រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ប្រព័ន្ធផ្សព្វផ្សាយ គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការផ្សព្វផ្សាយព័ត៌មាន
ភ្នំពេញ៖ ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយ គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការផ្សព្វផ្សាយព័ត៌មាន និងបង្កើតរូបភាព ដើម្បីជះឥទិ្ធពលដល់មតិសាធារណៈប្រកបដោយប្រសិទ្ធភាព។ កិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយកម្ពុជា-ចិន មានលទ្ធផលល្អនិងមូលដ្ឋានទូលំទូលាយ ដើម្បីចូលរួមចំណែកជាជំរុញការកសាងសហគមន៍ជោគវាសនារួមកម្ពុជាចិន។ ថ្មីៗនេះ ខ្សែភាពយន្តឯកសារ ស្នាមញញឹមកម្ពុជា ដែលសហការផលិតដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈឹមចិន និងអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា បានចាក់ផ្សាយជាផ្លូវការ ដោយបានបង្ហាញពីសមិទ្ធផលផ្លែផ្កាដែលកើតចេញពីគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ។ ការបញ្ជាក់នេះ នៅក្នុងវេទិកាជាន់ខ្ពស់នៃប្រព័ន្ធផ្សព្វផ្សាយកម្ពុជា-ចិន និងវេទិកាផ្លាស់ប្ដូរវប្បធម៌កម្ពុជា-ចិន លើកទី៣ ដែលសហការរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងស្ថានទូតចិនប្រចាំនៅកម្ពុជា នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣។
ឯកឧត្ដមរដ្ឋមន្ត្រី បានលើកឡើងថា ត្រូវបន្តការលើកកម្ពស់ការអនុវត្តជាយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយ ជំរុញការផ្លាស់ប្តូរវប្បធម៌និងការបណ្តុះបណ្តាលធនធានមនុស្ស។ ចំណែកឯកឧត្ដម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាបានថ្លែងថា ឆ្នាំ២០២៤ ដែលជាឆ្នាំនៃការផ្លាស់ប្ដូរប្រជាជននិងប្រជាជន រវាងកម្ពុជានិងចិន បានត្រៀមខិតចូលមកដល់ហើយ។ ការរៀបចំវេទិកាជាន់ខ្ពស់នៃប្រព័ន្ធផ្សព្វផ្សាយកម្ពុជា-ចិន និងវេទិកាផ្លាស់ប្ដូរវប្បធម៌កម្ពុជា-ចិន លើកទី៣ គឺចំពេលល្អណាស់។ ការរអភិវឌ្ឍទំនាក់ទំនងប្រទេសនិងប្រទេស ត្រូវពឹងផ្អែកលើការយល់ចិត្តយល់គំនិតគ្នារបស់ប្រជាជន។ ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ គឺជាធាតុផ្សំសំខាន់នៃការផ្លាស់ប្ដូរប្រជាជននិងប្រជាជន រវាងកម្ពុជានិងចិន។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយប្រទេសទាំងពីរមានញឹកញាប់ ទទួលបានលទ្ធផលលេចធ្លោ និងបានក្លាយជាអ្នកចូលរួមដ៏សំខាន់ និងអ្នកជំរុញដ៏វិជ្ជមាននូវកិច្ចសហប្រតិបត្តិការផ្ដល់ប្រយោជន៍ឱ្យគ្នាលើគ្រប់វិស័យទាំងអស់រវាងកម្ពុជានិងចិន។ ឆ្លៀតឱកាសនៃវេទិកាលើកនេះ បន្តលើកកម្ពស់កម្រិតកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយកម្ពុជាចិន ធ្វើឱ្យស៊ីជម្រៅនូវអត្ថន័យនៃការផ្លាស់ប្ដូរប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ ឆ្ពោះទៅអនាគត ប្រកៀកស្មាគ្នាបង្កើតសហគមន៍ប្រព័ន្ធផ្សព្វផ្សាយកម្ពុជាចិន ដើម្បីចូលរួមជាកម្លាំងថ្មី និងកាន់តែច្រើនបន្ថែមទៀត ក្នុងការកសាងសហគមន៍ជោគវាសនារួមកម្ពុជាចិនក្នុងយុគសម័យថ្មី។
រីឯឯកឧត្ដម Hu Jinjun អគ្គនាយករងនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានមានប្រសាសន៍ថា នៅក្នុងវេទិកាកំពូល”ខ្សែក្រវាត់និងផ្លូវ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិលើកទី៣ លោក ស៊ី ជីនភីង ប្រធានរដ្ឋចិន បានគ្រោងផែនទីបង្ហាញផ្លូវសម្រាប់”ការប្រកៀកស្មាគ្នាឆ្ពោះទៅទសវត្សមាសខាងមុខ” និងបាននាំមកនូវបេសកកម្មថ្មី ចក្ខុវិស័យថ្មី កាលានុវត្តភាពថ្មី សម្រាប់ការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយក្នុងយុគសម័យថ្មី។ ឯកឧត្ដមបានបន្តថា ប្រជាជននៃប្រទេសទាំងពីរកម្ពុជាចិនមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ រួមជោគវាសនាជាមួយគ្នា ស្វែងរកជីវិតស្រស់បំព្រង ការសម្រេចបាននូវទំនើបកម្មគឺជាគោលដៅតស៊ូរួមនៃប្រជាជននៃប្រទេសទាំងពីរ។ នៅលើមាគ៌ាស្វែងរកទំនើបកម្ម ប្រព័ន្ធផ្សព្វផ្សាយទទួលបន្ទុកបេសកកម្មដ៏ពិសេសនិងសំខាន់។ ឯកឧត្ដមក៏បានលើកឡើងផងដែរថា ពួកយើងមានឆន្ទ:សហការជាមួយប្រព័ន្ធផ្សព្វផ្សាយកម្ពុជា កត់ត្រាយ៉ាងរស់រវើកអំពីការអនុវត្តកិច្ចសហប្រតិបត្តិការ”ត្បូងពេជ្រ” រវាងកម្ពុជានិងចិន និងរួមគ្នាកសាង”ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម” និង “ច្រករបៀងត្រីនិងស្រូវ” ជំរុញការផ្លាស់ប្ដូរវប្បធម៌លើវិស័យជាច្រើននៃប្រទេសទាំងពីរ ដើម្បីផ្ដល់ផលប្រយោជន៍កាន់តែល្អប្រសើរដល់ប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងជួយជំរុញការកសាងសហគមន៍ជោគវាសនារួមកម្ពុជាចិន៕
ដោយ៖ពលជ័យ
រូបភាព៖ឆាណែលតេលេក្រាមឯកឧត្តម នេត្រ ភក្ត្រា