ក្រុមហ៊ុន Yuexiu Group ចង់វិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន អចលនទ្រព្យ និងកសិឧស្សាហកម្មនៅកម្ពុជា
ភ្នំពេញ៖យោងតាមការចេញរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឱ្យដឹងថា ក្រុមហ៊ុនចិន Yuexiu Group បានបង្ហាញចំណាប់អារម្មណ៍លើវិស័យមួយចំនួននៅប្រទេសកម្ពុជារួមមាន វិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន អចលនទ្រព្យ និងកសិឧស្សាហកម្មជាដើម។
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជួបពិភាក្សាការងារ ជាមួយលោក ចាវ យានលីន(Zhao yuan Lin) នាយកប្រតិបត្តិក្រុមហ៊ុន Yuexiu Group ដែលជាក្រុមហ៊ុនវិនិយោគលើវិស័យជាច្រើនរួមមានអចលនទ្រព្យ ហិរញ្ញវត្ថុ កសិកម្ម និងប្រព័ន្ធដឹកជញ្ជូនទំនើប ។ជំនួបនេះបានធ្វើឡើងកាលពីថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២៣ នាសាធារណរដ្ឋប្រជាមានិតចិន។
ក្នុងជំនួបនោះឯកឧត្តម ស៊ុន ចាន់ថុល បានបង្ហាញពីការរីកចម្រើនថ្មីៗ និងសក្តានុពលសម្រាប់ការវិនិយោគនៅកម្ពុជា ដោយគិតចេញពីកត្តាសុខសន្តិភាព ស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ច្បាប់វិនិយោគអំណោយផលដោយបើកទូលាយសម្រាប់គ្រប់វិនិយោគិនទាំងក្នុងនិងក្រៅប្រទេស ហើយក្នុងនោះកម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសាធារណរដ្ឋប្រជាមានិតចិន និងបណ្តាប្រទេសជាដៃគូជាច្រើនទៀតផងដែរ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានប្រាប់នាយកប្រតិបត្តិក្រុមហ៊ុន Yuexiu Group ថា ហេដ្ឋារចនាសម្ព័ន្ធពេញផ្ទៃប្រទេស ដែលបាននិងកំពុងអភិវឌ្ឍរួមមាន ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ អាកាសយានដ្ឋានថ្មីខេត្តសៀមរាប ការត្រៀមបើកដំណើរការអាកាសយានដ្ឋានថ្មីក្រុងភ្នំពេញ ការសិក្សាផ្លូវរថភ្លើងភ្នំពេញ-ក្រុងព្រះសីហនុ ផ្លូវរថភ្លើងភ្នំពេញ-បោយប៉ែត និងគម្រោងពង្រីកកំពង់ផែទឹកជ្រៅជាដើម។
បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍ក្រោយពីស្តាប់ការពន្យល់របស់ឯកឧត្តម ស៊ុន ចាន់ថុល ពីសក្តានុពល និងភាពរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា លោកចាវ យានលីន(Zhao yuan Lin) នាយកប្រតិបត្តិក្រុមហ៊ុន បានបង្ហាញចំណាប់អារម្មណ៍លើវិស័យមួយចំនួននៅប្រទេសកម្ពុជារួមមានវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន អចលនទ្រព្យ និងកសិឧស្សាហកម្មជាដើម ខណៈដែលក្រុមហ៊ុនលោកបាននិងកំពុង វិនិយោគលើវិស័យមួយចំនួនរួមមាន សណ្ឋាគារ អគារពាណិជ្ជកម្ម អគារស្នាក់នៅ ធនាគារ វិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងវិស័យកសិឧស្សាហកម្មជាដើម។
លោក ចាវ យានលីន(Zhao yuan Lin) អះអាងថា ក្រុមហ៊ុនបានសម្រេចនឹងរៀបចំកិច្ចពិភាក្សាផ្ទៃក្នុងមួយបន្ទាប់ពីបញ្ចប់ជំនួបនេះ ដើម្បីជជែក និងសិក្សាលទ្ធភាពក្នុងការដាក់ទុនវិនិយោគនៅកម្ពុជា ក្នុងក្របខណ្ឌណាមួយ ខណៈដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួមនិងក្រុមការងារបានបង្ហាញការត្រៀមខ្លួនរួចរាល់ ដើម្បីផ្ដល់ការពិគ្រោះយោបល់ និងសម្របសម្រួលរាល់នីតិវិធីវិនិយោគនៅកម្ពុជា។
អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានមើលឃើញថា ទំនាក់ទំនងយ៉ាងស៊ីជម្រៅរបស់ប្រទេសទាំងពីរ (កម្ពុជា-ចិន) លើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិនេះ គឺជាការល្អដែលមានស្រាប់ក្នុងកម្រិតខ្ពស់ និងគ្រប់ជ្រុងជ្រោយ ជាពិសេសតាមរយៈការជំរុញការអនុវត្ត កិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងការបង្កើត ច្រករបៀងមច្ឆា និងអង្ករ និង ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា ជាមូលដ្ឋានគ្រឹះដ៏សំខាន់ណាស់ សម្រាប់វិស័យឯកជននៃប្រទេសទាំងពីរ ក្នុងការភ្ជាប់ការធ្វើពាណិជ្ជកម្ម និងវិនិយោគជាមួយគ្នា។
លោកបានប្រាប់ថា ការបន្តពង្រឹង មិត្តភាពដែកថែប តាមរយៈការបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេស វិស័យទេសចរណ៍ ថាមពល ពាណិជ្ជកម្ម វិនិយោគ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន គឺជាការពូនជ្រុំនៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ខណៈដែលចិនជាមហាអំណាចសេដ្ឋកិច្ចមួយដ៏មានឥទ្ធិពលមួយនៅក្នុងពិភពលោក។
លោក ហុង វណ្ណៈ បានបញ្ជាក់ថា ៖ «យើងឃើញហើយថា សម្ដេចធិបតី ក៏បានទទួលជួបប្រធានក្រុមហ៊ុនចិនលំដាប់អន្តរជាតិជាបន្តបន្ទាប់ បានបញ្ជាក់ពីគម្រោងទស្សនកិច្ចប្រទេសកម្ពុជា ដើម្បីពង្រីកសក្ដានុពលវិនិយោគដែលមានស្រាប់ និងសិក្សាលើគម្រោងថ្មីៗបន្ថែមទៀត»។
លោកបានបន្តថា ៖ «ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាស្ថាប័នមួយដ៏មានសារៈសំខាន់ណាស់ក្នុងការសម្រេច ឬអនុម័តឱ្យមានការវិនិយោគនៅកម្ពុជា ។ដូច្នេះខ្ញុំជឿជាក់ថា ជំនួបនានារវាងមន្រ្តីរាជរដ្ឋាភិបាលជាន់ខ្ពស់របស់កម្ពុជា ជាមួយបណ្តាបក្រុមហ៊ុនទាំងនោះនឹងនាំមកនូវលទ្ធផលវិជ្ជមានច្រើនសម្រាប់សេដ្ឋកិច្ចកម្ពុជា»។
របាយការណ៍ពីក្រុមប្រឹក្សាអភិវឌ្ឍន៍អភិវឌ្ឍន៍កម្ពុជា (CDC) ក្នុងឆមាសទី១ ឆ្នាំ២០២៣នេះ កម្ពុជាទទួលបានទុនវិនិយោគសរុបលើវិស័យនានា ក្នុងទំហំជាង ១ ១០៥ លានដុល្លារ ក្នុងនោះការវិនិយោគពីប្រទេសចិន បានឈរនៅលំដាប់លេខរៀងទី១ ដោយបានចូលរួមចំណែកស្ទើរ ២ភាគ៣នៃទុនវិនិយោគសរុប។
ចំណែកការវិនិយោគក្នុងស្រុក បានឈរនៅលំដាប់លេខរៀងទី២ ដោយបានចូលរួមចំណែកប្រមាណ២០ភាគរយ នៃទុនវិនិយោគសរុប ដែលមានទឹកប្រាក់ជាង២០០លានដុល្លារ។ តាមពីក្រោយកម្ពុជា គឺប្រទេសវៀតណាម មានចំណែកវិនិយោគ ៦,៦៤ភាគរយ ដែលមានទឹកប្រាក់ប្រមាណជាង៧៣ លានដុល្លារ៕
វណ្ណ សុជាតា