ទូក ងរ ប្រពៃណី ចំនួន៣២ចូលរួមប្រណាំងក្នុងពិធីអុំទូក ខេត្តកំពត ឆ្នាំ២០២៣

អត្ថបទដោយ៖
ជាវ ចន្ធូ

(ខេត្តកំពត)៖ រដ្ឋបាលខេត្តកំពតរៀបចំពិធីប្រណាំងទូក រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១១ ខែ វិច្ឆិកា នៅដងព្រែក ក្នុង ក្រុង កំពត ខេត្ត កំពត ដើម្បីចូលរួមអបអរសាទរនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និង អកអំបុក ក្នុងឆ្នាំ២០២៣។

ពិធីប្រណាំងនេះ មានទូក ងរ ប្រពៃណី ចំណុះ២២នាក់ ចូលរួមប្រណាំងចំនួន៣២ទូក មានកីឡាករ និងប្រតិភូចូលរួមសរុបចំនួន៨៦៤នាក់។នេះបើយោងតាមរបាយការណ៍ ដែលបង្ហាញដោយគណៈកម្មការរៀបចំការប្រណាំង ក្នុងចិច្ចប្រជុំបច្ចេកទេស និងចាប់ឆ្នោតបែងចែកគូ ដែលធ្វើឡើង នារសៀលថ្ងៃទី៩ វិច្ឆិកា នៅសាលប្រជុំសាលាខេត្តកំពត។ ក្រោម វត្តមាន ឯក ឧត្តម អ៊ឹង ឆាយ អភិបាលរង ខេត្ត កំពត តំណាង ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្ត កំពត។

ឯកឧត្តម ឧត្តម អ៊ឹង ឆាយ មានប្រសាសន៍លើកឡើងថា គោល បំណងដែលរដ្ឋបាល ខេត្តកំពត បង្កើតឲ្យមានពិធីប្រណាំង ទូកនេះឡើង ដើម្បីចូលរួមអរអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និង អកអំបុក ដែលជាបុណ្យ ប្រពៃណីជាតិ នឹងចូលមកដល់ នាចុងខែ វិច្ឆិកា ខាងមុខនេះ ។ ទន្ទឹមជាមួយគ្នានេះ ពិធីប្រណាំងនេះ ក៏ជាការផ្តល់ឱកាស ជូនបងប្អូន ប្រជាពលរដ្ឋខេត្ត កំពតបានមកជួបជុំសប្បាយរីករាយ ។ ពិសេស ផ្សព្វផ្សាយពីសក្តានុពលរបស់ខេត្ត កំពតទៅកាន់ភ្ញៀវទេសចារណ៍ ជាតិនិងអន្តរជាតិផងដែរ។

ជាមួយគ្នានោះដែរ ឯកឧត្តម ឧត្តម អ៊ឹង ឆាយ ក៏បានណែនាំ ដល់កីឡាករចំណុះទូកទាំងអស់គោរពនូវបទបញ្ជានៃការប្រកួតឲ្យបានខ្ជាប់ខ្ជួន និងត្រូវខិតខំប្រឹងប្រែងប្រកួតឲ្យអស់ពីសមត្ថភាព ដើម្បីបង្ហាញពីទេពកោសល្យរបស់ខ្លួនជូនទស្សនិកជន ញាំឲ្យពិធីប្រណាំងទូកទទួលបាននូវភាពសប្បាយរីករាយ។

សូមបញ្ជាក់ថា ការប្រណាំងរយៈពេល២ថ្ងៃ បានធ្វើឡើងតាមរូបមន្តប្រកួតជម្រុះ ដោយថ្ងៃទី១ ក្នុងចំណោម៣២ដែលបានចូលរួមជម្រុះចេញ១២ទូក នឹងយកតែទូកខ្លាំងចំនួន២០ទូក ទៅប្រកួតនៅថ្ងៃទី២ ដែលជាថ្ងៃបញ្ចប់ការប្រកួត ៕

រូបភាព អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner