ក្រុមហ៊ុន ជីប ម៉ុង ប្រគល់ទឹកបរិសុទ្ធចំនួន ៥,០០០ កេស ជូនរដ្ឋបាលរាជធានី សម្រាប់ឧបត្ថម្ភក្នុងព្រះរាជពិធីបុណ្យទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣
(ភ្នំពេញ)៖ ទឹកបរិសុទ្ធចំនួន ៥,០០០ កេស ត្រូវបានក្រុមហ៊ុន ជីប ម៉ុង គ្រុប ប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ឧបត្ថម្ភក្នុង ព្រះរាជ ពិធីបុណ្យទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣។
ពិធីប្រគល់ ទទួលនេះបានធ្វើឡើងនាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោកឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង គ្រុប និងលោកជំទាវ នៅសាលារាជធានីភ្នំពេញ។
ក្នុងឱកាសនោះ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ បានថ្លែងថា ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំងទាំងអស់ ក្នុងរាជធានីភ្នំពេញ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ អ្នកឧកញ៉ា និងលោកជំទាវ ដែល បានឧបត្ថម្ភ ទឹកបរិសុទ្ធចំនួន ៥,០០០ កេស ជូនដល់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងព្រះរាជពិធីបុណ្យទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ ។
តាមរយៈអំណោយខាងលើ បានបង្ហាញឱ្យឃើញអំពីទឹកចិត្ត និង ការគិតគូរជូនដល់រន្ត្រីរាជការ និង កងកម្លាំង នៃគណៈបញ្ជាការ ឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ដែលកំពុងបំពេញតួនាទី-ភារកិច្ច របស់ខ្លួន ក្នុងការថែរក្សានូវសន្តិសុខ សណ្តាប់ធ្នាប់ ជូនភ្ញៀវទេសចរ ជាតិ-អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋដែលមកទស្សនា កំសាន្ត ក្នុង ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ ៕
ដោយថេត វិចិត្រ





