ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតឆ្នាំ២០២៣ នឹងត្រូវធ្វើនៅថ្ងៃទី២៤ ខែវិច្ឆិកា

ភ្នំពេញ៖ លោក ហ៊ីង ធីឫទ្ធិ សមាជិក គ.ជ.ប បានបញ្ជាក់ថា ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតឆ្នាំ២០២៣ នឹងត្រូវធ្វើនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលការបិទផ្សាយត្រូវធ្វើព្រមគ្នានៅគ្រប់ឃុំ សង្កាត់ទូទាំងប្រទេស ហើយបញ្ជីទាំងពីរនេះ ត្រូវបិទនៅទន្ទឹមគ្នាលើទីតាំងតែមួយ ដើម្បីឱ្យអ្នកបោះឆ្នោតងាយស្រួលក្នុងការពិនិត្យ ផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យរបស់ខ្លួន។ ការបញ្ជាក់នេះ នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្តីពីការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត នៅឃុំ សង្កាត់ ទូទាំងប្រទេស នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោក ហ៊ីង ធីឫទ្ធិ បានបន្តថា ផ្អែកតាមតួលេខបញ្ជីបោះឆ្នោតដំបូង ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីនេះមានចំនួន ៩.៨៧១.៥០២ (ប្រាំបួនលាន ប្រាំបីរយចិតសិបមួយពាន់ ប្រាំរយពីរ) នាក់ ក្នុងនោះស្រីមានចំនួន ៥.២៤០.៩៨៤ (ប្រាំលាន ពីររយសែសិបពាន់ ប្រាំបួនរយប៉ែតសិបបួន) នាក់ និងមានការិយាល័យបោះឆ្នោតសរុបចំនួន ២៤.០៣៤ (ម្ភៃបួនពាន់សាមសិបបួន) ការិយាល័យ។ ដោយឡែក អ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតដោយមូលហេតុផ្លាស់ចេញ ស្លាប់ ស្ទួន និងការដកសិទ្ធិបោះឆ្នោត ផ្អែកតាមឯកសារសំអាងត្រឹមត្រូវ និងច្បាស់លាស់ មានចំនួនសរុប ១២០.៨៨៣ (មួយរយម្ភៃពាន់ ប្រាំបីរយប៉ែតសិបបី) នាក់។

សមាជិក គ.ជ.ប រូបនេះបានបញ្ជាក់ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ នៅតាមឃុំ សង្កាត់ បានបញ្ចប់ជាស្ថាពរ ដោយជោគជ័យ ទោះបីជាមានបញ្ហាអាកាសធាតុក្នុងភូមិសាស្រ្តនៃឃុំ សង្កាត់មួយចំនួនក៏ដោយ។ ការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ ត្រូវបានបញ្ចប់ ក៏ប៉ុន្តែដំណើរការនៃការរៀបចំបញ្ជីបោះឆ្នោត ឆ្នាំ២០២៣ មិនទាន់បញ្ចប់នៅឡើយទេ។ ការងារដែល គ.ជ.ប ត្រៀមអនុវត្តបន្តនៅពេលខាងមុខ គឺការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹងទាក់ទងនឹងបញ្ជីទាំងពីរនេះ និងការងារចុងក្រោយ គឺការផ្តល់សុពលភាពលើបញ្ជីបោះឆ្នោតផ្លូវការ។

បន្ទាប់ពីបានពិនិត្យផ្ទៀងផ្ទាត់បញ្ជីឈ្មោះបោះឆ្នោត ក្នុងប្រព័ន្ធផ្ទុកទិន្នន័យរួចរាល់ គ.ជ.ប ត្រូវធ្វើការបោះពុម្ពបញ្ជីបោះឆ្នោតដំបូង រួមនឹងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតក្នុងឃុំ សង្កាត់នីមួយៗ ចំនួន៣ច្បាប់ ដើម្បីផ្តល់ជូនក្រុមប្រឹក្សាឃុំ សង្កាត់ និងសម្រាប់បិទផ្សាយជាសាធារណៈដូចខាងក្រោម៖
-បិទផ្សាយ ១ច្បាប់ នៅតាមសាលាឃុំ សង្កាត់
-បិទផ្សាយ ១ច្បាប់ នៅទីតាំងណាមួយក្នុងឃុំ សង្កាត់
-ផ្តល់ជូនក្រុមប្រឹក្សាឃុំ សង្កាត់ ១ច្បាប់ សម្រាប់ប្រើប្រាស់តាមការចាំបាច់។

