កម្ពុជា និងអង់ទីហ្កានិងបាប៊ុយដា ប្ដេជ្ញាចិត្តបង្កើនកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក

ភ្នំពេញ៖ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាទ្វេភាគីប្រកបដោយផ្លែផ្កាជាមួយឯកឧត្តម E.P. Chet Greene រដ្ឋមន្ត្រីការបរទេស កសិកម្ម ពាណិជ្ជកម្ម និងកិច្ចការ បាប៊ុយដា នៃប្រទេសអង់ទីហ្កានិងបាប៊ុយដា នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញមកបំពេញទស្សនកិច្ច ការងារនៅព្រះរាជាណាចក្រកម្ពុជា ដំណើរទស្សនកិច្ចនេះគឺជាវឌ្ឍនភាពមួយដ៏សំខាន់ក្នុងការលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ទោះបីប្រទេសទាំងពីរស្ថិតក្នុងទីតាំងភូមិសាស្ត្រឆ្ងាយពីគ្នា រដ្ឋមន្ត្រីការបរទេសទាំងពីរ បានបញ្ជាក់នូវការប្តេជ្ញាចិត្តឥតងាករេ ក្នុងការបង្កើននូវកិច្ចសហប្រតិបត្តិការតាមវិស័យរវាងប្រទេសទាំងពីរ ដើម្បីជាប្រយោជន៍រួមដល់ប្រជាជននៃប្រទេសទាំងពីរ។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានជម្រាបជូន ឯកឧត្តមរដ្ឋមន្ត្រី Greene នូវទិដ្ឋភាពគ្រប់ជ្រុងជ្រោយស្តីពីស្ថានភាពនយោបាយនិងសេដ្ឋកិច្ចរបស់កម្ពុជា។ កិច្ចពិភាក្សាក៏បានផ្ដោតលើទំនិញដែលមានសក្តានុពលសម្រាប់ការធ្វើពាណិជ្ជកម្ម ជាពិសេស អង្ករ និងគ្រាប់ស្វាយចន្ទី ព្រមទាំងកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍និងកសិកម្ម។ ការណ៍នេះបង្ហាញនូវការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការជំរុញការផ្លាស់ប្ដូរផ្នែកសេដ្ឋកិច្ច។ ឯកឧត្តមរដ្ឋមន្ត្រី Greene បានវាយតម្លៃខ្ពស់ចំពោះកំណើនសេដ្ឋកិច្ចរបស់កម្ពុជា និងស្នើកម្ពុជាពិចារណាជ្រើសរើសយកប្រទេសអង់ទីហ្កានិងបាប៊ុយដា ធ្វើជាច្រកចូលទៅកាន់ទីផ្សារនៃតំបន់ការ៉ាបៀន (Caribbean)។

ភាគីទាំងពីរបានពិភាក្សាលើផែនការសកម្មភាព សំដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុង ក្របខ័ណ្ឌទ្វេភាគីនិងពហុភាគី។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានទទួលយកដោយក្ដីរីករាយនូវការ អញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសអង់ទីហ្កានិងបាប៊ុយដា ក្នុងពេលវេលាសមស្រប។ ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការគាំទ្រគ្នាទៅវិញទៅមក នៅក្នុងវេទិកាពហុភាគី រួមទាំង ក្នុងស្ថាប័ននានារបស់អង្គការសហប្រជាជាតិ។ រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈ លើបញ្ហាតំបន់និងអន្តរជាតិដែលជាប្រយោជន៍និងកង្វល់រួមផងដែរ៕
ដោយ៖ពលជ័យ
រូបភាព៖ក្រសួងការបរទេស

ads banner