អ្នកនាំពាក្យរដ្ឋសភា៖ មានបេក្ខជនចំនួន១១រូប ដែលបានបំពេញពាក្យគ្រប់លក្ខខណ្ឌឈរឈ្មោះជាបេក្ខជនសមាជិក គ.ជ.ប
ភ្នំពេញ៖ បន្ទាប់ពីបិទបញ្ចប់ការទទួលពាក្យសុំឈរឈ្មោះជាបេក្ខជនសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីវេលាម៉ោង៥:៣០នាទីរសៀល ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានពិនិត្យមើលការដាក់ពាក្យរបស់បេក្ខជន គឺមានចំនួន១២រូប។ បន្ទាប់ពីពិនិត្យមើលរួច គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងដាក់ជូនគណបក្សក្នុងរដ្ឋាភិបាល (គណបក្សប្រជាជនកម្ពុជា) និងគណបក្សក្រៅរដ្ឋាភិបាល (គណបក្សហ៊្វុនស៊ិនប៉ិច) ដើម្បីពិនិត្យ សម្រេចលើបេក្ខជនដែលបានដាក់ពាក្យនិងគ្រប់លក្ខខណ្ឌ។
អ្នកនាំពាក្យរដ្ឋសភា ឯកឧត្តម ឡេង ប៉េងឡុង បានថ្លែងប្រាប់ AMS នៅព្រលប់ថ្ងៃទី២៣ វិច្ឆិកានេះថា ៖ “អ្នកមកយកពាក្យចំនួន១៨ ហើយបានដាក់ពាក្យត្រឡប់មកវិញចំនួន ១២ និងគ្រប់លក្ខខណ្ឌតែចំនួន១១ទេ។ នៅលក្ខខណ្ឌពីរទៀត គឺទី១. គណបក្សនយោបាយក្នុង និងក្រៅរដ្ឋាភិបាល ត្រូវសម្រេចទៅលើបេក្ខជនទាំងអស់នេះ និងទី២. ប្រជុំពេញអង្គរដ្ឋសភានឹងបោះឆ្នោតអនុម័ត។ បន្ទាប់ពីបញ្ចប់ការទទួលពាក្យ គឺគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាពិនិត្យមើលបេក្ខជនដែលពាក្យឈរឈ្មោះ។ ហើយត្រូវសួរយោបល់គណបក្សទាំងក្នុងរដ្ឋាភិបាល និងក្រៅរដ្ឋាភិបាល ទើបបានកំណត់បេក្ខជន”។
ឯកឧត្តម ឡេង ប៉េងឡុង បានបញ្ជាក់ទៀតថា “ការរើសនេះ គឺរើសសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ទាំង៩រូប ដោយក្នុងនោះ ៤រូប គណបក្សក្នុងរដ្ឋាភិបាល និង៤រូបទៀតគណបក្សក្រៅរដ្ឋាភិបាល និង ១រូបទៀត គឺគណបក្សទាំងពីរ(គណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិច) ឯកភាពគ្នា”។
គួររម្លឹកឱ្យដឹងថា អគ្គលេខាធិការដ្ឋានរដ្ឋសភាបានឲ្យដឹងថា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ ធ្វើការជ្រើសរើសបេក្ខជនឈរឈ្មោះជាសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អនុលោមតាមមាត្រា៥ និងមាត្រា៦ នៃច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
ឥស្សរជនដែលមានបំណងឈរឈ្មោះជាបេក្ខជនក្នុងការជ្រើសរើសនេះ ត្រូវដាក់ពាក្យសុំឈរឈ្មោះជាបេក្ខជន ជូនគណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភា ដោយមានភ្ជាប់មកជាមួយនូវ៖ ជីវប្រវត្តិសង្ខេប សេចក្តីចម្លងសំបុត្រកំណើត ច្បាប់ថតចម្លងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សេចក្តីប្រកាសអំពីសញ្ជាតិ (មានគំរូផ្តល់ជូន) សេចក្តីបញ្ជាក់អំពីការចុះឈ្មោះបោះឆ្នោត ដោយអាជ្ញាធរឃុំ សង្កាត់ ដែលសាមីខ្លួនបានចុះឈ្មោះបោះឆ្នោត សញ្ញាបត្រថ្នាក់ឧត្តមសិក្សា ឬលិខិតបញ្ជាក់ថាបានបញ្ចប់ការសិក្សាចាប់ពីថ្នាក់ឧត្ដមសិក្សាឡើងទៅ ៧- លិខិតបញ្ជាក់អំពីបទពិសោធន៍ការងារយ៉ាងតិច ១០ ឆ្នាំដែលចេញដោយ អង្គភាពដែលសាមីខ្លួនបម្រើការងារ សេចក្តីប្រកាសអំពីចំណងសហព័ទ្ធ ញាតិលោហិត និងញាតិពន្ធ (មានគំរូផ្តល់ជូន) លិខិតថ្កោលទោស និងរូបថតទំហំ ៤ x ៦ (រូបថតថ្មី ថតចំពីមុខគ្មានពាក់វ៉ែនតា)។
សូមជម្រាបថា អគ្គលេខាធិការដ្ឋានរដ្ឋសភាបានទទួលពាក្យសុំឈរឈ្មោះជាបេក្ខជនចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៣ ខែ វិច្ឆិកា ឆ្នាំ២០២៣ រៀងរាល់ថ្ងៃ ពេលព្រឹកចាប់ពីម៉ោង ៧:០០ ដល់ម៉ោង ១១:៣០នាទី និងពេលរសៀលចាប់ពីម៉ោង ១៤:០០ ដល់ម៉ោង ១៧:៣០នាទី នៅនាយកដា្ឋនគ្រប់គ្រងបុគ្គលិក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ។ កាលបរិច្ឆេទឈប់ទទួលពាក្យ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១៧:៣០នាទីរសៀល៕