សូមបញ្ជាក់ថា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការពិនិត្យបញ្ជីឈ្មោះ និងទិន្នន័យនៅក្នុងបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជី បោះឆ្នោត គ.ជ.ប បានបង្ហោះបញ្ជីទាំងពីរនេះនៅលើគេហទំព័ររបស់ គ.ជ.ប voterlist.nec.gov.kh និងកម្មវិធីទូរសព្ទដៃ (App) NEC KH ផងដែរ។ បញ្ជីបោះឆ្នោតដំបូងដែលត្រូវបិទផ្សាយនៅតាមឃុំ សង្កាត់ ត្រូវមានទិន្នន័យសំខាន់ៗដូចខាងក្រោម៖
-ឈ្មោះ និងលេខកូដរាជធានី ខេត្ត
-ឈ្មោះ និងលេខកូដឃុំ សង្កាត់ និងឈ្មោះភូមិ
-ឈ្មោះទីតាំង និងលេខកូដការិយាល័យបោះឆ្នោត
-កូនប្រអប់ និងលេខរៀងនៃឈ្មោះក្នុងបញ្ជីបោះឆ្នោត
-អត្តលេខអ្នកបោះឆ្នោត
-រូបថតរបស់អ្នកបោះឆ្នោត
-នាមត្រកូល និងនាមខ្លួន ដែលរៀបចំតាមលំដាប់អក្ខរក្រមខ្មែរ
-ភេទ
-ថ្ងៃ ខែ ឆ្នាំកំណើត
-លំនៅឋាន ឬទីសំណាក់ក្នុងឃុំ សង្កាត់នៃអ្នកបោះឆ្នោត។

ដោយឡែក ដើម្បីធានាការសម្ងាត់ សន្តិសុខ សុវត្ថិភាពទិន្នន័យអត្តសញ្ញាណអ្នកបោះឆ្នោត បញ្ជីបោះឆ្នោតដំបូងដែលត្រូវបង្ហោះនៅលើគេហទំព័រ គ.ជ.ប voterlist.nec.gov.kh និងតាមកម្មវិធីទូរសព្ទដៃ (App) NEC KH ត្រូវបង្ហាញតែឈ្មោះ និងលេខកូដរាជធានី ខេត្ត ឃុំ សង្កាត់ ឈ្មោះភូមិ ឈ្មោះទីតាំង និងលេខកូដការិយាល័យបោះឆ្នោត លេខរៀងក្នុងបញ្ជីបោះឆ្នោត អត្តលេខ លេខអត្ត-សញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (អ.ខ) ឬ និងលេខឯកសារបញ្ញាក់អត្តសញ្ញាណបម្រើឱ្យការចុះឈ្មោះបោះឆ្នោត (ឯ.អ) បង្ហាញតែលេខ៣ ខ្ទង់ចុងក្រោយ នាមត្រកូល នាមខ្លួន ភេទ និងថ្ងៃ ខែ ឆ្នាំកំណើតរបស់អ្នកបោះឆ្នោតតែប៉ុណ្ណោះ ហើយសម្រាប់បញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ត្រូវមានបង្ហាញបន្ថែមនូវការបញ្ជាក់ពីមូលហេតុដែលត្រូវលុបនៅលើនោះផងដែរ។

គោលដៅនៃការផ្សព្វផ្សាយគឺដើម្បីឱ្យអ្នកបោះឆ្នោត ដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ ទៅពិនិត្យ ផ្ទៀងផ្ទាត់ទិន្នន័យរបស់ខ្លួន ហើយអាចធ្វើការប្តឹងតវ៉ា ឬ/និងប្តឹងជំទាស់ទៅតាមករណីដែលខ្ញុំនឹងជម្រាបជូននៅក្នុងផ្នែកពាក្យបណ្តឹងនាពេលបន្តិចទៀតនេះ។

គណបក្សនយោបាយ ដែលបានចុះបញ្ជីស្របតាមច្បាប់ស្ដីពីគណបក្សនយោបាយមានសិទ្ធិសុំបញ្ជីបោះឆ្នោតដំបូងច្បាប់ថតចម្លងបានដោយបង់ថ្លៃ។ តម្លៃនេះត្រូវគិតត្រឹមតែតម្លៃផលិតប៉ុណ្ណោះ។ ម្យ៉ាងទៀត គណបក្សនយោបាយក៏អាចស្នើសុំនូវបញ្ជីបោះឆ្នោតតាមទម្រង់ PDF File ដែលមានបង្ហាញតែឈ្មោះ និងលេខកូដរាជធានី ខេត្ត ឃុំ សង្កាត់ ឈ្មោះភូមិ ឈ្មោះទីតាំង និងលេខកូដការិយាល័យបោះឆ្នោត លេខរៀងក្នុងបញ្ជីបោះឆ្នោត អត្តលេខ លេខ អ.ខ ឬ/និងលេខ ឯ.អ បង្ហាញតែលេខ ៣ ខ្ទង់ចុងក្រោយ នាមត្រកូល និងនាមខ្លួន ភេទ និងថ្ងៃ ខែ ឆ្នាំកំណើត របស់អ្នកបោះឆ្នោតប៉ុណ្ណោះ៕
ដោយ៖ពលជ័យ
រូបភាព៖គ.ជ.ប

ads banner