ឯកឧត្តម ឈិន កេតនា ដឹកនាំកិច្ចប្រជុំត្រៀមលក្ខណៈរៀបចំព្រះរាជពិធីបុណ្យខួបលើកទី ១៩ នៃការគ្រងព្រះបរមរាជសម្បត្តិរបស់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
(ភ្នំពេញ)៖ ឯកឧត្តម ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣នេះ បាន អញ្ជើញចូលរួមពី តំណាងក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីពិភាក្សាអំពីការត្រៀមលក្ខណៈរៀបចំព្រះរាជពិធីបុណ្យខួបលើកទី ១៩ នៃការគ្រងព្រះបរមរាជសម្បត្តិរបស់ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ។

ឯកឧត្តម ឈិន កេតនា ប្រធានអង្គប្រជុំ បានជម្រាបជូនអំពីគោលបំណង និងសំណូមពរនៃការប្រជុំ ដើម្បីពិភាក្សារួមយោបល់ និងបែងចែកភារកិច្ចសម្រាប់ការចាត់តាំងរៀបចំព្រះរាជពិធីបុណ្យខួបលើកទី ១៩ នៃការគ្រងព្រះបរមរាជសម្បត្តិរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដោយកាលបរិច្ឆេទនៃការប្រារព្ធព្រះរាជពិធីប្រព្រឹត្តទៅនៅ ថ្ងៃអាទិត្យ ទី ២៩ ខែតុលា ឆ្នាំ ២០២៣ ឲ្យសម្រេចលទ្ធផលល្អប្រសើរធានារូបភាពចាត់តាំងនិងខ្លឹមសារឲ្យបានស័ក្តិសមបំផុត។

ឯកឧត្តមប្រធាន បានមានប្រសាសន៍លើកឡើងពីខ្លឹមសារផែនការណែនាំស្ដីពីការចាត់តាំងរៀបចំ និងពិភាក្សាផ្លាស់ប្ដូរយោបល់ ហើយអង្គប្រជុំបានឯកភាពតាមគោលការណ៍កំណត់ របស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ដែលត្រូវបានឯកឧត្តមប្រធានអង្គប្រជុំធ្វើការបូកសរុបនិងកំណត់បែងចែកភារកិច្ចជូន ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងរដ្ឋបាលរាជធានី/ខេត្ត ដោយក្នុងនោះ ក្រសួងព្រះបរមរាជវាំង មានភារកិច្ចរៀបចំ ព្រះរាជពិធីបុណ្យឲ្យបានសមស្របតាមព្រះរាជបវេណី និងប្រពៃណីសាសនា តាមការសព្វព្រះរាជហឫទ័យរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

សូមបញ្ជាក់ជូនថា កាលពីថ្ងៃទី២៩ តុលា ២០០៤ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គ ត្រូវបានក្រុមប្រឹក្សារាជសម្បត្តិ ជ្រើសតាំងថ្វាយជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលមកដល់បច្ចុប្បន្ននេះ មានរយៈកាល ១៩ ព្រះវស្សាហើយ៕
ដោយ ង៉ាន់ ទិត្យ
រូបភាព រិន រចនា

