កិច្ចប្រជុំគណៈកម្មការរៀបចំព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប  សំពះព្រះខែ និង អកអំបុក នៅខេត្តសៀមរាប ឆ្នាំ២០២៣

(សៀមរាប)៖ នៅសាលប្រជុំសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ គណៈកម្មការរៀបចំព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប  សំពះព្រះខែ អកអំបុកខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំពិភាក្សាលើបច្ចេកទេសនិងទិដ្ឋភាពទូទៅក្នុងក្រុងសៀមរាបសម្រាប់ត្រៀមរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប  សំពះព្រះខែ អកអំបុក ឲ្យមានភាពរលូន ប្រកបដោយសុខសុវត្ថិភាព មានសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈនិងបរិស្ថានល្អសម្រាប់ទាំងអស់គ្នា ។

ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានលើកឡើងបែបនេះ នៅក្នុងកិច្ចប្រជុំមួយ ស្តីពីខ្លឹមសារនៃយន្តការ ការរៀបចំពិធីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និង អកអំបុក ដែលនឹងប្រព្រឹត្តធ្វើឡើងន) តាមបណ្តោយដងស្ទឹងប្រវត្តិសាស្ត្រសៀមរាប ដោយមានរៀបចំនូវកម្មវិធីកម្សាន្តផ្សេងៗ ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងក្នុង និង ក្រៅខេត្ត ព្រមទាំងភ្ញៀវទេសចរណ៍ បានទស្សនាកម្សាន្តសប្បាយនិងបានស្វែងយល់បន្ថែម អំពីវប្បធម៌ ប្រពៃណីទំនៀមទំលាប់ របស់ប្រជាពលរដ្ឋខែ្មរយើង ដែលបានបន្សល់ទុកតាំងពីយូរលង់ណាស់មកហើយ ។

ឯកឧត្តមអភិបាលខេត្ត បានឲ្យដឹងទៀតថា ការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និង អកអំបុកនេះ គឺធ្វើឡើងដើមី្បរំលឹក និង គោរពដល់វីរៈភាព នៃបុព្វបុរសទាហានជើងទឹកជំនាន់ដើម ដែលបានពលីជិវិតក្នុងការធ្វើសឹកសង្រ្គាមតាមផ្លូវទឹក ក្នុងការកម្ចាត់ពួកសត្រូវឈ្លានពានហើយទទួលបានជ័យជំនះជូនជាតិមាតុភូមិអង្គរនៃយើង ។

ក្នុងនោះ គ្រប់អនុគណៈកម្មការនីមួយៗ បានលើកឡើង នឹងពិភាក្សាទៅលើស្ថានភាពគោលដៅទីតាំង ពេលវេលា និង វាយតម្លៃ សន្និដ្ឋានឲ្យបានត្រឹមត្រូវ ទៅតាមបច្ចេកទេស និងបទពិសោធដែលធ្លាប់បានរៀបចំកាលពីឆ្នាំមុនៗ ។ ក្នុងកិច្ចប្រជុំ ក៏បានពិភាក្សា ដោយផ្តោតសំខាន់ ទៅលើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ អនាម័យ សុខភាព បរិស្ថាន អគ្គិសនី ការរៀបចំស្តង់ សម្រាប់បងប្អូនអាជីវករ ដែលមានបំណងចូលមកលក់ដូរនៅក្នុងឱកាសបុណ្យអុំទូក និងការប្រគុំតន្ត្រីជូនដល់ភ្ញៀវជាតិអន្តរជាតិរាំកម្សាន្តសប្បាយផងដែរ ។

អនុគណៈកម្មការ និង អាជ្ញាធរស្រុក មន្ទីរ អង្គភាពលើកនូវចំណុចមួយចំនួន ពាក់ព័ន្ឋទៅលើបញ្ហាបរិស្ថាន ការរៀបចំភ្លើងបំភ្លឺ និងភ្លើងចម្រុះពណ៌ ,ការងារចរាចរណ៍ និង បង្គន់អនាម័យចល័ត ព្រមទាំងសណ្តាប់ធ្នាប់ សន្តិសុខក្នុងពេលដង្ហែរប្រទីប និង បាញ់កាំជ្រូចក្នុងឱកាសពិធីបុណ្យនេះ ។

ឯកឧត្តម ប្រាក់ សោភ័ណ បានណែនាំមួយចំនួនដល់អនុគណៈកម្មការ ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក ដែលមានទូកចូលរួម ប្រកួតក្នុងពិធីបុណ្យអុំទូកឲ្យពិនិត្យផ្គូផ្គងវាយតម្លៃឲ្យបានច្បាស់លាស់ និង យុត្តិធម៌ ទៅលើកម្លាំងចំណុះទូក ក៏ដូចជាកម្លាំងត្រៀមចៀសវាងកើតចេញជាបាតុភាពមិនល្អ  ព្រោះថា  រដ្ឋបាលខេត្តសៀមរាប ក៏បានត្រៀមកញ្ចប់ថវិកាសម្រាប់ជ័យលាភីតាម លំដាប់លំដោយផងដែរ។ 

បន្ថែមពីនេះ ត្រូវយកចិត្តទុកដាក់ទៅលើរៀបចំក្លោងទ្វារ ដើមី្បធ្វើយ៉ាងណាត្រូវរំលេចនូវអត្តសញ្ញាណរបស់ខេត្តសៀមរាប ក្នុងការទាក់ទាញអារម្មណ៍ ដល់មហាជន ភ្ញៀវទេសចរណ៍ចូលមកបានយល់ដឹងអំពីប្រវត្តិសាស្ត្រនៃខេត្តសៀមរាប ព្រមទាំងយកចិត្តទុកដាក់ខ្ពស់លើការការពារសន្តិសុខសណ្តាប់ធ្នាប់ ជូនដល់ភ្ញៀវជាតិ និងអន្តជាតិ។ ចំពោះរាល់ស្តង់លក់ដូរទាំងអស់ ត្រូវគោរពឲ្យបានតាមការណែនាំរបស់គណៈកម្មការរៀបចំពិធីបុណ្យ ចំពោះអនាម័យ បរិស្ថាន តែបើមានស្តង់មួយណា ដែលបានបំពុលបរិស្ថានដងស្ទឹងនោះ គណៈកម្មការនឹងធ្វើការបញ្ឈប់មិនឲ្យស្តង់នោះលក់ដូរបន្តទៀតនោះឡើយ៕

ដោយ ស៊ាន សុផាត

ads banner