Nissan នឹងបោះទុនជាង ២.៥ពាន់លានដុល្លារ ពន្លឿនការផលិតរថយន្តអគ្គិសនីនៅអង់គ្លេស

ឡុងដ៍៖ ក្រុមហ៊ុន Nissan របស់ជប៉ុន បានប្រកាសក្នុងថ្ងៃសុក្រសប្តាហ៍នេះថា ខ្លួននឹងបោះទុនវិនិយោគកើនដល់ ២ពាន់លានផោន ឬប្រមាណ ២.៥ពាន់លានដុល្លារ ក្នុងការផលិតរថយន្តអគ្គិសនីនៅចក្រភពអង់គ្លេស។

ក្រុមហ៊ុនផលិតរថយន្តយក្សជប៉ុន Nissan បានបញ្ជាក់ថា ខ្លួននឹងផលិតរថយន្តម៉ូដែលអគ្គិសនី ដែលលក់ដាច់បំផុតចំនួនពីរ គឺម៉ូដែល Juke និង Qashqai នៅឯរោងចក្ររបស់ខ្លួនក្នុងទីក្រុងសាន់ឌើលែន ភាគឦសានចក្រភពអង់គ្លេស ជារោងចក្រដ៏ធំបំផុតរបស់ខ្លួននៅទ្វីបអឺរ៉ុប ដែលសាងសង់ឡើងស្របតាមផែនការគ្មានការបំភាយឧស្ម័នកាបូនិករបស់អង់គ្លេស ដែលនឹងផ្លាស់ប្តូរចេញពីរថយន្តប្រើប្រេងឥន្ធនៈកង្វក់។

ទន្ទឹមគ្នា ក្រុមហ៊ុន Nissan ក៏នឹងចាក់បញ្ចូលថវិកាចំនួន ១.១២ពាន់លានផោន ឬ១.៤ពាន់លានដុល្លារ ទៅក្នុងប្រតិបត្តិការរបស់ខ្លួននៅចក្រភពអង់គ្លេស និងខ្សែសង្វាក់ផ្គត់ផ្គង់ដ៏ធំទូលាយ សម្រាប់ការស្រាវជ្រាវ និងការអភិវឌ្ឍន៍ ក៏ដូចជាការផលិតរថយន្តម៉ូដែលថ្មីទាំងពីរ។

ផែនការខាងលើនេះ ក៏នឹងជំរុញឱ្យមានការវិនិយោគបន្ថែមទៀត លើគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងខ្សែសង្វាក់ផ្គត់ផ្គង់ រួមទាំងរោងចក្រផលិតអាគុយរថយន្តអគ្គិសនីមួយទៀត ដែលនាំមកនូវការវិនិយោគសរុបកើនដល់ ២ពាន់លានផោន ឬប្រមាណ ២.៥ពាន់លានដុល្លារ។

ការវិនិយោគរបស់ក្រុមហ៊ុន Nissan នេះដែរ ក៏នឹងជួយគាំទ្រដល់កម្លាំងពលកម្មរបស់ខ្លួននៅចក្រភពអង់គ្លេស ដែលមានបុគ្គលិកចំនួន ៧,០០០នាក់ និងការងារចំនួន ៣០,០០០កន្លែង នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ដ៏ទូលំទូលាយក្នុងប្រទេសអឺរ៉ុបនេះ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner