ហ្វាំងឡង់និយាយថា បំពង់បង្ហូរឧស្ម័នទំនងជាខូចដោយសារកប៉ាល់កុងតឺន័រទម្លាក់យុថ្កាចំ
ហែលស៊ិនគី៖ប៉ូលិសហ្វាំងឡង់បាននិយាយកាលពីថ្ងៃទី២៤ ខែតុលាថា ការខូចខាតបំពង់បង្ហូរឧស្ម័ននៅក្រោមបាតសមុទ្របាល់ទិកកាលពីដើមខែនេះ ទំនងជាបណ្តាលមកពីកប៉ាល់កុងតឺន័រទម្លាក់យុថ្កាទៅចំ ប៉ុន្តែមិនដឹងថា វាកើតឡើងដោយចេតនាឬអចេតនានៅឡើយទេ។នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ក្រុមអ្នកស៊ើបអង្កេតហ្វាំងឡង់បាននិយាយថា ឥឡូវនេះពួកគេបានយកយុថ្កាដែលបាត់ពីទីតាំងបាតសមុទ្រដែលបំពង់បង្ហូរឧស្ម័នធ្លាយកាលពីថ្ងៃទី៨ ខែតុលា ហើយកំពុងស៊ើបអង្កេតថា តើយុថ្កានោះជារបស់កប៉ាល់កុងតឺន័រចិន ឬយ៉ាងណា?។
កន្លងមកប៉ូលិសហ្វាំងឡង់បាននិយាយថាការខូចខាតបំពង់បង្ហូរឧស្ម័នក្រោមបាតសមុទ្រBalticconnector និងខ្សែកាបទូរគមនាគមន៍បាតសមុទ្របាល់ទិក២ គឺបណ្តាលមកពីកម្លាំងមេកានិចខាងក្រៅ ហើយកំពុងស៊ើបអង្កេតថាតើនេះ ជាករណីបំផ្លិចបំផ្លាញដោយចេតនា ឬបណ្តាលមកពីគ្រោះថ្នាក់យថាហេតុណាមួយ? ។
ប៉ូលិសបាននិយាយថា គេឃើញមានស្នាមអូសយ៉ាងធំនៅបាតសមុទ្រកាត់ទៅកន្លែងដែលបំពង់បង្ហូរឧស្ម័នធ្លាយ ហើយយុថ្កាធ្លាក់នៅមិនឆ្ងាយប៉ុន្មានពីកន្លែងខូចខាតនោះ។
ចំណែកឯប្រធានការិយាល័យស៊ើបអង្កេតជាតិហ្វាំងឡង់ (NBI) លោក Robin Lardot បានប្រាប់សន្និសីទសារព័ត៌មានមួយថា ៖ «សំណួរបន្ទាប់គឺ តើវាជាចេតនា ការធ្វេសប្រហែស ឬការគ្មានជំនាញបើកកប៉ាល់? នោះហើយដែលបើកផ្លូវឱ្យយើងពិនិត្យមើលថា វាអាចមានហេតុផលចំពោះអ្វីដែលបានកើតឡើង»។ លោកបានបន្ថែមថា៖ «វាលឿនពេកក្នុងការអារកាត់ក្នុងដំណាក់កាលនេះ»។
កាលពីថ្ងៃសុក្រសប្ដាហ៍មុន NBI បាននិយាយថា ពួកគេកំពុងផ្តោតលើការស៊ើបអង្កេតលើកប៉ាល់កុងតឺន័រឈ្មោះ New New Polar Bear របស់ចិន ដែលបានធ្វើដំណើរខាងលើបំពង់បង្ហូរឧស្ម័ន និងខ្សែកាប នៅពេលមានការខូចខាត។
ក្រោយមកនៅថ្ងៃទី២៤ ខែតុលា NBI អះអាងថា ខ្លួនរកឃើញថាកប៉ាល់ New New Polar Bear ពិតជាបាត់យុថ្កាខាងមុខមួយ ហើយបាននិយាយថា ពួកគេបានព្យាយាមទាក់ទងទៅកប៉ាល់នោះ ដើម្បីសុំការបញ្ជាក់ថាតើយុថ្កាដែលរើសបានពីបាតសមុទ្រ ក្បែរកន្លែងលេចធ្លាយបំពង់បង្ហូរឧស្ម័ននោះ ជារបស់ខ្លួន ឬយ៉ាងណា?។
ជុំវិញបញ្ហានេះដូចគ្នា ប្រទេសចិនឯណោះវិញ បានអំពាវនាវកាលពីថ្ងៃចន្ទ ឱ្យមានការស៊ើបអង្កេតមួយ ដែលប្រកបទៅដោយគោលបំណង យុត្តិធម៌ និងវិជ្ជាជីវៈ។
គួរបញ្ជាក់ថា ការបែកធ្លាយបានកាត់បន្ថយការផ្គត់ផ្គង់ឧស្ម័នតាមបំពង់បង្ហូរទៅកាន់ហ្វាំងឡង់ ទោះបីជាប្រទេសនេះ រំពឹងថា នឹងដោះស្រាយបញ្ហានេះដោយការនាំចូលឧស្ម័នធម្មជាតិពង្រាវតាមរយៈការដឹកជញ្ជូនតាមកប៉ាល់ពីក្រៅក៏ដោយ។
ជាលទ្ធផលនៃការខូចខាត អង្គការសម្ព័ន្ធភាពយោធាណាតូ បានបង្កើនការល្បាតនៅសមុទ្របាល់ទិក។ កាលពីខែកញ្ញាឆ្នាំមុន បំពង់បង្ហូរ Nord Stream ដ៏ធំដែលតភ្ជាប់ពីរុស្ស៊ីទៅប្រទេសអាល្លឺម៉ង់ក្រោមសមុទ្របាល់ទិកដូចគ្នា បានរងការខូចខាតដោយសារតែការលេចធ្លាយ ដោយអាជ្ញាធរបាននិយាយថា វាជាអំពើបំផ្លិចបំផ្លាញដោយចេតនា ទោះបីជាមិនដឹងច្បាស់ថានរណាជានៅពីក្រោយខ្នងការវាយប្រហារនេះក៏ដោយ៕
ប្រែសម្រួល៖ហួន ឌីណា ប្រភព៖ Finland says gas pipeline likely broken by Chinese ship dragging anchor