អ្នកផ្ទុកមេរោគអេដស៍ប្រមាណ ១ម៉ឺន២ពាន់នាក់ បានគេចពីការផ្តល់សេវាព្យាបាល
(ភ្នំពេញ)៖ ថ្លែងក្នុងសន្នីសីទសារព័ត៌មាននារសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តម ទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹង ជំងឺអេដស៍ បានលើកឡើងថា នៅកម្ពុជា មានអ្នកផ្ទុកមេរោគអេដស៍ប្រមាណ ១ម៉ឺ២ពាន់នាក់ បានធ្វើតេស្តឈាមរកឃើញមានផ្ទុកមេរោគអេដស៍ ប៉ុន្តែពេលនេះអ្នកទាំងនោះ បានបាត់ខ្លួន ដោយមិនបានធ្វើតេស្តរកមេរោគអេសដ៍ទៀត ដែលចំណុចនេះជាការព្រួយបារម្ភអាចឲ្យជំងឺអេដស៍ ផ្ទុះឡើងវិញបើសិនគេមិនទៅផ្តល់ការព្យាបាល។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងថាអ្នកដែលមិនរកសេវាព្យាបាល (ទោះបីមិនជាក្តី) ដោយសារតែគាត់មានការខ្មាសអៀនក្នុងនោះមានអ្នកមាន អ្នកល្បីផងដែរ ។ អ្នកទាំងនោះ អាចទៅរកសេវាព្យាបាលឯកជនដើម្បីលាក់បាំងកុំឲ្យគេដឹងផងដែរ ។ យ៉ាងណាក្តី ឯកឧត្តមបានអំពាវនាវ និងជំរុញដល់អ្នកដែលបានបាត់ខ្លួនមិនទៅធ្វើតេស្តរកមេរោគអេដស៍ ដើម្បីយកសេវាព្យាបាលព្រោះថា អ្នកដែលធ្វើការព្យាបាលទៀងទាត់ដោយប្រើថ្នាំពន្យា នឹងអាចធ្វើឲ្យមេរោគអេដស៍បាត់បានទោះបីជាគ្មានថ្នាំព្យាបាលជំងឺអេដស៍ក៏ដោយ ។
ជាមួយគ្នានោះដែរ ឯកឧត្តមបានគូសបញ្ជាក់ថា៖«ជំងឺអេដស៍មិនអាចចប់បាននោះទេ បើវាកើតហើយគឺវាមានរហូត គ្រាន់តែមានចំនួនឆ្លងថ្មីទាប់បំផុត។ បើតាមគោលដៅរបស់អង្ក ការសហប្រជាជាតិគេថា ចប់អេដស៍មានន័យថាក្នុងមួយឆ្នាំឆ្លងថ្មីតែ ២៥០នាក់ទេ ។ ចំណែកកម្ពុជាវិញ ដែលហើយថាអស់ជំងឺអេដស៍ គឺមួយថ្ងៃឆ្លង១នាក់ ឬមួយឆ្នាំ ៣៦៥នាក់ ឬទាប់ជាងនេះ តែបើនៅខ្ពស់ជាងនេះគឺមិនទាន់ចប់ទេ» ។
ឯកឧត្តម បានបន្ថែមថា ដើម្បីកុំមានការឆ្លងកើតឡើងថែមទៀតនូវជំងឺអេដស៍ គឺត្រូវតែមានការព្យាបាល ដូច្នេះពេលនេះអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានកំពុងរៀបចំគោលនយោបាយមួយហៅថា គោលនយោបាយលុបបំបាត់អេដស៍ឆ្នាំ២០២៣-២០២៨ ។
ឯកឧត្តម ក៏បានឲ្យដឹងថា នៅក្នុងឆ្នាំ២០២២កន្លងមកនេះ កម្ពុជា មានអ្នកឆ្លងជំងឺអេដស៍ ១៤០០នាក់ ដែលជាចំនួនមួយឆ្ងាយពីគោលដៅ ដែលឲ្យមានអ្នកឆ្លងតែមួយថ្ងៃមួយនាក់ ឬស្មើ ៣៦៥នាក់ក្នុងមួយឆ្នាំ។ យ៉ាងណាក្តីឯកឧត្តមអះអាងថា នៅកម្ពុជា មានអត្រាខ្ពស់ក្នុងការទប់ស្កាត់កុំឲ្យឆ្លងជំងឺអេដស៍ គឺយុវជន ក្នុងនោះអ្នកដែលស្រឡាញ់ភេទដូចគ្នាភាគច្រើនបានឆ្លងជំងឺអេដស៍ ។
ឯកឧត្តមប្រធានអាជ្ញាធរអេដស៍បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖«មិនមែនជាការបណ្តុះបង្អាប់ឬមាក់ងាយឬរើសអើងនោះទេ គឺគ្រាន់តែចង់ពញ្ញាក់ស្មារតីថា បើមិនប្រុងប្រយ័ត្ន មិនថាប្រុសស្រឡាញ់ប្រុស គឺឆ្លងហើយ ៕
ដោយ-រ៉ាវុធ