លោក អ៊ុក ចន្ថា បានចាត់ទុក គណៈប្រតិភូដឹកនាំក្រុមកីឡា ដែល បាន ខិតខំ បង្កើត ក្រុមចូលរួមការប្រកួតជើងឯករាជធានីភ្នំពេញ ជាកាយវិការចូលរួមដោយស្មោះក្នុងការកសាង និងអភិវឌ្ឍវិស័យ កីឡានៅរាជធានីភ្នំពេញ
(ភ្នំពេញ)៖ ការប្រកួតកីឡាប្រដាល់សកល និងគុនខ្មែរ ជើងឯករាជធានីភ្នំពេញឆ្នាំ២០២៣ បានបញ្ចប់ជាផ្លូវហើយ ក្រោយដំណើរការប្រកួតអស់រយៈពេល៦ នាសាលហ្វឹកហាត់ប្រដាល់សកល នៅក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។
តាមរបាយការណ៍ លោក ស្រេង សេង ប្រធានការិយាល័យកីឡា បានបញ្ជាក់ឲ្យដឹងថា ការប្រកួតប្រដាល់គុនខ្មែរនិងប្រដាល់សកលជើងឯករាជធានីភ្នំពេញ ដែលដំណើរការប្រកួតរយៈពេល៦នេះ មានសមាសភាពដែលចូលរួមប្រកួត រួមមាន ក្លឹប កុមារទេពមានរិទ្ធ តាឡីដំរីមានរិទ្ធ នាគរាជមានរិទ្ធ ព្រែកឯកកីឡា នាគរាជមានជ័យ ពន្លឺថ្មីកីឡា តាមព្រហ្មមានជ័យ វិបុលដារិទ្ធសែនជ័យ បូរីរាជសីហ៍ និងក្លឹបនាគនាំសំណាង សរុមប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី មានចំនួន ១០៥ នាក់ នារី ១២ នាក់។
លោក អ៊ុក ចន្ថា អនុប្រធានមន្ទីរអប់រំយុវជននិងកីឡា បានមានប្រសាសន៍ថា គណៈប្រតិភូដឹកនាំក្រុមកីឡា ដែលបានខិតខំ បង្កើត ក្រុម ដើម្បីចូលរួមប្រកួតជើង ឯកនាពេលនេះ ជាកាយវិការ និងការចូលរួមដោយ ស្មោះក្នុង ការកសាង និងអភិវឌ្ឍវិស័យកីឡានៅរាជធានីភ្នំពេញ និងជំរុញដល់ យុវជនមហាជនឲ្យចូលរួម ហាត់ និងលេងកីឡាទៅតាមប្រភេទដែលពួកគេចូលចិត្ត និងចូលរួមកាត់បន្ថានូវអំពើ ឧបាយមុខមាននៅក្នុងសង្គម។
មួយវិញទៀត ការហាត់ និងលេងកីឡា ជាកត្តាចាំបាចដែលនាំមកនូវ ការស្គាល់ យល់គ្នា និងស្រលាញ់ចូលចិត្តគ្នាទៅវិញទៅមក ធ្វើឱ្យសង្គមជាតិយើង មានការឯក ភាព និងសាមគ្គីភាព ដ៏រឹងមាំក្នុងការកសាង និងការពារជាតិយើង។
លោកបានបន្តថា ហើយដើម្បីចូលរួមអភិវឌ្ឍវិស័យកីឡា ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលឈានឆ្ពោះទៅរកកម្រិតមួយឲ្យស្របនិងការវិវត្តន៍និងរីកចម្រើនរបស់ប្រទេសជាតិ ប្រទេសយើងបានធ្វើជាម្ចាស់ផ្ទះរៀប ចំការ ប្រកួត កីឡាស៊ីហ្គេម លើក ៣២ ឆ្នាំ២០២៣ ទទួលបានលទ្ធផលលើសការរំពឹងទុក ហើយក៏ទទួល បានការកោតសរសើរ ពីសំណាក់ជាតិ និងអន្តរជាតិផងដែរ ។ ទន្ទឹមជាមួយគ្នានេះ ផ្អែកលើការអភិវឌ្ឍន៍ មន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញ កំពុងដំណើរការតាមផែនការយុទ្ធសាស្ត្រកំណែរទម្រងរបស់ក្រសួង អប់រំយុវជននិងកីឡា ។ ដោយឡែកការងារអប់រំកាយនិងកីឡាកំពុងជំរុញការអនុវត្តកាលវិភាគនៅតាមគ្រឹះស្ថានសាធារណៈឯកជន និងកែសម្រួលមេរៀនឲ្យស្របទៅនិងស្តងដាក្នុងតំបន់ ក៏ដូចជាពិភពលោកផងដែរ។
សម្រាប់លទ្ធផលនៃការប្រកួតផ្នែកគុនខ្មែរ ចំណាត់លេខ១ ប្រភេទកីឡាគុនខ្មែរ ប្រភេទទំងន់ ៣៥គីឡូក្រាម បុរស លេខ ១ បានទៅកីឡាករ ជា សុខចាន់ ក្លឹប តាឡីដំរីមានរិទ្ធ លេខ ២ បានទៅកីឡាករ ទុំ ប្រុសទិត្យ ក្លឹប វិបុលដារិទ្ធសែនជ័យ។ ប្រភេទទំងន់ ៤២ គីឡូក្រាម លេខ ១ បានទៅកីឡាករវិបុល ច័ន្ទសុខបញ្ញា ក្លឹប វិបុលដារិទ្ធសែនជ័យ ចំណាត់ថ្នាក់ លេខ ២ បានទៅកីឡាករ សារុន ដារដ្ឋ ក្លឹប នាគរាជមានជ័យ។ ប្រភេទទំងន់ ៤៥ គីឡូក្រាម បុរស លេខ ១ បានទៅកីឡាករ ខន ទិត្យវិច្ឆិកា ក្លឹប តាឡីដំរីមានរិទ្ធ ចំណាត់ លេខ ២ បានទៅកីឡាករ សៅ វិរៈយុទ្ធ ក្លឹប តាព្រហ្មមានជ័យ។ប្រភេទទំងន់ ៥១ គីឡូក្រាម លេខ ១ បានទៅកីឡាករ លី វឌ្ឍនា ក្លឹប វិបុលដារិទ្ធសែនជ័យ ចំណាត់ លេខ ២ បានទៅកីឡាករ ថន ណារ៉ុនក្លឹបតាព្រហ្ម។ ប្រភេទទំងន់ ៥៧ កីឡូក្រាម លេខ ១ បានទៅកីឡាករ ឃ្នើន សុខលីមក្លឹប នាគនាំសំណាង ចំណាត់លេខ ២ បានទៅកីឡាករ សៅ សាវុធ ក្លឹប តាឡីដំរីមានរិទ្ធ។ ផ្នែក ប្រដាល់សកល ប្រភេទទំងន់ ៣៥ គ.ក្រ នារី លេខ ១ បានទៅកីឡាការិនី សាង សូលីណា ក្លឹប កុមារទេពមានរិទ្ធ។ ប្រភេទទំងន់ ៤៥ គ.ក្រ នារី លេខ ១ បានទៅកីឡាការិនី ងិន ស្រីល័ក្ខ ក្លឹប នាគមានជ័យ។ ប្រភេទទំងន់ ៤៨ គ.ក្រ នារី លេខ ១ បានទៅ កីឡាការិនី ហួន សារូន ក្លឹប បូរីរាជសីហ៍ ។ ប្រភេទទំងន់ ៣៥ គ.ក្រ បុរស លេខ ១ បានទៅកីឡាករ ស៊ឹម វិច្ឆិកាក្លឹប ពន្លឺថ្មី ។ ប្រភេទទំងន់ ៤៥ គ.ក្រ បុរសលេខ ១ បានទៅកីឡាករ ទុំ ប្រទេព ក្លឹប វិបុលដារិទ្ធសែនជ័យ។ ប្រភេទទំងន់ ៤៨ គ.ក្រ បុរស លេខ ១ បានទៅកីឡាករ គង់ សូរិកាន ក្លឹប នាគនាំសំណាង។ ប្រភេទទំងន់ ៥៤ គ.ក្រ បុរស លេខ ១ បានទៅកីឡាករ ផល សិលា ក្លឹប នាគនាំសំណាង។ ប្រភេទទំងន់ ៥៧ គ.ក្រ បុរស លេខ ១ បានទៅកីឡាករ វណ្ណា សំណាង ក្លឹប នាគមានជ័យ។ប្រភេទទំងន់ ៦០ គ.ក្រ លេខ ១ បានទៅកីឡាករ វន ម៉ាផានក្លឹប កុមារទេព៕
រូបភាពអត្ថបទ៖ ជាវ ចន្ធូ