សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កុំគិតតែប្រកួតប្រជែងផ្ទៃក្នុង ដោយយើងត្រូវសហការរួមគ្នា គិតគូរពីការប្រកួតប្រជែងជាមួយប្រទេសជិតខាង លើវិស័យស្រូវ អង្ករ

(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នូវកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នាព្រឹកថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា កុំគិតតែប្រកួតប្រជែងផ្ទៃក្នុង ដោយយើងត្រូវសហការរួមគ្នាគិតគូរពីការប្រកួតប្រជែងជាមួយប្រទេសជិតខាង លើវិស័យស្រូវអង្ករ ព្រោះប្រទេសយើង គឺជាប្រទេសនាំចេញកសិកម្ម ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖ ប្រទេសយើងតូច ហើយប្រសិនជាយើងប្រកួតគ្នាទៀត គឺវាមិនឈ្នះទេ ខ្ញុំសូមឲ្យគិតគូរវិស័យនេះ នៅក្នុងក្របខណ្ឌមើលព្រៃទាំងមូល កុំមើលឈើយដើមៗ ហើយកិច្ចការងារនេះ ដូចរដ្ឋមន្រ្តីកសិកម្មបានលើកឡើងថា សេដ្ឋកិច្ចមាត្រដ្ឋាន ប្រទេសយើងជាប្រទេសនាំចេញកសិកម្ម ប៉ុន្តែកុំភ្លេចថា នៅក្នុងអាស៊ាន១០ យើងមិនបាច់និយាយទៅដល់អាមេរិកឡាទីនទេ យើងក៏ប្រកួតប្រជែងរួចហើយ ជាពិសេសការប្រកួតប្រជែងជាមួយនឹងអ្នកនាំចេញផលិតកម្មធំនៃប្រទេសជិតខាង ។ តើឱ្យសួរថាឲ្យគិតពីក្រប ខណ្ឌរួមនៃវិស័យទាំងមូល ហើយយកលេខ១ នៅក្នុងក្រុមចំណាត់ថ្នាក់លេខ១០ ឬយកលេខ១០ នៅក្នុងក្រុមចំណាត់ថ្នាក់លេខ១ ។

សម្តេចធិបតី បន្តថា៖ ត្រូវសួរខ្លួនឯងអញ្ចឹងតើយើងចង់ឱ្យវិស័យកសិកម្មយើងមានការប្រកួតប្រជែងកម្រិតខ្ពស់ ហើយយើងជាអ្នកសមាជិកក្នុងហ្នឹង យើងមិនចាំបាច់ដល់ខ្ពស់នោះទេ ប្រសិនជាយើងនាំចេញហើយជោគជ័យក្នុងវិស័យកសិកម្មហើយកសិកម្មយើងខ្ពស់នៅក្នុងប្រទេសរបស់យើងគឺក៏យើងបានផលដែរ។ ប៉ុន្តែបើសិនជាយើងបានលេខ ១មែន ប៉ុន្តែវិស័យកសិកម្មយើងមិនរឹងមាំ ហើយយើងប្រកួតប្រជែងមិនឈ្នះគេ ។ អ៊ីចឹងខ្ញុំគិតថា ផលលាភក៏មិនសូវបានច្រើនដែរ ។ អ៊ីចឹងការគិតគូរនេះខ្ញុំថា គួរគិតអំពីយើងសុខចិត្តលេខ១០ នៅក្នុងក្រុមដែលមានចំណាត់ថ្នាក់លេខមួយទៅចុះ។ បានន័យថាម៉េច គឺការគិតអំពីផលប្រយោជន៍រួមនៃវិស័យទាំងមូលរបស់កម្ពុជា ជៀសជាងការគិតគូរអំពីផលប្រយោជន៍របស់ ក្រុមហ៊ុនមួយ” ។

សម្តេចនាយករដ្ឋមន្ត្រី បានបន្ថែមថា វិស័យស្រូវអង្ករ ត្រូវប្រកួតប្រជែង យើងត្រូវរួមគ្នាគិតគូរពីការប្រកួតប្រជែងផ្ទៃក្នុង ប៉ុន្តែកុំឲ្យការប្រកួតប្រជែងផ្ទៃក្នុងរហូតធ្វើឲ្យបាត់ការប្រកួតប្រជែងជាមួយប្រទេសជិត ខាងដូច្នេះវាទាមទារឲ្យយើងធ្វើការសហការ ។

សូមជម្រាបថា យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់សហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឲ្យដឹងថា រយៈពេល ១០ខែ ក្នុងឆ្នាំ២០២៣ កម្ពុជា បាននាំចេញអង្ករ ជិត ៥៣ម៉ឺនតោន ដែលគិតជាទឹកប្រាក់ចំនួន ៣៧៧លានដុល្លារ និងនាំចេញស្រូវចំនួនជាង ៣លានតោន ដែលគិតជាទឹកប្រាក់ ៨៦២លានដុល្លារ ដោយក្រុមហ៊ុននាំចេញអង្ករ មានចំនួន ៥៧ ក្រុមហ៊ុន នាំចេញទៅកាន់គោលដៅចំនួន ៥៩ ៕

អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner