ប្រមុខការទូតបារាំងទៅចិន ពិភាក្សាអំពីស្ថានការណ៍នៅតំបន់មជ្ឈិមបូព៌ា និងការផ្លាស់ប្តូរវប្បធម៌

ប៉េកាំង៖ រដ្ឋមន្រ្តីការបរទេសបារាំង លោកស្រី ខាតធើរីន ខូឡូណា ក្នុងថ្ងៃសុក្រនេះ បានជួបជាមួយនាយករដ្ឋមន្ត្រីចិន លោក លី ជាំង នារដ្ឋធានីប៉េកាំង ដែលនេះជាដំណើរទស្សនកិច្ចរយៈពេលខ្លី ផ្តោតសំខាន់លើសង្គ្រាមអ៊ីស្រាអែល និងហាម៉ាស់ ក៏ដូចជាការធ្វើឱ្យស៊ីជម្រៅលើការផ្លាស់ប្តូរការសិក្សា និងវប្បធម៌រវាងប្រទេសទាំងពីរ។

ប្រមុខការទូតបារាំង លោកស្រី ខាតធើរីន ខូឡូណា បានប្រាប់នាយករដ្ឋមន្ត្រីចិន លោក លី ជាំង ថា ប្រទេសចិន និងបារាំងបានចែករំលែកការទទួលខុសត្រូវជាសកល ក្នុងនាមជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ។ បន្ថែមលើនេះ ប្រទេសទាំងពីរត្រូវតែខិតខំស្វែងរកចម្លើយ ចំពោះបញ្ហាប្រឈមធំៗ ជាពិសេសបញ្ហាប្រឈមនៃការប្រែប្រួលអាកាសធាតុ, ជីវចម្រុះ និងអ្វីៗដែលអាចបន្ធូរបន្ថយភាពតានតឹងក្នុងពិភពលោក។ ជាមួយគ្នានេះ លោក លី បានកត់សម្គាល់ពីនិន្នាការវិជ្ជមាន នៃកិច្ចសហប្រតិបត្តិការរវាងចិន និងបារាំងលើគ្រប់វិស័យ។

លោក លី បន្តថា កិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងចិន និងបារាំង ក៏បានចាក់បញ្ចូលថាមពលវិជ្ជមានជាច្រើន និងផ្តល់ភាពប្រាកដប្រជាបន្ថែមទៀតដល់ពិភពលោក ដែលគ្មានភាពច្បាស់លាស់នាពេលបច្ចុប្បន្ន។
ដោយឡែក លោកស្រី ខូឡូណា និងរដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី ក៏នឹងចាប់ផ្តើមកិច្ចសន្ទនាកម្រិតខ្ពស់រវាងចិន-បារាំងឡើងវិញផងដែរ ទៅលើផ្នែកផ្សេងទៀតនៃកិច្ចសហប្រតិបត្តិការ នៅឯសាកលវិទ្យាល័យ Peking នារសៀលថ្ងៃសុក្រនេះ។

បន្ទាប់មក លោកស្រី ខូឡូណា នឹងធ្វើកិច្ចពិភាក្សាទ្វេភាគីជាផ្លូវការជាមួយលោក វ៉ាង មុនពេលធ្វើសន្និសីទសារព័ត៌មានរួមគ្នានៅ ល្ងាចថ្ងៃដដែល។ បើតាមរដ្ឋាភិបាលទីក្រុងប៉ារីស បារាំង និងចិន នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាបន្តបន្ទាប់ក្នុងវិស័យជាច្រើន មានដូចជា៖ ការអប់រំ, វប្បធម៌, ការផ្លាស់ប្តូរកម្រិតសាកលវិទ្យាល័យ និងសុខាភិបាលជាដើម៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner