គណបក្សធម្មាធិបតេយ្យគាំទ្រសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពី ការបង្កើតការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ
ភ្នំពេញ៖ គណបក្សធម្មាធិបតេយ្យ បានធ្វើញ្ញត្តិគាំទ្រយ៉ាងពេញទំហឹងជុំវិញកិច្ចដំណើរការបង្កើត និងការរៀបចំឲ្យមានយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក្នុងគោលដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងភាពឆាប់រហ័ស នៃការដោះស្រាយវិវាទតាមរយៈការសម្រុះសម្រួលផ្សះផ្សាក្រៅប្រព័ន្ធតុលាការ និងក្នុងគោលបំណងជួយកាត់បន្ថយការកកស្ទះសំណុំរឿងនៅតាមសាលាជម្រះក្តី បង្ខិតការដោះស្រាយវិវាទឲ្យកាន់តែកៀកប្រជាពលរដ្ឋនៅមូលដ្ឋាន ធានានូវភាពសុខដុមរមនា និងយុត្តិធម៌ ក្នុងសង្គមជាតិ។ នេះបើយោងតាមញ្ញត្តិគាំទ្រនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣។
ជាមួយគ្នានេះ គណបក្សធម្មាធិបតេយ្យ បានគាំទ្រអនុសាសន៍សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទាក់ទងនឹងការគូសបញ្ជាក់ចំពោះការបង្កើតយន្តការនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះ មិនមែនជាការជំនួសប្រព័ន្ធតុលាការទេ ប៉ុន្តែជាជម្រើសបន្ថែម និងដោយស្ម័គ្រចិត្តជូនប្រជាពលរដ្ឋ ពុំមានការបង្ខិតបង្ខំ ដើម្បីនាំមកនូវសុខដុមនីយកម្មក្នុងសង្គមជាតិ។
គណបក្សធម្មាធិបតេយ្យ យល់ឃើញថា ការបង្កើតយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះ ជាយន្តការមួយដែលមានភាពល្អប្រសើរ ក្នុងការជួយសម្របសម្រួល ការចរចា ផ្សះផ្សាដោះស្រាយបញ្ហាជាច្រើន របស់ប្រជាពលរដ្ឋតាមមូលដ្ឋាន ដោយទាក់ទងនឹងបញ្ហាទំនាស់មួយចំនួន ដោយប្រជាពលរដ្ឋមិនមានការ ចំណាយថវិកា គឺមានភាពងាយស្រួលគួរឲ្យទុកចិត្ត ថែមទាំងមានភាពឆាប់រហ័សលើការដោះស្រាយវិវាទជួយកាត់ បន្ថយបាននូវការកកស្ទះសំណុំរឿងជាច្រើននៅតុលាការ និងធានាបាននូវបរិយាកាសកាន់តែមានភាពប្រសើរ និងអាចដោះស្រាយវិវាទកាន់តែមានប្រសិទ្ធភាពថែមទៀត។
សូមជម្រាបថា ក្នុងដំណើរការពិនិត្យ និងពិភាក្សា សេចក្ដីព្រាងព្រះរាជក្រឹត្យស្តីពីការបង្កើតការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ កាលពីថ្ងៃទី២៧ ខែតុលាឆ្នាំ២២០៣ ក្នុងអង្គប្រជុំគណៈរដ្ឋមន្ត្រី សម្ដេចធិបតី បានគូសបញ្ជាក់ថា យន្តការនេះមិនមែនជាការជំនួសប្រព័ន្ធតុលាការទេ ប៉ុន្តែជាជម្រើសបន្ថែម និងដោយស្ម័គ្រចិត្ត ជូនប្រជាពលរដ្ឋ ពុំមានការបង្ខិតបង្ខំ ដើម្បីនាំមកនូវសុខដុមនីយកម្មក្នុងសង្គមខ្មែរ។ សម្ដេចធិបតី ក៏បានសង្កត់ធ្ងន់លើសារសំខាន់នៃការធ្វើយុទ្ធនាការផ្សព្វផ្សាយជូនប្រជាពលរដ្ឋដើម្បីឱ្យពួកគាត់យល់ច្បាស់អំពីយន្តការថ្មីនេះ និងបានសម្រេចប្រគល់ភារកិច្ចជូនទីស្ដីការគណៈរដ្ឋមន្រ្តី សហការជាមួយក្រសួងយុត្តិធម៌ ក្នុងការរៀបចំនីតិវិធីបន្ត ដើម្បីបញ្ជូនសេចក្ដីព្រាងព្រះរាជក្រឹត្យស្ដីពីការបង្កើតការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ថ្វាយព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីទ្រង់ពិនិត្យ និងឡាយព្រះហស្ថលេខាប្រកាសឱ្យប្រើទុកជាការប្រញាប់៕
