អ.ស.ប៖ ការវាយប្រហាររបស់អ៊ីស្រាអែលលើជំរុំជនភៀសខ្លួននៅហ្គាហ្សា អាចជាឧក្រិដ្ឋកម្មសង្គ្រាម
ហ្សឺណែវ៖ ការិយាល័យសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ និយាយថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលដ៏ប្រល័យលើជំរុំជនភៀសខ្លួនដ៏ធំបំផុតក្នុងតំបន់ហ្គាហ្សាស្ទី្រប អាចចាត់ទុកជាឧក្រិដ្ឋកម្មសង្គ្រាម។
ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរដ្ឋាភិបាល ដែលគ្រប់គ្រងដោយក្រុមហាម៉ាសរបស់ហ្គាហ្សា នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ និយាយថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ១៩៥នាក់បានស្លាប់ និង ១២០នាក់នៅតែបន្តបាត់ខ្លួនក្រោមគំនរបាក់បែក ខណៈដែលមនុស្ស ៧៧៧នាក់ទៀតបានរងរបួស នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើជំរុំជនភៀសខ្លួនដ៏ធំបំផុតមួយក្នុងទីក្រុងJabalia។
អ៊ីស្រាអែលនិយាយថា ការវាយប្រហារកាលពីថ្ងៃអង្គារសប្តាហ៍នេះ គឺជាការវាយឆ្មក់ដោយជោគជ័យ ក្នុងការសម្លាប់មេបញ្ជាការកំពូលរបស់ក្រុមហាម៉ាស គឺ អ៊ីប្រាហ៊ីម ប៊ីយ៉ារី។ ទន្ទឹមគ្នា ការិយាល័យសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ បានបង្ហោះសារនៅលើបណ្តាញសង្គម X ថា ដោយសារចំនួនជនស៊ីវិលស្លាប់ និងរបួសច្រើន ព្រមទាំងទំហំនៃការបំផ្លិចបំផ្លាញមានទំហំធំ បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល លើជំរុំជនភៀសខ្លួនក្នុងទីក្រុងJabalia នោះ យើងមានការព្រួយបារម្ភយ៉ាងខ្លាំងថា ទង្វើទាំងនេះគឺការវាយប្រហារមិនសមាមាត្រ ដែលអាចឈានដល់ឧក្រិដ្ឋកម្មសង្គ្រាម។
ជុំវិញការវាយប្រហារនេះដែរ បានទាក់ទាញការថ្កោលទោសជាអន្តរជាតិ ដោយប្រទេសបូលីវីបានផ្តាច់ទំនាក់ទំនងការទូតជាមួយអ៊ីស្រាអែល ដើម្បីជាការតវ៉ា។ ចំណែកហ្ស៊កដានីបានកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំអ៊ីស្រាអែលត្រឡប់មកប្រទេសវិញ នៅក្នុងការថ្កោលទោសសង្រ្គាមអ៊ីស្រាអែល ដែលកំពុងសម្លាប់ប្រជាជនស្លូតត្រង់នៅតំបន់ហ្គាហ្សា៕ ប្រភព៖ CNA ប្រែសម្រួលដោយ៖ ឈឹម ទីណា