មេប៉ុស្តិ៍នគរបាលស្រែចារដែលអុកឡុកល្ខោនក្នុងពិធីបុណ្យកឋិនត្រូវព្យួរការងារ (Video Inside)

មេប៉ុស្តិ៍នគរឃុំស្រែចារ ស្រុកស្នួលខេត្តក្រចេះ ត្រូវបានស្នងការដ្ឋានខេត្ត ដាក់ពិន័យផ្អាកការងារដោយសារបានរារាំងភាពសប្បាយរបស់ពលរដ្ឋ ក្នុងពិធីបុណ្យកឋិនមួយ ដែលអ្នកស្រុកបានចូលរួមទស្សនាជាច្រើន។

យោងតាមការបង្ហោះក្នុងបណ្តាញសង្គម ខណៈដែលការសម្តែងល្ខោនកណ្តាលវាលស្រែ ដែលមានអ្នកស្រុកកំពុងតែសប្បាយរីករាយនាវេលាយប់ថ្ងៃទី២២វិច្ឆិកា ក្នុងពិធីបុណ្យកឋិនទាននៅវត្តអូរលុង ក្នុងភូមិអូរលុង ឃុំស្រែចារ ក្នុងស្រុកស្នួល នោះ ស្រាប់តែលេចមុខនាយប៉ុស្តិ៍នគរបាលឃុំស្រែចារនោះ បានឃាត់មិនឱ្យសម្តែងជាបន្តឡើយ ដោយសំអាងថាគ្មានលិខិតអនុញ្ញាត។ ការឃាត់មិនឱ្យសម្តែងសិល្បៈនោះ បានធ្វើឱ្យមានការរិះគន់យ៉ាងក្រៃលែងតាមបណ្តាញសង្គម។

ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយ នៅថ្ងៃទី២៣វិច្ឆិកានេះ បញ្ជាក់ថា ក្រោយការសាកសួរ និងស្រាវជ្រាវនោះមក គឺពិតជាមេប៉ុស្តិ៍នគរបាលស្រែចារនោះ បានបង្កក្តីរំខានដល់ប្រជាជនកំពុងសប្បាយនាពេលនោះមែន។

យោងតាមសេចក្តីប្រកាសព័ត៌មានដដែល «ក្រុមប្រឹក្សាវិន័យបានសម្រេចដាក់វិន័យ ចំពោះនាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែចារ ដោយផ្អាកការងារជាបណ្តោះអាសន្ន និងមកបង្ហាញមុខនៅការិយាល័យបុគ្គលិករៀងរាល់ម៉ោងធ្វើការ»។

ស្នងការដ្ឋាននគរបាលខេត្តក្នុងសេចក្តីប្រកាសព័ត៌មាន បានធ្វើការសូមទោស ចំពោះកំហុសឆ្គងរបស់មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តនេះ។

ads banner