ព្រះមហាក្សត្រកោតសរសើរសម្តេចតេជោ ហ៊ុន សែន ដែលបានបំពេញការងារ ដើម្បីការពារ ជួសជុល និងគ្រប់គ្រងរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រទាំងអស់ ដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានបំពេញការងារអស់រយៈពេលជាង៣០ឆ្នាំ ដើម្បីការពារ ជួសជុល និងគ្រប់គ្រងរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រទាំងអស់ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ លើសពីនេះទៀត ព្រះអង្គសូមធានាចំពោះលោកជំទាវអគ្គនាយិកាអង្គការយូណេស្កូថា រាជរដ្ឋាភិបាលថ្មី ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នឹងធានាបន្តនិរន្តរភាពកម្មវិធីដែលបានអនុវត្តកន្លងមក។ ការកោតសរសើររបស់ព្រះមហាក្សត្រ នៅក្នុងខួបលើកទី៣០ នៃគណៈកម្មាធិការអន្ដរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ និងសំបូរព្រៃគុក ក្នុងឱកាសនៃសន្និសីទអន្តររដ្ឋាភិបាលលើកទី៤ ស្ដីពីអង្គរយូណេស្កូ ទីក្រុងប៉ារីស ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។
ព្រះមហាក្សត្រ បានមានព្រះរាជបន្ទូលថា យើងអាចប្រសិទ្ធនាមកិច្ចប្រជុំរបស់យើង “សាមសិបឆ្នាំ ឬ វ័យ នៃភាពចាស់ទុំយ៉ាងពេញលេញ”។ កាលពី៣២ឆ្នាំមុន ចាប់តាំងពីពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ ព្រះបិតា ព្រះករុណា ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈខ្ពង់ខ្ពស់បំផុត ទ្រង់បានអំពាវនាវឱ្យអង្គការយូណេស្កូ ចូលរួមអភិរក្សប្រាសាទអង្គរ។ បន្ទាប់ពីឡើងគ្រងរាជ្យជាលើកទី២ នៅឆ្នាំ១៩៩៣ ព្រះបិតារបស់ខ្ញុំ មានបំណងចង់ដាក់បញ្ចូលរមណីយដ្ឋានអង្គរទៅក្នុងបញ្ជីបេតិកភណ្ឌមនុស្សជាតិ។ ព្រះបិតារបស់ខ្ញុំ បានផ្ដល់ការគាំទ្រយ៉ាងពេញទំហឹងឥតងាករេដល់អង្គការយូណេស្កូ គណៈកម្មាធិការ CIC និងសាលាបារាំងចុងបូព៌ា រហូតដល់ទ្រង់សោយទិវង្គត។ បន្ទាប់មកកម្ពុជាបានស្នើសុំដាក់បញ្ចូលប្រាសាទព្រះវិហារ សំបូរព្រៃគុក និងកោះកេរក្នុងបញ្ជីបេតិកភណ្ឌមនុស្សជាតិបន្ទាប់ពីរមណីយដ្ឋានអង្គរ។ ក្នុងអំឡុងពេលនៃការប្រារព្ធខួបលើកទី៧៥ នៃអង្គការយូណេស្កូ យើងបានរំឭកជូនវេទិកានេះថា “ស្នាដៃសិល្បៈខ្មែរទាំងនេះ គឺជាឫសគល់របស់យើង ហើយការដឹងគុណរបស់យើងគឺពុំមានព្រំដែនឡើយ ចំពោះអង្គការយូណេស្កូដែលធ្វើសកម្មភាពនៅកម្ពុជា ជាមួយសមត្ថភាពរបស់ខ្លួនប្រកបដោយឧត្តមភាព”។

