ទីភ្នាក់ងារអ.ស.ប ៖ បច្ចុប្បន្ន តំបន់ហ្គាហ្សាក្លាយជាទីបញ្ចុះសពកុមាររាប់ពាន់នាក់

ហ្សឺណែវ៖ អង្គការមូលនិធិសម្រាប់កុមារនៃអង្គការសហប្រជាជាតិ ហៅកាត់ថា យូនីសេហ្វ (UNICEF) បានរំលឹកឡើងវិញនូវការអំពាវនាវរបស់ខ្លួន ឱ្យមានបទឈប់បាញ់មនុស្សធម៌ក្នុងសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស់ ដោយនិយាយថា ជម្លោះនេះកំពុងសម្លាប់កុមាររាប់ពាន់នាក់នៅហ្គាហ្សា និងធ្វើឱ្យមនុស្សជាច្រើននាក់ទៀត ប្រឈមនឹងហានិភ័យនៃអំពើហិង្សា និងកង្វះទឹកប្រើប្រាស់ធ្ងន់ធ្ងរ។

អ្នកនាំពាក្យរបស់អង្គការយូនីសេហ្វ លោក ជេមស៍ អែលឌើ នៅថ្ងៃអង្គារសប្តាហ៍នេះ ប្រាប់អ្នកយកព័ត៌មាននៅទីក្រុងហ្សឺណែវថា តំបន់ហ្គាហ្សាបានក្លាយជាទីបញ្ចុះសពរបស់កុមាររាប់ពាន់នាក់។ លោក អែលឌើ បន្តថា កុមារជាង ៣,៤៥០នាក់នៅក្នុងទឹកដីប៉ាឡេស្ទីនត្រូវបានសម្លាប់រួចហើយ ហើយចំនួនអ្នកស្លាប់បានកើនឡើងយ៉ាងខ្លាំងជារៀងរាល់ថ្ងៃ។

លោក អែលឌើ បន្ថែមថា ស្របពេលដែលក្មេងៗនៅហ្គាហ្សា “រស់នៅក្នុងសុបិន្តអាក្រក់” អ៊ីស្រាអែលត្រូវតែបញ្ចប់ការឡោមព័ទ្ធទឹកដីនេះ និងអំពាវនាវឱ្យការឆ្លងកាត់ចូលទៅក្នុងតំបន់ហ្គាហ្សាបើកចំហរ សម្រាប់ជំនួយមនុស្សធម៌ រួមមានទឹក ប្រេងឥន្ធនៈ និងគ្រឿងបរិក្ខាពេទ្យ។ ហើយបើសិនគ្មានបទឈប់បាញ់ គ្មានទឹក គ្មានថ្នាំពេទ្យ និងគ្មានការដោះលែងកុមារដែលត្រូវចាប់ពង្រត់ទេ នោះភាពភ័យរន្ធត់ និងការរងទុក្ខវេទនារបស់កុមារស្លូតត្រង់ នឹងកាន់តែកើនឡើងខ្លាំង។

ការអត្ថាធិប្បាយបែបនេះរបស់លោក អែលឌើ ត្រូវបានធ្វើឡើងនៅពេលដែលអ៊ីស្រាអែលបង្កើនការវាយលុកតាមផ្លូវគោករបស់ខ្លួននៅក្នុងតំបន់ហ្គាហ្សា ជាការឆ្លើយតបទៅនឹងការវាយប្រហារភេរវកររបស់ក្រុមហាម៉ាស ដែលបានសម្លាប់មនុស្សប្រហែល ១,៤០០នាក់កាលពីថ្ងៃទី៧ ខែតុលាកន្លងទៅ។ ទន្ទឹមគ្នា ប្រព័ន្ធផ្គត់ផ្គង់ទឹកនៅក្នុងតំបន់ហ្គាហ្សា ដែលត្រូវបានកាត់បន្ថយដោយសារជម្លោះ ក៏បានរួមចំណែកដល់ចំនួនអ្នកស្លាប់ជាង ៨,៧០០នាក់ផងដែរ៕

ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner