អាមេរិក កូរ៉េខាងត្បូង ជប៉ុន នឹងបង្កើតក្រុមប្រឹក្សាយោបល់លើការគំរាមកំហែងតាមអ៊ិនធឺណិតរបស់កូរ៉េខាងជើង

សេអ៊ូល៖ ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃចន្ទទី៦ ខែវិច្ឆិកាថា សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានព្រមព្រៀងគ្នាក្នុងការបង្កើតក្រុមប្រឹក្សាយោបល់ជាន់ខ្ពស់មួយ ស្តីពីការប្រឆាំងនឹងការគំរាមកំហែងតាមអ៊ិនធឺណិតរបស់កូរ៉េខាងជើង។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា លោកស្រី Anne Neuberger ទីប្រឹក្សាសន្តិសុខជាតិរងរបស់សហរដ្ឋអាមេរិកសម្រាប់បច្ចេកវិទ្យាអ៊ិនធឺណិត និងបច្ចេកវិទ្យាដែលកំពុងរីកចម្រើន បានជួបពិភាក្សាជាមួយសមភាគីកូរ៉េខាងត្បូង និងជប៉ុន នៅក្នុងទីក្រុងវ៉ាស៊ីនតោនកាលពីសប្តាហ៍មុន ហើយភាគីទាំងបី បានយល់ព្រមរៀបចំកិច្ចប្រជុំប្រចាំត្រីមាសក្រោមក្របខ័ណ្ឌថ្មីនេះ។

ការិយាល័យបន្តថា ក្រុមប្រឹក្សាយោបល់ដែលនឹងបង្កើតឡើង «មានគោលបំណងពង្រឹងសមត្ថភាពឆ្លើយតបប្រកបដោយប្រសិទ្ធភាពរបស់ប្រទេសទាំងបី ប្រឆាំងនឹងការគំរាមកំហែងតាមអ៊ិនធឺណិតជាសកល រួមទាំងការរួមគ្នាប្រឆាំងនឹងសកម្មភាពអ៊ិនធឺណិតរបស់កូរ៉េខាងជើង ដើម្បីរំខានដល់ប្រភពចំណូលសំខាន់ ដែលផ្តល់មូលនិធិដល់កម្មវិធីនុយក្លេអ៊ែរ និងអាវុធប្រល័យលោករបស់ប្រទេសនេះ»។

ការប្រកាសនេះ ធ្វើឡើងបន្ទាប់ពីមេដឹកនាំនៃប្រទេសទាំងបី បានព្រមព្រៀងគ្នានៅក្នុងកិច្ចប្រជុំកំពូលមួយកាលពីខែសីហានៅមូលដ្ឋានទ័ព Camp David ថា ពួកគេនឹងបង្កើតក្រុមការងារត្រីភាគីថ្មីមួយ ដើម្បីគ្រប់គ្រងការគំរាមកំហែងតាមអ៊ិនធឺណិតរបស់កូរ៉េខាងជើង។

គួរបញ្ជាក់ថា អ្នកឃ្លាំមើលការដាក់ទណ្ឌកម្មបានចោទប្រកាន់ប្រទេសកូរ៉េខាងជើងថាបានប្រើប្រាស់ការវាយប្រហារតាមអ៊ិនធឺណិត ដើម្បីប្រមូលមូលនិធិសម្រាប់ប្រើប្រាស់ក្នុងកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន ហើយរបាយការណ៍របស់អង្គការសហប្រជាជាតិបាននិយាយថា កូរ៉េខាងជើងបានបង្កើនការលួចលុយគ្រីបតូរបស់ខ្លួន ដោយប្រើបច្ចេកទេសទំនើបៗ ក្នុងឆ្នាំ ២០២២ ច្រើនជាងឆ្នាំណាៗទាំងអស់។ ទោះយ៉ាងក៏ដោយ កូរ៉េខាងជើងបានបដិសេធការចោទប្រកាន់នេះ ក៏ដូចជាការចោទប្រកាន់ស្ដីពីការវាយប្រហារតាមអ៊ិនធឺណិតផ្សេងៗទៀត៕ ប្រែសម្រួល៖ ហួន ឌីណា

ads banner