កម្ពុជា និងឥណ្ឌា ឯកភាពគ្នាពង្រីកកិច្ចសហប្រតិបត្តិការកងទ័ពជើងទឹក បន្ទាប់ពីពង្រឹងផ្នែកជើងគោករួច

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិកម្ពុជា ទៀ សីហា និងលោកជំទាវ ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត (Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជាបានឯកភាពគ្នាពង្រីកវិសាលភាពកិច្ចសហប្រតិ​បត្តិការកងទ័ពជើងទឹក បន្ទាប់ពីភាគីទាំងពីរ បានពង្រឹងទំនាក់ទំនងផ្នែកកងទ័ពជើងគោករួចតាមរយៈអនុស្សរណៈយោគយល់(MoU) កាលពីដើមខែកុម្ភៈ កន្លងទៅ ។ភាគីទាំងពីរបានកត់សម្គាល់ពីវឌ្ឍភាពប្រសើរឡើងនៃទំនាក់ទំនងវិស័យការពាររវាងប្រទេសទាំងពីរ។

ការលើកឡើងនេះតាមរយៈសវនាការរវាង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិកម្ពុជា ទៀ សីហា និងលោកជំទាវ ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត (Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា នៅទីស្តីការក្រសួងការពារជាតិ នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣។

ប្រភពក្រសួងការពារជាតិបានឱ្យដឹងទៀតថា លោកជំទាវ ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត បានលើកឡើងពីទំនាក់ទំនងល្អរវាងប្រទេសទាំងពីរដែលជាលក្ខណៈប្រវត្តិសាស្ត្រ ជាពិសេសផ្នែកវប្បធម៌ និងវិទ្យាសាស្រ្ត ក៏ដូចជាវិស័យពាណិជ្ជកម្មដែលភាគីទាំងពីរបានចរចាលើកិច្ចព្រមព្រៀងអនុគ្រោះពាណិជ្ជកម្មទ្វេភាគី ក្នុងពេលបច្ចុប្បន្ន។ប្រទេសទាំង២ គ្រោងនឹងដាក់ឱ្យមានការហោះហើរត្រង់ រវាងកម្ពុជា-ឥណ្ឌា នៅក្នុងអំឡុងខែតុលា ឆ្នាំ២០២៣ នេះ ។ ការងារនេះ នឹងជំរុញឱ្យថាមពលនៃវិស័យទេសចរណ៍ និងពាណិជ្ជកម្ម ក៏ដូចជា វិស័យដែលពាក់ព័ន្ធផ្សេងៗទៀតកាន់តែមានសន្ទុះខ្លាំងឡើង។ ឥណ្ឌាក៏គ្រោង ពង្រីកវិសាលភាពលើបច្ចេកវិទ្យាសម្រាប់ការគាំទ្រដល់ការអភិវឌ្ឍឌីជីថលនៅកម្ពុជា»។

បើតាមក្រសួងការពារជាតិបានឱ្យដឹងថា ភាគីទាំងពីរ បានកត់សម្គាល់ពីវឌ្ឍភាពលើទំនាក់ទំនងផ្នែកការពារជាតិ បន្ទាប់ពីកម្ពុជានិងឥណ្ឌាចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងកងទ័ពជើងគោកប្រទេសទាំង២ និងការរៀបចំការហ្វឹកហ្វឺនរួមគ្នាលើការងារជួយបណ្ដុះបណ្ដាលជំនាញដល់កងកម្លាំងថែរក្សាសន្តិភាពរបស់កម្ពុជា សម្រាប់ចូលរួមជាលក្ខណៈមនុស្សធម៌ក្របខណ្ឌអង្គការសហប្រជាជាតិ។

រដ្ឋមន្ត្រីការពារជាតិកម្ពុជា និងលោកជំទាវឯកអគ្គរដ្ឋទូតឥណ្ឌា បន្ថែមថា ចំណងមិត្តភាពប្រទសទាំងពីរ ជាពិសេសក្នុងវិស័យការពារនឹងកាន់តែមានភាពរឹងមាំនៅថ្ងៃមុខ បន្ទាប់ពីព្រះរាជដំណើរយាងទស្សនកិច្ចផ្លូវរដ្ឋ របស់ព្រះករុណាសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន​ ម៉ាណែត ទៅកាន់ប្រទេសឥណ្ឌា នាពេលកន្លងទៅ ។

នៅកិច្ចបញ្ចប់ជំនួប លោកជំទាវឯកអគ្គរដ្ឋទូតឥណ្ឌា បានអញ្ជើញឯកឧត្តម ទៀ សីហា ធ្វើដំណើរទស្សកិច្ចផ្លូវការទៅកាន់ប្រទេសឥណ្ឌាផងដែរ ក្នុងន័យពង្រឹងចំណងកិច្ចសហប្រតិបត្តិរវាងយោធាប្រទេសទាំងពីរ បន្ថែមទៀត។

ពាក់ព័ន្ធរឿងនេះ លោក ថុង ម៉េងដាវិត ប្រធានផ្នែកស្រាវជ្រាវនៅវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) យល់ថា ការពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងឥណ្ឌា ជាកិច្ចសហប្រតិបត្តិការបែបយុទ្ធសាស្រ្តនិងកិច្ចការពារក្នុងតំបន់ ខណៈប្រទេសទាំងពីរ ក៏មានទំនាក់ទំនងល្អនឹងគ្នាផ្អែកតាមទិដ្ឋភាពប្រវត្តិសាស្រ្ត។

លោកសង្កត់ធ្ងន់ថា៖«ក្នុងវិស័យយោធា កម្ពុជានិងឥណ្ឌាគួរផ្តោតសំខាន់លើការពង្រឹងសមត្ថភាពនិងចែករំលែកបទពិសោធន៍ ជំនាញបច្ចេកទេសពត៌មានវិទ្យានិងការចែករំលែកព័ត៌មាន និងការកសាងធនធាននិងសមត្ថភាពយោធិនក្នុងក្របខណ្ឌទ្វេភាគី ក៏ដូចជាក្របខ័ណ្ឌអាស៊ាន»។

លោកបន្ថែមថា កម្ពុជាប្រកាន់គោលនយោបាយការបរទេសរាប់អានមិត្តបរទេសទាំងអស់ ហើយកម្ពុជាតែងស្វាគមន៍រាល់កិច្ចសហប្រតិបត្តិការក្នុងការបបង្កើនសមត្ថភាពយោធិន កសាងសមត្ថភាពស្ថាប័ន ក៏ដូចជាការគោរពលើគោលការណ៍ច្បាប់អន្តរជាតិ។
ក្នុងបរិបទជាមួយឥណ្ឌា លោកថា ជាយុទ្ធសាស្រ្ត ព្រោះឥណ្ឌាជាដៃគូអភិវឌ្ឍវប្បធម៌ និងធនធាមនុស្សនៅកម្ពុជា ហើយឥណ្ឌាក៏តួអង្គរដ្ឋមួយដ៏សំខាន់ផងដែរក្នុងកិច្ចសហប្រតិបត្តិការសន្តិសុខនិងស្ថិរភាពនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនេះ។

គួរជម្រាបជូនថា កាលពីដើមខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឋានៈជាមេបញ្ជាការកងទ័ពជើងគោក បានទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឥណ្ឌា ដែលបានចុះហត្ថលេខា លើឯកសារលក្ខខណ្ឌ ស្តីពីកិច្ចសហប្រតិបត្តិការ រវាងកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ និងកងទ័ពជើងគោកនៃសាធារណរដ្ឋឥណ្ឌា សំដៅជំរុញសកម្មភាព កិច្ចសហប្រតិបត្តិការជាក់ស្តែង ឱ្យកាន់តែសកម្មរស់រវើក ជាពិសេស តាមរយៈការបើកច្រក ឱ្យមានទំនាក់ទំនងផ្ទាល់ រវាងអង្គភាព និងអង្គភាពចំណុះនៃកងទ័ពជើងគោកប្រទេសទាំង២៕

ដោយ៖ សំបាន ច័ន្ទដារ៉ា

ads banner