ជាមួយគ្នានេះ ព្រះអង្គ សូមសាទរចំពោះការងារដ៏អស្ចារ្យរបស់អាជ្ញាធរជាតិអប្សរា ដែលជាអាជ្ញាធរជាតិទទួលបន្ទុកអនុវត្តសេចក្តីសម្រេចរបស់គណៈកម្មាធិការ CIC អង្គរ-សំបូរព្រៃគុក។ ការគ្រប់គ្រងប្រាសាទប្រកបដោយប្រសិទ្ធភាព ការអភិវឌ្ឍទូទៅលើផ្ទៃដី ៤០,០០០ហិកតា នៃតំបន់ការពារប្រាសាទអង្គរ-សៀមរាប ការថែរក្សាបារាយណ៍ និងស្ទឹងសៀមរាប ការអភិវឌ្ឍទីក្រុង ការគ្រប់គ្រងទេសចរណ៍និងការបណ្ដុះបណ្តាលអាជីពជាច្រើននៅអង្គរ-សៀមរាប ស្ថិតក្រោមការទទួលខុសត្រូវរបស់អាជ្ញាធរជាតិអប្សរា។ ព្រះអង្គពិតជាចង់ឱ្យគ្រាប់ពូជ ដែលបានសាបព្រោះ បានកើតទៅជាសាលាបុរាណវិទ្យាខ្មែរ និងមុខវិជ្ជាពាក់ព័ន្ធនាពេលអនាគតដែលពោរពេញដោយជំនាញការស្រាវជ្រាវ និងការបោះពុម្ពផ្សាយកម្រិតខ្ពស់។
ព្រះមហាក្សត្រ នៅក្នុងប្រទេសកម្ពុជាដែលបច្ចុប្បន្នមានសន្តិភាព និងកំពុងក្លាយជារដ្ឋទំនើប អង្គការយូណេស្កូកំពុងអភិវឌ្ឍកម្មវិធីរបស់ខ្លួន ជាពិសេសទាក់ទងនឹងការអប់រំ និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ យុវជនកម្ពុជា ឆ្លើយតបដោយការស្រេកឃ្លានក្រេបជញ្ជក់នូវចំណេះដឹង និងភាពរីកចម្រើន។ វិស័យទេសចរណ៍ បរិស្ថាន ការបណ្ដុះបណ្តាលជំនាញជួសជុលប្រាសាទ ការបណ្តុះបណ្តាលវិជ្ជាជីវៈព័ត៌មាន និងបច្ចេកវិទ្យាថ្មីៗ ការការពារនិងគ្រប់គ្រងបឹងទន្លេសាប ដែលអង្គការយូណេស្កូចាត់ជាតំបន់ជីវមណ្ឌលបម្រុងដំបូងគេនៅកម្ពុជា គឺជាវិស័យការងាររបស់អង្គការយូណេស្កូ បន្ថែមទៅលើកម្មវិធីប្រពៃណីផ្សេងទៀតរបស់អង្គការ។ ប្រទេសកម្ពុជា ចង់មានស្តង់ដារប្រកបដោយមហិច្ឆតា ប៉ុន្តែអាចសម្រេចបាននៅក្នុងការបណ្តុះបណ្តាលធនធានមនុស្ស។ ក្នុងស្មារតីនេះ ការបង្កើតមជ្ឈមណ្ឌលឯកសារចីរភាពដ៏ធំមួយ នឹងក្លាយជាសម្បត្តិដ៏មានតម្លៃ ហើយយើងនឹងខិតខំប្រឹងប្រែងសម្រេចកិច្ចការនេះ។ មជ្ឈមណ្ឌលឯកសារនេះនឹងក្លាយជាការចងចាំនៃអង្គរ។ តាំងពីដើមមក អង្គការយូណេស្កូបានកំណត់អាទិភាពរបស់ខ្លួនលើវិស័យអប់រំ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មីនៃកម្ពុជា បានបង្ហាញពីឆន្ទៈយ៉ាងមោះមុតរបស់សម្ដេច ក្នុងការផ្តល់អាទិភាពលើវិស័យអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុងផែនការសកម្មភាពរបស់រាជរដ្ឋាភិបាល។ បញ្ហាប្រឈមមានច្រើន ដូចជាក្តីសង្ឃឹមរបស់យុវជនយើង។ នៅក្នុងពិភពលោកដែលមានភាពប្រទាក់ក្រឡាគ្នា ការបណ្តុះបណ្តាលមានការវិវត្ត ហើយការបង្រៀនក៏ត្រូវការកិច្ចអភិវឌ្ឍថ្មីដែរ។
ព្រះអង្គពិតជាជឿជាក់ថា ការប្ដេជ្ញាចិត្តរបស់ប្រមុខរាជរដ្ឋាភិបាល នឹងទទួលបានការគាំទ្រ ហើយព្រះអង្គសូមអំពាវនាវដល់អង្គការយូណេស្កូ ឱ្យចូលរួមចំណែកក្នុងការបង្កើតកម្មវិធីបណ្ដុះបណ្តាលថ្មីៗ។ នៅប្រទេសកម្ពុជា អង្គការយូណេស្កូនឹងទទួលបាននាពេលបច្ចុប្បន្ននេះ ក៏ដូចជានាពេលអនាគតនូវការប្តេជ្ញាចិត្តផ្តល់កិច្ចសហប្រតិបត្តិការមិនងាករពីសំណាក់យុវជន និងអាជ្ញាធរ រដ្ឋាភិបាល និងស្ថាប័នរបស់កម្ពុជា៕
ដោយ៖ពលជ័យ
រូបភាព៖ Royal du Cambodge








