មជ្ឈមណ្ឌលភាសា Aii ប្រកាសផ្តល់អាហារូបករណ៍រហូតដល់ ៤០% សម្រាប់វគ្គសិក្សាថ្មី ចូលរៀននៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣
(ភ្នំពេញ)៖ ក្នុងឱកាសបើកសម្ពោធដាក់អោយប្រើប្រាស់ ជាផ្លូវការ មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) និងសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS)សាខាច្បារអំពៅ ដែលជាសាខាទី២០ ដែលមានទីតាំង នៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងភូមិតាព្រហ្ម សង្កាត់ព្រែកេង អ្នកឧកញ៉ា គួច ម៉េងលី ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ.គួច អេឌ្យូខេសិន បានប្រកាសថា មជ្ឈមណ្ឌលភាសា Aii ផ្តល់ អាហារូបករណ៍ រហូតដល់៤០% ដល់សិស្សានុសិស្សសម្រាប់វគ្គសិក្សាថ្មី ចូលរៀននៅថ្ងៃទី១៥ខែវិច្ឆិកា ឆ្នាំ២០២៣។

អ្នកឧកញ៉ា គួច ម៉េងលី បន្តថា គំនិតផ្តួចផ្តើម នៃការផ្តល់អាហរូបករណ៍នេះ គឺមានគោលបំណងផ្តល់ ឱកាសដល់អ្នកសិក្សាកាន់តែច្រើន ដើម្បីឱ្យពួកគេទទួល បានបទពិសោធន៍ពីការសិក្សា និងវិធីសាស្រ្តបង្រៀន នៅសតវត្សរ៍ទី២១ ដែលប្រកបដោយភាពច្នៃប្រឌិត។

អ្នកឧកញ៉ាបានបន្ថែមថា ការសម្ពោធមជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) និងសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) សាខាច្បារអំពៅ ដែលជាសាខាទី២០នេះ ជាសញ្ញាណបង្ហាញពីឧត្តមភាពផ្នែកអប់រំនៅកម្ពុជា ដែលជាផ្នែក១ នៃការពង្រីកសហគមន៍ សិក្សាប្រកបដោយក្តីសោមនស្ស។ សាខាច្បារអំពៅនេះ មានទីតាំធំទូលាយ ជាមួយទុនវិនិយោគប្រមាណ ៤លានដុល្លារអាមេរិក។

បន្ថែមពីលើសមិទ្ធផល នៃការសម្ពោធសាខាថ្មី របស់មជ្ឈមណ្ឌលាភាសា Aii និង សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ក៏បានប្រកាសសម្ពោធការបោះពុម្ពស្នាដៃថ្មី ក្រោមចំណងជើងថា«ផ្លូវកាត់»។

ផ្លូវកាត់នេះ គឺជាសៀវភៅទី៩ ដែលបាននិពន្ធដោយ អ្នកឧកញ៉ាផ្ទាល់ ដែលបំផុសគំនិតអប់រំ និងពោរពេញទៅដោយ ចំណេះដឹង ដែលគ្របដណ្តប់លើប្រធានបទជាច្រើន រួមទាំងការវិនិយោគលើចំណេះដឹងនិងជំនាញ ការស្វែង រកបទពិសោធ ទេពកោសល្យ អាជីវកម្ម ការអភិវឌ្ឍខ្លួន និងការយល់ដឹងអំពី SWOT ជាដើម។ សៀវភៅនេះ នឹងផ្តល់ចំណេះដឹងដ៏មានប្រសិទ្ធភាពនិងមានប្រយោជន៍ សម្រាប់អ្នកជំនាន់ក្រោយ ដើម្បីជួយឱ្យពួកគេត្រៀមខ្លួន ហើយខិតខំប្រឹងប្រែងយ៉ាងសកម្ម នៅក្នុងដំណើរជីវិតរបស់ពួកគេ និងក្នុងការជួយឱ្យពួកគេ មានសមត្ថភាព កាន់កាប់តួនាទីណាមួយ នៅក្នុង សង្គម»។

«ផ្លូវកាត់» ជាសៀវភៅអាន មាន២៩០ទំព័រ ហើយត្រូវបានបោះពុម្ពដំបូង ប្រមាណ៣ពាន់ក្បាល នឹងមានលក់ នៅតាមតូបលក់សៀវភៅ និងបណ្ណាគារទូទាំងប្រទេសកម្ពុជា និងគ្រប់ បណ្ណាគារ អន្តរទ្វីប របស់មជ្ឈមណ្ឌលភាសា Aii និងសាលារៀនអន្តរទ្វីបអាមេរិកាំង(AIS) ដោយក្នុងមួយក្បាល តំលៃ៣ម៉ឺន ៤ពាន់រៀល ឬ ៨ដុល្លារកន្លះ ៕
អត្ថបទ៖ វណ្ណលុក, រូបភាព៖ សួង ពិសិដ្ឋ
