ក្រុមហ៊ុនធំៗចំនួន ៧នឹងផ្តល់ឱកាសការងារថ្មីចំនួនជាង ៤០០កន្លែងបន្ថែមទៀតក្នុងវេទិកា ការងារចុងខែតុលានេះ
(ភ្នំពេញ)៖ យ៉ាងហោចណាស់មានក្រុមហ៊ុនធំៗចំនួន ៧ នឹងចូលមកផ្តល់ឱកាសការងារ និងកម្មសិក្សាការងារ ចំនួន ៤៤២ កន្លែង សម្រាប់ សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើក្នុងវេទិកាការងារប្រចាំខែរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃ ទី២៦ ខែតុលា ឆ្នាំ២០២៣ នេះ។

បើតាមទីភ្នាក់ងារជាតិមុខរបរ និងការងារ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងនៅថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៣នេះថាក្រុមហ៊ុនធំៗទាំង៧ ក្នុងនោះរួមមាន៖ ធនាគារ WOORI, និងធនាគារ ស្ថាបនា, ក្រុមហ៊ុន JACCS, ក្រុមហ៊ុន EMD (F&D) Co,Ltd, ក្រុមហ៊ុន MEKONGNET, ក្រុមហ៊ុន CBS និងក្រុមហ៊ុន MR Training។ ចំពោះសិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារអាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយ តំណាងក្រុមហ៊ុនទាំងនោះបាន ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ០៥:០០ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ទាក់ទិនក្នុងរឿងនេះលោក គឹម សុបញ្ញា មន្ត្រីជាន់ខ្ពស់ផ្នែកជ្រើសរើសបុគ្គលិកធនាគារ Woori លើកឡើងថា Woori ពិតជាសប្បាយរីករាយណាស់ក្នុងការសហការជាមួយនឹង NEA ក្នុងការជួយដល់ធនាគារជ្រើសរើសបុគ្គលិក។ ក្រោមការជួយជ្រោមជ្រែងពី NEA ធនាគារ Woori តែងតែជ្រើសរើសបុគ្គលិកបានទាន់ពេលវេលា និងស្របតាមតម្រូវការ។ លោកបន្ថែមទៀតថាទីតាំង NEA គឺជាកន្លែងជួបគ្នារវាង តំណាងក្រុមហ៊ុន (និយោជក) និងអ្នកស្វែងរកការងារធ្វើ (និយោជិត) ដ៏មានប្រសិទ្ធភាព ។

លោកបានលើកឡើងដោយបញ្ជាក់បន្ថែមថា៖”ប្រសិនជាសិស្សនិស្សិត ឬអ្នកមានបំណងចង់ស្វែងរកការងារធ្វើសូមកុំភ្លេច NEA ដែលជាមជ្ឈមណ្ឌលព័ត៌មានការងារយ៉ាងសំបូរបែប។ លោកក៏សូមថ្លែងអំណរអគុណដល់ NEA ដែលតែងតែសម្របសម្រួលដល់ក្រុមហ៊ុនពិសេស Woori ក្នុងការជ្រើសរើសបុគ្គលិក” ។
គួរបញ្ជាក់ថាដើម្បីទទួលព័ត៌មានបន្ថែមអំពីការចូលរួមក្នុងវេទិកាការងារ សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕



ដោយ ៖ ម៉ា ដេប៉ូ