នៅថ្ងៃទី១ នៃការចុះបញ្ជី៖ មានតែគណបក្សប្រជាជន កម្ពុជា តែមួយគត់បានដាក់ពាក្យសុំចុះបញ្ជីគណបក្ស នយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរ ឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា
ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា ដាក់ពាក្យសុំចុះបញ្ជី គណបក្សនយោ បាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជន ឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅទីស្ដីការគណៈកម្មា ធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣។
ឯកឧត្តម សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប បានមានប្រសាសន៍បញ្ជាក់ប្រាប់ AMS នៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកានេះថា ៖ “គិតត្រឹមម៉ោង ៤:៣០នាទី នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលជាថ្ងៃទី១ នៃចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ មានតែគណបក្សនយោបាយតែមួយគត់ គឺគណបក្សប្រជាជនកម្ពុជា បានមកដាក់ពាក្យស្នើសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដោយដាក់គ្រប់ទាំង ៨ភូមិភាគ”។
អគ្គលេខាធិការរង គ.ជ.ប បានបញ្ជាក់ថា ៖ “ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ មានរយៈពេល ១៥ថ្ងៃ គិតចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ដោយមិនគិតថ្ងៃសៅរ៍ ថ្ងៃអាទិត្យ ឬថ្ងៃបុណ្យនោះទេ។ ក្នុងរយៈពេល ១៥ថ្ងៃនេះ គណបក្សនយោបាយដែលបានចុះបញ្ជីស្របតាមច្បាប់ស្តីពីគណបក្សនយោបាយមានសិទ្ធិស្នើសុំចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតនៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤”៕
ដោយ៖ពលជ័យ




