ប្រពន្ធអតីតស្តេចប្រដាល់អេភូថងអំពាវនាវសូមឲ្យមហាជនអ្នកគាំទ្រគុនខ្មែរបញ្ឈប់ការរិះគន់លើកីឡាករ យ៉េន ឌីណា
(ភ្នំពេញ)៖ កីឡាករ ប្រដាល់គុនខ្មែរ ប៉ោ ភារិទ្ធ ឈ្មោះ ហៅក្រៅ យ៉េន ឌីណា ម្ចាស់មេដាយមាស ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១នៅប្រទេសវៀតណាម ត្រូវបានមហាជនអ្នកគាំទ្រ ប្រដាល់គុនខ្មែររិះគន់យ៉ាងខ្លាំង បន្ទាប់ពីបរាជ័យជាប់គ្នា ជាច្រើន ប្រកួត ។
ពាក្យរិះគន់ពីសំណាក់អ្នកគាំទ្រគុនខ្មែរនេះ បានធ្វើឲ្យកីឡាករ យ៉េន ឌីណា ម្ចាស់មេដាយមាសកីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេស វៀតណាម បង្ហាញអារម្មណ៍ខកចិត្តយ៉ាងខ្លាំង មានពេលខ្លះ បាក់ ទឹកចិត្តមិនមានអារម្មណ៍ប្រកួតចង់បោះបង់ចោលអាជីពប្រដាល់គុនខ្មែរ ដោយសាតែទទួលរងនូវការរិះគន់ទាំងនោះ។
អ្នកស្រី ស សុម៉ាលី ប្រពន្ធអតីតអ្នកប្រដាល់គុនខ្មែរល្បីឈ្មោះ លោក អេ ភូថង មានប្រសាសន៍លើកឡើងថា កីឡាករ យ៉េន ឌីណា បច្ចុប្បន្ននេះ សមត្ថភាពធ្លាក់ចុះបន្តិចមែនព្រមទាំង បាក់ទឹក ចិត្តថែមទៀតផង។ ព្រោះថា ឌីណា បានរងសម្ពោធការរិះគន់ ជាច្រើន ពី សំណាក់អ្នកគាំទ្រប្រដាល់គុនខ្មែរ។
អ្នកស្រី បានអំពាវនាវស្នើសុំឲ្យអ្នកគាំទ្រប្រដាល់គុនខ្មែរទាំងអស់ បញ្ឈប់នូវការរិះគន់បែបមើលងាយ ព្រោះវាជាកក្តាដែលធ្វើឲ្យផ្លូវចិត្ត កីឡាករប្រដាល់គុនខ្មែរបាក់ទឹកចិត្ត និងអាចឈានទៅបញ្ចប់ អាជីព ក៏ថាបាន។ មុននឹងរិះគន់សូមរំលឹកទៅដល់គុណ សម្បត្តិដែលគាត់ ធ្លាប់សាងស្នាដៃជូនជាតិនាពេលកន្លងមកផង។
គួររំលឹកថា កីឡាករ ប៉ោ ភារិទ្ធ ហៅក្រៅ យ៉េន ឌីណា គឺជាកីឡាករ ប្រដាល់ គុនខ្មែរជួមុខនៅកម្ពុជា ក្នុងអាជីពប្រដាល់គុនខ្មែរនេះ កីឡាករដែលមកពីខេត្តកោះកុង បានគ្រងខ្សែក្រវ៉ាត់មេដាយ និងពានជាច្រើន ក្នុងនោះកីឡាករប្រដាល់គុនខ្មែររូបនេះ ជាម្ចាស់មេដាយមាសព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ក្នុងឆ្នាំ២០២២ ៕
រូបភាព ជីម ភារ៉ា អត្ថបទ៖ជាវ ចន្ធូ