ឯកឧត្តម ហ៊ុន ម៉ានី៖ សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស គឺជាការផ្ដើមចេញពីស្នាព្រះហស្ថដ៏ថ្លៃថ្លារបស់សម្ដេចព្រះបាទនរោត្តម សីហនុ និងស្នាដៃដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី បានសរសេរលើបណ្តាញសង្គមហ្វេសប៊ុកនាព្រឹកថ្ងៃទី២៣ ខែតុលានេះថា សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស គឺជាការផ្ដើមចេញពីស្នាព្រះហស្ថដ៏ថ្លៃថ្លារបស់សម្ដេចព្រះបាទនរោត្តម សីហនុ និងស្នាដៃដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នៅ Fère-en-Tardenois ប្រទេសបារាំង ក្នុងឆ្នាំ១៩៨៧ ជំនួបនេះ បានក្លាយជាមូលដ្ឋានដែលនាំឱ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ និងឈានទៅដល់ការសម្រេចបានជោគជ័យក្នុងដំណើរស្វែងរកសុខសន្តិភាពពេញបរិបូរណ៍សម្រាប់កម្ពុជា នាឆ្នាំ១៩៩៨ ក្រោមការអនុវត្ត «នយោបាយឈ្នះ ឈ្នះ»។
ឯកឧត្តម ហ៊ុន ម៉ានី បានបន្តថា តាមរយៈស្មារតី និងឆន្ទៈក្នុងដំណើរការផ្សះផ្សា បង្រួបបង្រួមជាតិខ្មែររបស់ឥស្សរជនទាំងពីររូប គឺពិតជាបានផ្តល់នូវមេរៀន និងគុណតម្លៃដ៏សំខាន់មិនអាចកាត់ថ្លៃបានសម្រាប់ប្រជាជនកម្ពុជាគ្រប់ជំនាន់ ដើម្បីស្វែងយល់ពីតម្លៃនៃសុខសន្តិភាព និងសមិទ្ធផលនានាដែលកើតចេញការអភិវឌ្ឍឥតឈប់ឈរមកទល់ពេលបច្ចុប្បន្ន និងបន្តទៅថ្ងៃអនាគត ហើយការរំលឹកខួបនៃសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសជាសក្ខីភាពបញ្ជាក់ពីការដឹងគុណ និងចងចាំជានិច្ចចំពោះបេសកកម្មដ៏ថ្លៃថ្លាក្នុងការទាមទារ និងស្វែងរកសុខសន្តិភាពជូនជាតិមាតុភូមិកម្ពុជា ក្រោមការដឹកនាំរបស់ឥរស្សជនទាំងពីរ។
ឯកឧត្តម ហ៊ុន ម៉ានី បានបន្តទៀតថា ក្រៅពីការរំលឹកពីស្នាព្រះហស្ថ និងស្នាដៃដ៏ថ្លៃថ្លារបស់ឥស្សរជនទាំងពីរ យើងក៏មិនអាចបំភ្លេចបាននូវការជួយជ្រោមជ្រែងពីមិត្តភក្តិកម្ពុជាទាំងអស់ដែលធ្វើឱ្យកិច្ចព្រមព្រៀងនេះអាចសម្រេចបានដោយជោគជ័យ និងជាផ្នែកមួយដ៏សំខាន់ក្នុងដំណើរការស្វែងរកសុខសន្តិភាពក្រោយពីកម្ពុជាធ្លាក់ក្នុងផ្នក់ភ្លើងសង្រ្គាមអស់ជាងបីទសវត្សរ៍៕
ដោយ៖ពលជ័យ