ក្រសួងបរិស្ថាន និង World Bank រួមដៃគ្នា ពង្រីកភាពស្អាត គ្មានប្លាស្ទិក ក្នុងតំបន់ អាស៊ាន
ភ្នំពេញ៖ កញ្ញា Mona Sur អ្នកគ្រប់គ្រងការអនុវត្តនៃធនាគារ ពិភព លោក World Bank លើកឡើងថា នឹងរួមដៃគ្នាជាមួយ ក្រសួង បរិស្ថានលើការងារអាទិភាពរបស់ក្រសួង ដើម្បីកាត់បន្ថយការ ប្រើ ប្រាស់ថង់ប្លាស្ទិក និងការបំពុលដោយសំណល់ប្លាស្ទិកទៅលើ សុខភាព របស់ប្រជាពលរដ្ឋកម្ពុជា ស្របតាមយុទ្ធសាស្រ្តចក្រាឆ្នាំ ២០២៣-២០២៨ ។ ការលើកឡើងនេះ គឺនៅក្នុងជំនួបសម្តែង ការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តមរដ្ឋមន្រ្តីក្រសួង បរិស្ថាន នាទីស្តីការក្រសួង នៅថ្ងៃទី ៣០ តុលា ឆ្នាំ២០២៣ ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងអំណរគុណចំពោះ World Bank និងសហការី ហើយបើកទ្វារទទួលស្វាគមន៍ជានិច្ច ចំពោះដៃគូអភិវឌ្ឍទាំងអស់ ដែលចង់រួមចំណែកជួយឱ្យកម្ពុជាស្អាត និងចែករំលែកភាពស្អាតនេះទៅដល់ប្រទេសជិតខាងរបស់កម្ពុជា ជាពិសេសប្រទេសស្ថិតក្នុងតំបន់អាស៊ាន ។
ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងបន្តទៀតថា កម្ពុជាស្អាតប្រទេសជិតខាង ជាមិត្តកម្ពុជាចាំបាច់ត្រូវតែស្អាតដូចគ្នា យើងត្រូវតែជួយសម្អាតគ្នា ព្រោះយើងមានទន្លេមេគង្គជាមួយគ្នា ។
សូមរម្លឹកជូនថា កិច្ចសហការ World Bank ជាមួយក្រសួង បរិស្ថាន កន្លងមក គឺបានអនុវត្តលើគម្រោង គ្រប់គ្រងសំណល់រឹងនៅក្នុងដែន គម្រោងការពារធម្មជាតិ ធានានូវនិរន្តភាពទេសភាព ការអភិរក្ស ធន ធាន ធម្មជាតិ ការគ្រប់គ្រងធនធានធម្មជាតិ ដើម្បីលើកស្ទួយ ជីវភាព ប្រជាពលរដ្ឋនៅតាមសហគមន៍ ៕
ដោយ / គ្រី សម្បត្តិ





