កាមេរ៉ាស្វ័យប្រវត្តិកំពុងផ្តល់សារៈសំខាន់ ដើម្បីកត់ត្រា និង វត្តមានប្រភេទសត្វព្រៃនៅកម្ពុជា
(ភ្នំពេញ)៖ កាមេរ៉ាស្វ័យប្រវត្តិដែលបានដាក់ពង្រាយនៅក្នុងតំបន់ការពារធម្មជាតិដើម្បីកត់ត្រាប្រភេទសត្វព្រៃនោះកំពុងត្រូវបានគេចាត់ទុកថា៖វាបានដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចការស្រាវជ្រាវទៅលើប្រភេទសត្វព្រៃ ក៏ដូចជាការធ្វើកំណត់ត្រាចំនួនសត្វព្រៃនៅកម្ពុជាផងដែរ ។
អង្គការ USAID មរតកបៃតងបានលើកឡើងថា៖”ក្នុងការអភិរក្ស កាមេរ៉ាស្វ័យប្រវត្តិដើរតួជាឧបករណ៍ត្រួតពិនិត្យ និងតាមដានជីវៈចម្រុះដ៏សំខាន់ ដែលផ្ដល់ទិន្នន័យអំពីទីតាំង ចំនួន និងអាកប្បកិរិយារបស់ប្រភេទសត្វព្រៃនីមួយៗនៅក្នុងជម្រកធម្មជាតិរបស់ខ្លួន” ។

ជាមួយសារៈសំខាន់នេះអង្គការ USAID មរតកបៃតង ក៏បាននិងកំពុងធ្វើការជាមួយដៃគូអភិរក្សរបស់ខ្លួនគឺអង្គការអភិរក្សអន្តរជាតិដើម្បីដាក់ពង្រាយកាមេរ៉ាស្វ័យប្រវត្តិនៅក្នុងតំបន់ការពារធម្មជាតិដើម្បីកត់ត្រាប្រភេទសត្វព្រៃ ដែលជាសូចនាករក្នុងការត្រួតពិនិត្យជីវៈចម្រុះ បន្ទាប់មកយកទៅសិក្សា និងវិភាគលទ្ធផលផងតាមដែរ ដែលអនុញ្ញាតឱ្យយើងធ្វើការអភិរក្សមានប្រសិទ្ធភាពជាងមុន ។
កាមេរ៉ាស្វ័យប្រវត្តិដែលបានដាក់ពង្រាយ ហើយថតជាប់ប្រភេទសត្វព្រៃកម្រ និងជិតផុតពូជជាច្រើនក្នុងរូបមានដូចជា៖ រួមមានឆ្កែព្រៃ (Dhole – Cuon alpinus) សត្វកេះ (Capricornis sumatraensis) ខ្លាពពក (Neofelis nebulosa) ខ្លាឃ្មុំតូច (Helarctos Malayanus) ឈ្លុស (Muntiacus Muntjac) មាន់ទោប្រាក់ (Lophura nycthemera) និងសត្វព្រៃជាច្រើនប្រភេទទៀត ។

អង្គការ USAID មរតកបៃតងបានលើកឡើងដែរថា”ការថតជាប់ប្រភេទសត្វព្រៃទាំងនេះ កំពុងតែប្រាប់យើងថាយើងនៅតែអាចការពារពួកវាបានតាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់យើង។ ចូលរួមការពារសត្វព្រៃទាំងអស់គ្នា!” ៕





ដោយ ៖ ម៉ាដេប៉ូ