ពន្ធដារ រំឭកជាថ្មី ដល់ម្ចាស់យានយន្តរួសរាន់ទៅបង់ពន្ធឱ្យទាន់ពេល យ៉ាងយូរត្រឹមថ្ងៃទី៣០ ខែវិច្ឆិកានេះ
ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ បានបន្តធ្វើការរំឭកជាថ្មីទៀត ដល់ម្ចាស់យានយន្តនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តទាំងអស់ ឱ្យរួសរាន់ទៅបង់ពន្ធមធ្យោបាយដឹកជញ្ជូនឱ្យបានទាន់ពេលវេលាយ៉ាងយូរត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ជាកំហិត។
យោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារស្តីពីការរំឭកលើកទី២ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនសម្រាប់ឆ្នាំ២០២៣នេះចុះថ្ងៃទី១៦ ខែវិច្ឆិកាបានឱ្យដឹងថា ដោយអនុលោមតាមប្រកាសឆ្នាំ២០១៨ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះ គ្រប់ប្រភេទប្រចាំឆ្នាំ និងសេចក្តីណែនាំ ឆ្នាំ២០១៩ ការប្រមូលពន្ធនេះនឹង ត្រូវបិទបញ្ចប់ជាស្ថាពរនៅថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០២៣ខាងមុខ។
ប្រភពដដែលបន្តថា ពន្ធដារសង្កេតឃើញថារហូតមកទល់ពេលនេះ មានម្ចាស់យានយន្តភាគច្រើនបានប្រកាសបង់ពន្ធរួចរាល់ ខណៈដែលម្ចាស់យានយន្តមួយចំនួនទៀតនៅមិនទាន់បានបង់ពន្ធប្រភេទនេះនៅឡើយ។
ក្នុងន័យនេះ ៖«ពន្ធដារ បានក្រើនរំឭកដល់ម្ចាស់យានយន្តទាំងអស់ដែលមិនទាន់បានបំពេញកាតព្វកិច្ចបង់ពន្ធមេត្តារួសរាន់អញ្ជើញមកដាក់លិខិតប្រកាសបង់ពន្ធឱ្យបានទាន់ពេលវេលាត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយភ្ជាប់មកជាមួយនូវអត្តសញ្ញាណបណ្ណ បណ្ណសម្គាល់យានយន្ត និងវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ដែលចេញដោយក្រសួងសាធារណការនិងដឹកជញ្ជូននៅសាខាពន្ធដារខេត្ត-ខណ្ឌ ឬនៅធនាគារដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ»។
ចំពោះការបង់ពន្ធនេះដែរ ម្ចាស់យានយន្តអាចបង់តាមរយៈកម្មវិធី «GDT Taxpayer App» ដែលអាចទាញយកចេញពី App Store ចំពោះ iOS ឬ Play Store ចំពោះ Android សម្រាប់យានយន្តដែលធ្លាប់បានប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនកន្លងមក»។
ដោយឡែក យានយន្តដែលជាកម្មសិទ្ធិរបស់ស្ថានទូត ឬស្ថានកុងស៊ុលបរទេស អង្គការអន្តរជាតិ ឬទីភ្នាក់ងារ សហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលនានា ត្រូវស្នើសុំមកអគ្គនាយកដ្ឋានពន្ធដារ ដើម្បីទទួលបាននូវលតាបត្របង់ ពន្ធ(ពន្ធជាបន្ទុករបស់រដ្ឋ)។
ពន្ធដារបញ្ជាក់ថា៖« ចំពោះយានយន្តរបស់ក្រសួង-ស្ថាប័ន ឬអង្គភាពដែលត្រូវទទួលបានលតាបតពន្ធលើ មធ្យោបាយដឹកជញ្ជូន(ពន្ធជាបន្ទុករបស់រដ្ឋ ឬបង់តាមអាណត្តិបើកប្រាក់) ត្រូវភ្ជាប់មកជាមួយនូវបញ្ជីសារពើភណ្ឌ យានយន្តទ្រព្យសម្បត្តិរដ្ឋ (តារាងកើនឡើង និងថយចុះទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ) ដែលបានចុះបញ្ជីនៅអគ្គនាយកដ្ឋាន ទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធនៃក្រសួងសេដ្ឋកិច្ច»។
ក្នុងករណីខកខានមិនបានបង់ពន្ធទាន់ពេលវេលាកំណត់ខាងលើ ម្ចាស់យានយន្តនឹងត្រូវទទួលរងនូវពន្ធបន្ថែម ចំពោះការយឺតយ៉ាវ តាមច្បាប់ស្តីពីសារពើពន្ធជាធរមាន។ជាងនេះទៀត អង្គភាពពន្ធដារ នឹងសហការជាមួយអាជ្ញាធរមាន សមត្ថកិច្ច ជាពិសេសនគរបាលចរាចរណ៍ និងកងរាជអាវុធហត្ថ ដើម្បីចុះត្រួតពិនិត្យការអនុវត្តប្រមូលពន្ធនេះនៅតាមដងផ្លូវនានាបន្ទាប់ពីបិទបញ្ចប់ការប្រមូលពន្ធនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។
សូមបញ្ជាក់ថា របាយការណ៍របស់អគ្គនាយកដ្ឋានពន្ធដារ ដែលចេញផ្សាយកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ បានបង្ហាញថា គិតត្រឹមថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ មានយានយន្តចំនួន ១៥ ៥១៥ គ្រឿងបានបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៣ តាមកម្មវិធី GDT Taxpayer App ដែលចំនួននេះមានការកើនឡើងលើសឆ្នាំ២០២២ ដល់ទៅ ៧៥%។ ការកើនឡើងនៃចំនួនអ្នកបង់ពន្ធ តាមកម្មវិធី GDT Taxpayer App នេះ បានបញ្ជាក់ឱ្យឃើញពីប្រសិទ្ធភាពនៃការផ្តល់សេវាតាមប្រព័ន្ធអេឡិចត្រូនិករបស់អគ្គនាយកដ្ឋាន ពន្ធដារ និងភាពងាយស្រួលក្នុងការប្រើប្រាស់កម្មវិធី ដែលអាចកាត់បន្ថយការរអ៊ូរទាំលើការចំណាយពេលវេលារង់ចាំយូរ ធ្វើដំណើរឆ្ងាយជាដើម ក្នុងការបង់ពន្ធ៕ ដោយ៖ បូរ ពេជ្រហ្សាលីន

