិនទាន់មានជំងឺភ្នែកក្រហមថា គឺត្រូវអនុវត្តលាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកក្ដៅឧណ្ហៗយ៉ាងហោចណាស់ ២០វិនាទី។ លាងដៃរបស់អ្នកបន្ទាប់ពីប៉ះពាល់ជាមួយអ្នកមានជំងឺភ្នែកក្រហម ចៀសវាងការប៉ះភ្នែករបស់អ្នកដោយដៃដែលមិនបានលាងសម្អាត កុំប្រើរបស់របរប្រើប្រាស់ជាមួយអ្នកជំងឺ រក្សាគម្លាតឱ្យបានឆ្ងាយ ដោយសារជំងឺភ្នែកក្រហមបង្កដោយវីរុស និងបាក់តេរីឆ្លងតាមខ្យល់តាមការក្អកនិង កណ្តាស់នៃអ្នកមានជំងឺភ្នែកក្រហម។
ក្រសួងអះអាងថា ករណីភាគច្រើននៃជំងឺឆ្លងភ្នែកក្រហម គឺស្រាល ហើយជាធម្មតាការឆ្លងនឹងជាសះស្បើយក្នុងរយៈពេលពី ៧ ទៅ ១៤ថ្ងៃដោយមិនតម្រូវឱ្យមានការព្យាបាល និងមិនមានផលវិបាករយៈពេលវែងនោះទេ។ ទោះយ៉ាងណាក៏ដោយ ក្នុងករណីខ្លះ ការរលាកភ្នែកដោយវីរុសត្រូវការរយៈពេល ២ ទៅ ៣សប្ដាហ៍ ឬច្រើនជាងនេះដើម្បីជាសះស្បើយ។ គ្រូពេទ្យ អាចផ្តល់ថ្នាំអង់ទីប៊ីយោទិច ដូចជាថ្នាំបន្តក់ភ្នែក ឬថ្នាំដាក់ភ្នែក។ ការឱ្យថ្នាំបន្តក់ឬថ្នាំដាក់ភ្នែក ជួយបន្ថយរយៈពេលនៃការឆ្លង កាត់បន្ថយផលវិបាក និងកាត់បន្ថយការរីករាលដាលដល់អ្នកដទៃបាន។
សូមរំឭកថា នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល ធ្លាប់បានប្រកាសរកឃើញជំងឺភ្នែកក្រហមកម្រិតស្រាលចំនួន ៩៣ ករណី នៅក្នុងស្រុកអូរយ៉ាដាវ ខេត្តរតនគីរី កាលពីពេលថ្មីៗកន្លងមកនេះ៕



អត្ដបទ៖ បូរ ពេជ្រហ្សាលីន