ក្រសួងព័ត៌មាន ធ្វើបច្ចុប្បន្នភាពការគ្រប់គ្រងអាជីវកម្មវិស័យព័ត៌មាន ដើម្បីពង្រឹងគុណភាព និងក្រមសីលធម៌
ភ្នំពេញ៖ ដើម្បីគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយឱ្យមានសណ្តាប់ធ្នាប់ និងពង្រឹងគុណភាពព័ត៌មាន ក្រសួងព័ត៌មាន បាននិងកំពុងធ្វើបច្ចុប្បន្នភាពការគ្រប់គ្រង និងការធ្វើអាជីវកម្មលើវិស័យព័ត៌មាននិងសោតទស្សន៍ និងបានតម្រូវឱ្យអង្គភាពដែលធ្វើអាជីវកម្មដោយគ្មានច្បាប់អនុញ្ញាត ត្រូវមកសុំអាជ្ញាបណ្ណប្រកបអាជីវកម្ម។
បើតាមសេចក្តីជូនដំណឹងក្រសួងព័ត៌មាន ដែលបានជម្រាបជូនដល់ម្ចាស់អង្គភាពអាជីវកម្មលើវិស័យព័ត៌មាន និងសោតទស្សន៍ ចុះថ្ងៃទី១៦ខែវិច្ឆិកានេះមានខ្លឹមសារថា កន្លងមកអង្គភាពប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានអនុវត្តត្រឹមត្រូវតាមក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងបានចុះបញ្ជីធ្វើអាជីវកម្មតាមបទប្បញ្ញត្តិច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ ដោយឡែក ម្ចាស់អង្គភាពអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបាននិង កំពុងធ្វើអាជីវកម្មដោយមិនមានអាជ្ញាបណ្ណប្រកបអាជីវកម្មពីក្រសួងព័ត៌មាន ហើយបាននិងកំពុងប្រព្រឹត្តនូវទង្វើដែលបំពានក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន បង្កឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម កិត្យានុភាព និងសេចក្តីថ្លៃថ្នូររបស់អ្នកសារព័ត៌មានទូទៅ ព្រមទាំងធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់ស្ថាប័នព័ត៌មាន។
ប្រភពដដែលបន្តថា ដើម្បីគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយឱ្យមាន សណ្តាប់ធ្នាប់និងពង្រឹងគុណភាពព័ត៌មាន និងដើម្បីធានាបាននូវសន្តិសុខព័ត៌មានជូនប្រជាពលរដ្ឋ និងកិត្យានុភាពស្ថាប័នព័ត៌មានកម្ពុជា ក្រសួងព័ត៌មាន ធ្វើណែនាំនូវមួយចំនួន។ ក្នុងនោះរួមមាន៖ ១. ចំពោះអង្គភាពអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយ ដែលកំពុងធ្វើអាជីវកម្មដោយគ្មានច្បាប់អនុញ្ញាត ដូចជា កាសែត ព្រឹត្តិបត្រ ទស្សនាវដ្តី គេហទំព័រ និងប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញ ត្រូវមកសុំអាជ្ញាបណ្ណ ប្រកបអាជីវកម្មពីក្រសួងព័ត៌មាន ដោយទុករយៈពេល ៣ ខែគិតចាប់ពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ រហូត ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ជាកំហិត។
ផុតរយៈពេលនេះ អង្គភាពប្រព័ន្ធផ្សព្វផ្សាយណាដែលនៅតែបន្តធ្វើអាជីវកម្មផ្សព្វផ្សាយដោយគ្មានអាជ្ញាបណ្ណពីក្រសួងព័ត៌មាន នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។
២. សមាគមអ្នកសារព័ត៌មានម្ចាស់អង្គភាពប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មានទាំងអស់ ត្រូវអនុវត្តតាមច្បាប់ស្តីពីរបបសារព័ត៌មាន និងក្រមសីលធម៌វិជ្ជាជីវៈឱ្យបានខ្ជាប់ខ្ជួន។ ករណីម្ចាស់អង្គភាព ប្រព័ន្ធផ្សព្វផ្សាយ ឬអ្នកសារព័ត៌មានណាដែលនៅតែបំពានក្រមសីលធម៌វិជ្ជាជីវៈ និងធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម កិត្យានុភាព និងសណ្តាប់ធ្នាប់ស្ថាប័នព័ត៌មាន ក្រសួងព័ត៌មាននឹងដកហូតអាជ្ញាបណ្ណ បញ្ឈប់ការធ្វើអាជីវកម្មជាស្ថាពរ និងចាត់វិធានការតាមនីតិវិធីច្បាប់។
៣. សមាគមអ្នកសារព័ត៌មាន ម្ចាស់អង្គភាពអាជីវកម្មលើវិស័យព័ត៌មាននិងសោតទស្សន៍ដែលទទួលបានការអនុញ្ញាតឱ្យធ្វើអាជីវកម្មពីក្រសួងព័ត៌មានដូចជា កាសែត ព្រឹត្តិបត្រ ទស្សនាវដ្តី គេហទំព័រ ប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញ វិទ្យុ ទូរទស្សន៍គ្រប់ប្រភេទ ដូចជា ស្ថានីយទូរទស្សន៍ ទូរទស្សន៍ផ្កាយរណប (DTH) ទូរទស្សន៍ប្រភេទ OTT និង IPTV ជាដើម និងអង្គភាពអាជីវកម្មលើវិស័យព័ត៌មាននិងសោតទស្សន៍ ដទៃទៀត ដែលបានទទួលអាជ្ញាបណ្ណពីក្រសួងព័ត៌មានរួចហើយ ត្រូវធ្វើរបាយការណ៍អំពីស្ថានភាពអាជីវកម្មរបស់ខ្លួន ដែលកំពុងដំណើរការ ឬមិនដំណើរការ និងចំនួនបុគ្គលិក កម្មករយោជិតនៅតាមអង្គភាពនីមួយៗ ឱ្យបានច្បាស់លាស់ រួចផ្ញើមកអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ជាកំហិត។ ក្រសួងព័ត៌មាននឹងចាត់មន្ត្រីជំនាញចុះធ្វើការពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យបច្ចុប្បន្នភាពជាក់ស្តែង ដែលម្ចាស់អង្គភាពអាជីវកម្មនីមួយៗបានផ្ញើមកក្រសួងព័ត៌មាន។
សេចក្តីជូនដំណឹងសង្កត់ធ្ងន់ថា ក្រសួងព័ត៌មាននឹងលុបអាជ្ញាបណ្ណអាជីវកម្មលើវិស័យព័ត៌មាននិងសោតទស្សន៍ ដោយស្វ័យប្រវត្តិប្រសិនបើម្ចាស់អាជ្ញាបណ្ណមិនដំណើរការ ឬឈប់ធ្វើអាជីវកម្មតាមលក្ខខណ្ឌមួយចំនួន។
រាល់ការផ្តល់បណ្ណសម្គាល់អ្នកសារពត៌មានត្រូវចេញដោយក្រសួងព័ត៌មាន និងមិនអនុញ្ញាតឱ្យប្រើប្រាស់បណ្ណដែលចេញដោយអង្គភាពសារព័ត៌មានទៀតឡើយ។ ក្រសួងតម្រូវឱ្យអ្នកសារព័ត៌មានទាំងអស់ ត្រូវស្នើសុំប្តូរបណ្ណសម្គាល់ថ្មី។ សម្រាប់នីតិវិធីក្នុងការផ្ដល់បណ្ណសម្គាល់អ្នកសារព័ត៌មាន ក្រសួងនឹងរៀបចំចេញបណ្ណតាមប្រព័ន្ធអនឡាញដោយភ្ជាប់មកជាមួយ QR Code បង្ហាញទិន្នន័យអត្តសញ្ញាណបុគ្គលជាអ្នកសារព័ត៌មាន ដែលអាចស្កេនបានតាមរយៈថ្នាល់ផ្ទៀងផ្ទាត់ឯកសារ ដើម្បីចៀសវាងការក្លែងបន្លំបណ្ណសម្គាល់អ្នកសារព័ត៌មាន និងអាចគ្រប់គ្រងទិន្នន័យអ្នកសារព័ត៌មានបានច្បាស់លាស់៕ ដោយ៖ សុខ រក្សា


