ប្រធានសមាគមជប៉ុន-កម្ពុជា បង្ហាញពីបំណងក្នុងការនាំក្រុមហ៊ុនជប៉ុនខ្នាតធំមកកម្ពុជាឱ្យបានច្រើនថែមទៀត ដើម្បីរួមចំណែកជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែខ្លាំង
ភ្នំពេញ៖ ឯកឧត្ដម តាកាហាស៊ី ហ្វូមីអាគី ប្រធានសមាគមជប៉ុន-កម្ពុជា (JCA) និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានបង្ហាញពីបំណងរបស់សមាគម ក្នុងការនាំក្រុមហ៊ុនជប៉ុនខ្នាតធំមកកម្ពុជា ឱ្យបានច្រើនថែមទៀត បន្ថែមពីលើក្រុមហ៊ុនខ្នាតតូច និងមធ្យម ដើម្បីរួមចំណែកជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែខ្លាំង។ ក្នុងស្មារតីនេះ ឯកឧត្តមបានបញ្ជាក់ពីគោលបំណងក្នុងការបង្កើតការិយាល័យសមាគមជប៉ុន-កម្ពុជានៅកម្ពុជា ដើម្បីសម្របសម្រួល និងជំរុញការងារវិនិយោគ និងធុរកិច្ចនៃប្រទេសទាំងពីរ។
ឯកឧត្ដម ប្រាក់ សុខុន សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈទាក់ទងបរទេស តំណាងដ៏ខ្ពងខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្ដម តាកាហាស៊ី ហ្វូមីអាគី ប្រធានសមាគមជប៉ុន-កម្ពុជា (JCA) និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា រួមជាមួយប្រធាន ក្រុមហ៊ុន និងអ្នកវិនិយោគជប៉ុន មួយចំនួន ជួបសន្ទនានៅវិមាន៧មករា នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣។
ឯកឧត្តម ប្រាក់ សុខុន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូជំរុញការវិនិយោគជប៉ុននៅ កម្ពុជាលើកទី៣ និងបានកោតសរសើរ និងអរគុណឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី ចំពោះតួនាទីដ៏សកម្មរបស់លោកក្នុងការផ្តួចផ្តើមជំរុញ និងចាត់តាំងដឹកនាំដំណើរទស្សនកិច្ចនេះ ក៏ដូចជាជួយជំរុញការវិនិយោគរបស់ជប៉ុននៅកម្ពុជា។ ឯកឧត្តមក៏បានអបអរការដំឡើងឋានៈនៃទំនាក់ទំនងទ្វេភាគីដល់កម្រិតនៃភាព ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនាឆ្នាំ២០២៣នេះ ដែលជាឆ្នាំគម្រប់ខួបទី៧០ នៃទំនាក់ទំនងការទូត កម្ពុជា-ជប៉ុន។ ឯកឧត្តមក៏បានសម្តែងផងដែរ នូវអំណរគុណរបស់គណបក្សប្រជាជនកម្ពុជា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ចំពោះវិភាគទានដ៏មានតម្លៃរបស់ជប៉ុនក្នុងដំណើរការស្វែងរកសន្តិភាព ការកសាងប្រទេសឡើងវិញ និងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ដូចសព្វថ្ងៃនេះ។

ឯកឧត្តមប្រធានសមាគម បានអរគុណសម្តេចតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែគាំទ្រសកម្មភាពរបស់សមាគមជប៉ុន-កម្ពុជា ក៏ដូចជាដល់គម្រោងវិនិយោគនានារបស់ជប៉ុន។ ឯកឧត្តមបានបង្ហាញពីបំណងរបស់សមាគម ក្នុងការនាំក្រុមហ៊ុនជប៉ុនខ្នាតធំមកកម្ពុជា ឱ្យបានច្រើនថែមទៀតបន្ថែមពីលើក្រុមហ៊ុនខ្នាតតូច និងមធ្យម ដើម្បីរួមចំណែកជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែខ្លាំង។ ក្នុងស្មារតីនេះ ឯកឧត្តមបានបញ្ជាក់ពីគោលបំណងក្នុងការបង្កើតការិយាល័យសមាគមជប៉ុន-កម្ពុជានៅកម្ពុជា ដើម្បីសម្របសម្រួល និងជំរុញការងារវិនិយោគ និងធុរកិច្ចនៃប្រទេសទាំងពីរ។ ឯកឧត្តមបានលើកឡើងថា សហគ្រាសធុនតូច និងមធ្យម ជប៉ុនមានចំណាប់អារម្មណ៍ លើវិស័យបច្ចេកទេសផ្សេងៗ ជំនាញក្នុងការជួសជុល និងថែទាំរថយន្ត បច្ចេកវិទ្យាព័ត៌មានវិទ្យា គិលានុបដ្ឋាយិកា និងការកែសម្ភស្សជាដើម។
ឯកឧត្តម ប្រាក់ សុខុន បានស្វាគមន៍ និងគាំទ្រគំនិតបង្កើតការិយាល័យសមាគម និងបំណងជំរុញវិនិយោគនានា។ ឯកឧត្តម ក៏បានជម្រាបជូនអំពីស្ថានភាពនយោបាយ ដែលមានស្ថិរភាពនយោបាយសង្គមល្អប្រសើរក្រោយការបោះឆ្នោតសកលកាលពីខែកក្កដាកន្លងទៅ និងការផ្ទេរអំណាចជូនថ្នាក់ដឹកនាំជំនាន់ថ្មី ដោយរលូនដែលនេះបង្កើតបានជាបរិយាកាសវិនិយោគដ៏ល្អប្រសើរនៅកម្ពុជា ដែលជាកាលានុវត្តភាព សម្រាប់ការវិនិយោគរបស់ជប៉ុន និងបណ្តាប្រទេសផ្សេងៗទៀតនៅកម្ពុជា។ ឯកឧត្តម បានគូសបញ្ជាក់ថា ការវិនិយោគរបស់ប្រទេសជប៉ុន មិនត្រឹមតែបានរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជាប៉ុណ្ណោះទេ។ ប៉ុន្តែថែមទាំងបានជំរុញការអភិវឌ្ឍធនធានមនុស្ស តាមរយៈការបណ្ដុះបណ្តាលជំនាញបច្ចេកទេសផ្សេងៗ ដល់និយោជិក និងវិស្វករកម្ពុជា ថែមទៀតផង។
ភាគីទាំងពីរប្តេជ្ញាបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញការវិនិយោគ និងធុរកិច្ច ទៅវិញទៅមក រវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើងថែមទៀត ដើម្បីជាផលប្រយោជន៍ដល់ប្រជាជន និងប្រទេសទាំងពីរ។ ភាគីទាំងពីរ បានអបអរសាទរចំពោះជោគជ័យនៃការបាញ់កាំជ្រួចដោយប្រើបច្ចេកវិទ្យាជប៉ុន កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីអបអរសាទរខួបលើកទី៧០ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន៕
ដោយ៖ពលជ័យ
រូបភាព៖គណបក្សប្រជាជនកម្ពុជា

