ព្រះមហាក្សត្រស្តេចយាងមាតុភូមិនិវត្តន៍ពីសាធារណរដ្ឋបារាំងវិញហើយ

ភ្នំពេញ៖ នៅម៉ោងជាង៧យប់ ថ្ងៃអាទិត្យ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣​ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងមាតុភូមិនិវត្តន៍ពីសាធារណរដ្ឋបារាំង បន្ទាប់ពីព្រះអង្គសព្វព្រះរាជហឫទ័យយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋបារាំង ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣។

តបតាមការសូមយាងរបស់ឯកឧត្តម Emmanuel MACRON ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានសព្វព្រះរាជហឫទ័យយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋបារាំង ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣។

ព្រះរាជទស្សនកិច្ចជាប្រវត្តិសាស្ត្រនេះ ធ្វើឡើងក្នុងស្មារតីនៃទំនាក់ទំនងមិត្តភាពដ៏យូរអង្វែងរវាងកម្ពុជា និងបារាំង ស្របពេលដែលព្រះរាជាណាចក្រកម្ពុជា ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧០ នៃពិធីបុណ្យឯករាជ្យជាតិ។

ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី មានព្រះរាជសវនាការ ជាមួយឯកឧត្តម Emmanuel MACRON នៅវិមានប្រធានាធិបតី Palais de l’Élysée នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។ ព្រះករុណា ព្រះមហាក្សត្រ ក៏យាងចូលរួមសន្និសីទអន្តររដ្ឋាភិបាលលើកទី៤ ស្តីពីការ អភិរក្សរមណីយដ្ឋានប្រវត្តិសាស្ត្រតំបន់អង្គរ ដែលនឹងរៀបចំឡើងក្នុងឱកាសសម័យប្រជុំលើកទី៤២ ន សន្និសីទអង្គការយូណេស្កូ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

ព្រះករុណា ព្រះមហាក្សត្រ ក៏ប្រទានព្រះរាជសវនាការជូន លោកជំទាវ Audrey AZOULAY អគ្គនាយិកានៃអង្គការយូណេស្កូ ដែលនេះបង្ហាញអំពីការទទួលស្គាល់របស់កម្ពុជាអំពីការចូល រួមចំណែករបស់អង្គការនេះ ក្នុងកិច្ចការពារ និងអភិរក្សបេតិកភណ្ឌវប្បធម៌ខ្មែរ.

ក្នុងព្រះរាជដំណើរយាងទៅទីក្រុងប៉ារីសនេះផងដែរ ព្រះអង្គយាងទៅប្រាសាទ Fontainebleau ស្ថិតនៅទីក្រុង Fontainebleau ដែលមានសម្ព័ន្ធមេត្រីភាពជាមួយទីក្រុងសៀមរាប។ ជាមួយគ្នានេះព្រះអង្គក៏យាងទតបណ្ណាសាររបស់ ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ “ព្រះបរមរតន កោដ្ឋ» ផងដែរ៕
ដោយ៖ពលជ័យ
រូបភាព៖ Freshnews

ads banner