ស្ពានខ្សែកាបតភ្ជាប់កោះនរា និងកោះពេជ្រសម្ពោធថ្ងៃទី១៥វិច្ឆិកា (Video Inside)

“ស្ពានខ្សែកាបតភ្ជាប់រវាងតំបន់អភិវឌ្ឍន៍កោះនរា និងតំបន់អភិវឌ្ឍន៍កោះពេជ្រ” ត្រូវបានដាក់សម្ពោធនារសៀលថ្ងៃទី១៥វិច្ឆិកានេះ ដោយមានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

“ស្ពានខ្សែកាបតភ្ជាប់រវាងតំបន់អភិវឌ្ឍន៍កោះនរា និងតំបន់អភិវឌ្ឍន៍កោះពេជ្រ” ស្ថិតក្នុងសង្កាត់និរោធ, ខណ្ឌច្បារអំពៅ ក្នុងរាជធានីភ្នំពេញនេះ ត្រូវបានប្រើប្រាស់រយៈពេល ៣៥ខែ ក្នុងការកសាង។ សម្តេចធិបតីបានលើកនូវសន្ទុះអភិវឌ្ឍន៍រាជធានី ក្នុងសម័យប្រទេសកំពុងមានសន្តិភាព។

ស្ពានបេតុងខ្សែកាបតភ្ជាប់កោះពេជ្រ និងកោះនរា មានប្រវែង ៨២៤ម៉ែត្រ និងទទឹង ២៤ម៉ែត្រកន្លះ ដែលមាន៤គន្លង គឺ២គន្លងសម្រាប់រថយន្ត, ១គន្លងសម្រាប់ម៉ូតូ និង១គន្លងទៀតសម្រាប់អ្នកថ្មើជើង។

ស្ពានថ្មីនេះ ត្រូវគេរំពឹងថានឹងរួមចំណែក ក្នុងការកាត់បន្ថយដល់ការកក ស្ទះចរាចរណ៍ និងបង្កលក្ខណៈងាយស្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅប៉ែកខាងកើត នៃរាជធានីភ្នំពេញ ដែលមានមនុស្សជាង២០ម៉ឺននាក់ រស់នៅក្នុងតំបន់ភូមិសាស្ត្រ ខណ្ឌច្បារអំពៅ និងស្រុកកៀនស្វាយ ព្រមទាំងកាត់បន្ថយការកកស្ទះចរាចរណ៍នៅលើស្ពានព្រះមុនីវង្សផងដែរ។ សម្តេចធិបតីបានថ្លែងថា ក្នុងតំបន់ដែលបានរៀបចំថ្មី ក្នុងខណ្ឌច្បារអំពៅនេះ នឹងមានគម្រោងសាងសង់អគារកំពស់ជាង៥០០ម៉ែត្រថែមទៀត។

សមិទ្ធផលដែលកម្ពុជាកំពុងកសាងនេះ ត្រូវគេចាត់ទុកថា គឺជាអាទិភាពគន្លឹះទី២ នៅក្នុងអាទិភាពគន្លឹះទាំង៥ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧។

ads banner