សម្តេចធិបតី ហ៊ុន ម៉ាណែត៖ យើងខិតខំចរចាជាមួយទីផ្សារខាងក្រៅ តាមរយៈកិច្ចព្រមព្រៀងផ្សេងៗ ទើបប្រទេសជាច្រើន ទិញផលិតផលពីកម្ពុជា

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នូវកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នាព្រឹកថ្ងៃចន្ទទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា យើងបានខិតខំចរចាជាមួយទីផ្សារខាងក្រៅ តាមរយៈកិច្ចព្រមព្រៀង មិនមែននៅស្ងៀមៗ ទើបប្រទេសទាំងអស់ ទិញផលិតផលពីប្រទេសកម្ពុជាទេ ។

សម្ដេចធិបតី ក៏បានថ្លែងគាំទ្រគោលការណ៍ ដែលរដ្ឋមន្ត្រីក្រសួងកិសកម្មលើកឡើង ដើម្បីជំរុញវិស័យកសិកម្ម មានដូចជា៖ ការលើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផល តាមរយៈកម្មកម្មវិធីហិរញ្ញប្បទាន ការដាក់ពង្រាយមន្ត្រីកសិកម្ម តាម ឃុំ សង្កាត់ និងការអភិវឌ្ឍសហគមន៍កសិកម្មទំនើប ។

សម្ដេច បានថ្លែងបញ្ជាក់ថា ជាការពិតណាស់ ទីផ្សារខាងក្រៅយើងខិតខំចរចា នៅក្នុងការបើកតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជាកម្មសេរីផ្សេងៗ ខណៈនៅក្នុងពិភពលោក មានច្រើនប្រទេសណាស់ ដែលប្រកួតប្រជែងជាមួយកម្ពុជា លើវិសយកសិកម្ម។ សម្ដេចថា មិនមែននៅស្ងៀមៗ ប្រទេសទាំងអស់ទិញផលិតផលពីប្រទេសកម្ពុជានោះទេ ចឹងវាធានា នូវគោលនយោបាយរបស់យើង នៅក្នុងការទំនាក់ទំនង និងគុណភាពកសិកម្មរបស់យើង នៅក្នុងការប្រកួតប្រជែង ។

បើតាមរបាយការណ៍ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា គិតត្រឹមដើមខែវិច្ឆិកា ឆ្នាំ២០២៣ ការដាំដុះស្រូវសម្រេចបានជាង ៣,៦លានហិចតា និងទទួលបានទិន្នផល ៦,២លានតោន ជាមួយនឹងការរំពឹងទុកថា នឹងទទួលបានទិន្នផលជាង ៦,៣លានតោនបន្ថែមទៀត នៅក្នុងខែវិច្ឆិកា និងខែធ្នូឆ្នាំនេះ ។

ក្នុងរយៈពេលដូចគ្នានេះដែរ ការនាំចេញផលិតផលកសិកម្មនៅបន្តរក្សាបានតួលេខខ្ពស់ គឺជាង ៦,២លានតោន គិតជាទឹកប្រាក់ជាង ៣,៥ពាន់លានដុល្លារអាមេរិក ទៅកាន់ទិសដៅចំនួន ៧៤ប្រទេស។ ការនាំចេញអង្ករសម្រេចបានជាង ៥២ម៉ឺនតោន គិតជាទឹកប្រាក់ជាង ៤៥៨លានដុល្លារ រួមទាំងការនាំចេញទៅប្រទេស ឥណ្ឌូនេស៊ី ដែលជាគោលដៅថ្មី និងជាលទ្ធផលដ៏ត្រចះត្រចង់ នៃការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចធិបតី នាយករដ្ឋមន្ត្រី ៕

អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner