សម្តេចប្រធានរដ្ឋសភា អនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមហ៊ុន ហុងឌីសេង Hong De Sheng Steel (Cambodia) Co.LTD ចូលជួបសម្តែងការគួរសម
ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអនុញ្ញាតឱ្យ លោក លីន សេងរ៉ុង (LIN XIANGRONG) ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ហុង ឌី សេង HONG DE SHENG STEEL ( CAMBODIA) Co.LTD និងសហការី ចូលជួបសម្ដែងការគួរសម នៅភូមិគ្រឹះរបស់សម្តេច ស្ថិតក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០។
លោកប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន បានជម្រាបជូន សម្តេចប្រធានរដ្ឋសភា ថា ក្រុមហ៊ុនហុង ឌី សេង HONG DE SHENG STEEL (CAMBODIA) Co.LTD បានមកវិនិយោគនៅក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ២០១៩ មក។ លោក លីន សេងរ៉ុង បានលើកឡើងថា ដោយសារតែកម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍ បានបង្កលក្ខណៈ អំណោយផលដល់ការវិនិយោគរបស់វិស័យឯកជន នៅក្នុងនោះ មានក្រុមហ៊ុនលោកមួយដែរ។ ជាការចូលរួមចំណែក ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩នៅកម្ពុជា ក្រុមហ៊ុនហុង ឌី សេង HONG DE SHENG STEEL (CAMBODIA) Co.LTD បានប្រគល់ជូន សម្តេចប្រធានរដ្ឋសភា នូវម៉ាស ចំនួន២០ម៉ឺន សម្រាប់ចែកជូនប្រជាពលរដ្ឋ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានស្វាគមន៍ចំពោះការវិនិយោគរបស់ក្រុមហ៊ុន ហុង ឌី សេង HONG DE SHENG STEEL (CAMBODIA) Co.LTD នៅកម្ពុជា។ សម្តេចបានលើកឡើងថា កម្ពុជាបានបើកចំហ និងលើកទឹកចិត្តដល់ការវិនិយោគពីបរទេស ដើម្បីជាការចូលរួមចំណែកលើកកម្ពស់សេដ្ឋកិច្ច អភិវឌ្ឍន៍ប្រទេសជាតិ ពិសេសការផ្តល់ការងារដល់ប្រជាពលរដ្ឋធ្វើការរស់នៅក្នុងជីវភាពសមរម្យ ប្រទេសជាតិមានសុខសន្តិភាព។
សម្តេចបានថ្លែងអំណរគុណដល់ក្រុមហ៊ុនបានផ្តល់ម៉ាសជូនសម្តេច សម្រាប់ចែកជូនពលរដ្ឋប្រើប្រាស់នៅក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។ សម្តេចបានបញ្ជាក់ថា អំណោយនាពេលនេះ បានឆ្លុះបង្ហាញពីស្មារតីសាមគ្គីភាព និងវប្បធម៌ជួយគ្នាទៅវិញទៅមកក្នុងគ្រាមានអាសន្ន និងចាំបាច់៕