ក្រសួងបរិស្ថាន អាជ្ញាធររាជធានីភ្នំពេញ និងអង្គការ សមាគមផ្សេងៗ ណែនាំពលរដ្ឋពីការទុកដាក់សំរាម ក្នុងពិធីបុណ្យអុំទូក

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ក្រសួងបរិស្ថាន បាន​​លើកទឹកចិត្តដល់ប្រជាពលរដ្ឋ ភ្ញៀវទេ​សចរ អ្នកមកកម្សាន្ត ក្នុងព្រះរាជពិធីបុណ្យអុំទូកចូលរួមថែរក្សាអនាម័យបរិស្ថាន ដើម្បីធ្វើឱ្យ​កម្ពុជា ដែលជាផ្ទះ​ទាំងអស់គ្នា មានភាពស្អាត ដោយប្រកាន់ខ្ជាប់នូវអនាម័យ សុខភាព និងបរិស្ថាន។

​​​នាព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០២៣នេះ ​ក្រសួងបរិស្ថាន បាន​សហការជាមួយអាជ្ញាធររាជធានីភ្នំពេញ ក្រុ​មការងារយុវជន សមាគមកសិករដើម្បីអភិវឌ្ឍន៍ជី​វភាព, អង្គការ COMPED, សមាគមស្រឡាញ់បរិស្ថាន និងសង្គម ព្រមទាំងវិស័យឯកជន បានចុះអប់រំ ណែនាំប្រជាពលរដ្ឋពីការទុកដាក់សំរាម សំណល់រឹង ការកាត់បន្ថយប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» រយៈពេលបីថ្ងៃ នៅតាមទីតាំងកន្លែងប្រារព្ធពិធី នៅរាជធានីភ្នំពេញ។

ក្រសួងបរិស្ថាន​​សរសេរលើបណ្ដាញសង្គមរយៈហ្វេសប៊ុក​ថា ៖ «ក្រសួងបរិស្ថាន សូមលើកទឹកចិត្តដល់ប្រជាពល​រដ្ឋ ភ្ញៀវទេសចរ អ្នកមកកម្សាន្ត ក្នុងព្រះរាជពិធីបុណ្យអុំទូក ចូលរួមថែរក្សាអនាម័យបរិស្ថាន ដើម្បីធ្វើឱ្យក​ម្ពុជា ដែលជាផ្ទះរបស់យើងទាំងអស់គ្នា មានភាពស្អាត ដោយប្រកាន់ខ្ជាប់នូវអនាម័យសុខភាព និងបរិស្ថាន»​។

សូម​ជម្រាប​​ថា ជាមួយនឹងយុទ្ធសាស្រ្តចក្រា ក្រសួងបរិស្ថាន បាននិងកំពុងរៀបចំយុទ្ធនាការកាត់បន្ថយកា​រប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» នៅទូទាំងប្រទេស ដោយមានកា​រចូលរួមពីសិស្សានុសិស្ស ចំនួនជាងបីលាននាក់។

យុទ្ធនាការនេះមិនត្រឹមតែមានការគាំទ្រ និងចូលរួមពីសាលារៀនប៉ុណ្ណោះទេ ប៉ុន្តែក៏មានការគាំទ្រយ៉ាងពេ​ញទំហឹងពីដៃគូអភិវឌ្ឍន៍ ម្ចាស់រោងចក្រ សហគ្រាស កាកបាទក្រហមកម្ពុជា សហភាពសហព័ន្ធយុវជនក​ម្ពុជា សមាគមកាយឬទ្ធិនារីកម្ពុជា រដ្ឋបាលខេត្តចំនួន១៣ ព្រមទាំងសមាគមជាតិ និងអន្តរជាតិជាច្រើនថែមទៀត៕

ដោយ៖ជា សុខនី

ads banner