អ្នកនាំពាក្យ៖ បណ្តេញជនជាតិជប៉ុនចំនួន២៥នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធអនឡាញចេញពីកម្ពុជា

ភ្នំពេញ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ធ្វើការបណ្តេញជនជាតិជប៉ុនសរុប ២៥នាក់ ភេទប្រុស ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) ចេញពីព្រះរាជាណាចក្រកម្ពុជា ស្របតាមច្បាប់ស្តីពីអន្តោប្រវេសន៍ និងប្រកាសរបស់ក្រសួងមហាផ្ទៃ។ នេះបើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ កែវ វណ្ណថន អគ្គនាយករង និងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍។

នាយឧត្តមសេនីយ៍ កែវ វណ្ណថន បានបញ្ជាក់ថា ជនជាតិជប៉ុនទាំង២៥នាក់ ត្រូវបានឃាត់ខ្លួនដោយអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ នៅអគារលេខ ៦៩ (D.B.Ly Tower) ផ្លូវលេខ១៥C សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ជាមួយគ្នានេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានថ្លែងអំណរគុណចំពោះស្ថានទូតជប៉ុនដែលបានផ្តល់ព័ត៌មានទាន់ពេលវេលា ឈានដល់ការបង្ក្រាបឃាត់ខ្លួនជនសង្ស័យដោយជោគជ័យ និងសូមអំពាវនាវបណ្តាស្ថានទូតបរទេស និងជនបរទេស បន្តផ្តល់ព័ត៌មានដល់សមត្ថកិច្ច ប្រសិនបើមានព័ត៌មានពាក់ព័ន្ធបទល្មើសនានា ដើម្បីមានវិធានការទាន់ពេលវេលា។

អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានលើកឡើងថា កន្លងមក ប្រទេសកម្ពុជាបានក្លាយជាប្រទេសរងគ្រោះ ដោយសារជនបរទេសតែងតែយកកម្ពុជា ជាទីតាំងប្រព្រឹត្តបទល្មើសដោយលួចលាក់ ធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់កម្ពុជាលើឆាកអន្តរជាតិ។ ជាមួយគ្នានេះ ក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់អង្គភាពពាក់ព័ន្ធ ជាពិសេសអគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការស្រាវជ្រាវបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទឱ្យមានប្រសិទ្ធភាព៕
ដោយ៖ពលជ័យ

ads banner