ស្លាកសញ្ញាសម្គាល់ របស់ “ក្រសួងអធិការកិច្ច” ត្រូវបានប្តូរឡើងថ្មី នៅថ្ងៃបុណ្យឯករាជ្យជាតិ
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី០៩ ខែវិច្ឆកា ឆ្នាំ២០២៣ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីរាជការ បានអញ្ជើញចូលរួម បើកបង្ហាញនូវស្លាកសញ្ញាសម្គាល់ថ្មី ដែលត្រូវ ប្តូរឈ្មោះពី “ក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ” មកជា “ក្រសួងអធិការកិច្ច” វិញ។
សូមរំលឹកថា យោងតាមព្រះរាជក្រម ព្រះមហាក្សត្រ នៃព្រះរាជា ណាចក្រកម្ពុជា កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣កន្លងទៅ បានប្រកាសឱ្យប្រើច្បាប់ស្តីពី ការបង្កើត ក្រសួងអធិការកិច្ច ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នាសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ ហើយដែលព្រឹទ្ធ សភាបានពិនិត្យចប់សព្វគ្រប់ លើទម្រង់និងគតិច្បាប់នេះទាំងស្រុង កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ នាសម័យប្រជុំជាវិសាមញ្ញ នីតិកាលទី៤ ព្រមទាំងត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញ ប្រកាសថា ស្របនឹងរដ្ឋធម្មនុញ្ញ ក្នុងសេចក្តីសម្រេច លេខ ២២៥/០០៧/២០២៣ កបធ.ច ចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ហើយដែលមានសេចក្តីទាំងស្រុងច្បាប់ស្តីពីការបង្កើតក្រសួងអធិការកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ការអភិវឌ្ឍ-មូលធនមនុស្ស ការធ្វើពិពិធកម្មសេដ្ឋកិច្ច ការបង្កើនភាពប្រកួតប្រជែង ការអភិវឌ្ឍវិស័យឯកជន ដែលប្រកបដោយភាពធន់ ចីរភាព បរិយាប័ន្ន និងសង្គមឌីជីថលជាដើម ។

រូបសញ្ញារបស់ក្រសួងអធិការកិច្ច ត្រូវបានប្រើប្រាស់ដាក់នៅកន្លែង ធ្វើការ របស់ក្រសួងអធិការកិច្ចដាក់លើក្បាលលិខិត ឯកសារ និង ស្រោមសំបុត្រផ្លូវការរបស់ក្រសួងអធិការកិច្ចបំពាក់លើឯកសណ្ឋានមន្ត្រីរាជការក្របខ័ណ្ឌរបស់ក្រសួងអធិការកិច្ច។ ក្រសួងអធិការកិច្ចមាន ត្រាមួយប្រើសម្រាប់ប្រតិបត្តិការការងារ។
ត្រាមូលរបស់ក្រសួងអធិការកិច្ចមានខ័ណ្ឌពីរជាន់ រំលេចដោយ កួរស្រូវរាងស្នែងក្របី ព័ទ្ធជើងពាន ទ្ររដ្ឋធម្មនុញ្ញ និងទ្រព្រះខ័ន បញ្ឈរបញ្ចេញឆព្វណ្ណរង្សី ខាងក្រោមមានបូរំលេចឈ្មោះ ក្រសួង អធិការកិច្ច។ ផ្នែកខាងលើមានឆ្លាក់អក្សរ ព្រះរាជា ណាចក្រកម្ពុជា ស្របតាមវ័ណ្ឌ ផ្នែកខាងក្រោមមានឆ្លាក់អក្សរ ក្រសួងអធិការកិច្ច ស្របតាមវ័ណ្ឌ និងនៅចន្លោះពាក្យទាំងពីរ មានរូបផ្កាចន្ទន៍អម សងខាង ៕




ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