អភិបាលខេត្តកំពង់ធំ ណែនាំដល់មន្ត្រីពាក់ព័ន្ធ ចុះធ្វើបច្ចុប្បន្នភាព និងរៀបចំ បែបបទធ្វើអនុបយោគស្នើសុំទៅរាជរដ្ឋាភិបាល ដើម្បីផ្ដល់ប័ណ្ណកម្មសិទ្ធិគ្រប់គ្រងដីធ្លីជូនក្រុមគ្រួសារអតីតយុទ្ធជន

(កំពង់ធំ)៖ អភិបាលខេត្តកំពង់ធំ ណែនាំដល់មន្ត្រីពាក់ព័ន្ធក្នុងខេត្ត ចុះធ្វើបច្ចុប្បន្នភាព និងរៀបចំបែបបទធ្វើអនុបយោគស្នើសុំទៅរាជរដ្ឋាភិបាល ដើម្បីផ្ដល់ប័ណ្ណកម្មសិទ្ធិគ្រប់គ្រងដីធ្លីជូនក្រុមគ្រួសារអតីតយុទ្ធជន ។ ការណែនាំរបស់ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត និងជាប្រធានកិត្តិយសគណៈកម្មាធិការសមាគអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ធ្វើឡើងក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព នៃការគ្រប់គ្រងដីសម្បទានសង្គមកិច្ច សម្រាប់ផ្ដល់ជូនអតីតយុទ្ធជនបន្ត និងការរៀបចំបែបបទឯកសារសុំអនុប្រយោគពីរាជរដ្ឋាភិបាល ដើម្បីផ្ដល់ប័ណ្ណកម្មសិទ្ធិជូនដល់បងប្អូនអតីតយុទ្ធជនចំនួន១៤១គ្រួសារ ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច ស្ថិតនៅភូមិដងក្តារ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលាខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានរាយការណ៍ពីប្រវត្តិ និងស្ថានភាពជាក់ស្ដែង នៃការគ្រប់គ្រងដីសម្បទានសង្គមកិច្ច សម្រាប់ផ្ដល់ជូនអតីតយុទ្ធជន។ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ អតីតយុទ្ធជនចំនួន១៤១ គ្រួសារ បានដំណើរការចាប់ឆ្នោតទទួលយកក្បាលដី ក្នុងមួយគ្រួសារចំនួន១ហិចតាកន្លះ និងផ្ទះមួយខ្នងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ។

បន្ទាប់មកអង្គប្រជុំបានពិភាក្សាគ្នាយ៉ាងល្អិតល្អន់ ដើម្បីរកដំណោះស្រាយ និងវិធានការក្នុងការគ្រប់គ្រងដីសម្បទានសង្គមកិច្ច សម្រាប់ផ្ដល់ជូនអតីតយុទ្ធជនឲ្យមានប្រសិទ្ធភាព ហើយនឹងមានវិធានការចំពោះអ្នកដែលរំលោភកាន់កាប់ដីរដ្ឋដោយខុសច្បាប់ នៅក្នុងតំបន់នោះផងដែរ ។

ក្នុងឱកាសនេះ ឯកឧត្តម ងួន រតន បានណែនាំដល់រដ្ឋបាលខេត្ត ត្រូវរៀបចំសេចក្តីសម្រេចទី១ ត្រូវចាត់តាំងអភិបាលរងខេត្តមួយរូប រួមជាមួយមន្ទីរ ស្ថាប័ន អាជ្ញាធរដែនដី និងអង្គភាព ដែលមានការពាក់ព័ន្ធ ត្រូវចុះទៅធ្វើបច្ចុប្បន្នភាពឲ្យបានច្បាស់លាស់ ចំពោះអ្នកដែលបានរំលោភកាន់កាប់ដីរដ្ឋដោយខុសច្បាប់ ដើម្បីមានវិធានការ ។ ទី២ ត្រូវរៀបចំសំណុំបែបបទធ្វើអនុបយោគ ស្នើសុំទៅប្រមុខរាជរដ្ឋាភិបាល ដើម្បីផ្ដល់ប័ណ្ណកម្មសិទ្ធិគ្រប់គ្រងដីធ្លី ជូនក្រុមគ្រួសារអតីតយុទ្ធជនចំនួន ១៤១គ្រួសារ ដែលបានកំពុងរស់នៅលើដីសម្បទានសង្គមកិច្ចនេះ និងទីបី ជំរុញឲ្យមន្ទីរធនធានទឹក ចុះទៅសិក្សាស្រាវជ្រាវ ដើម្បីរកវិធានការរំដោះទឹកកុំឲ្យមានការជន់លិចផ្ទះ និងដីលំនៅឋានរបស់បងប្អូនអតីតយុទ្ធជន ដែលបានបង្កង្កើនផលហើយត្រូវបានខូចខាតដំណាំដូចបណ្ដាឆ្នាំកន្លងទៅនិងដូចឆ្នាំនេះទៀត ៕

ដោយ ប៊ុន រដ្ឋា

ads banner