ក្រុម អង្គការសង្គមស៊ីវិល ២០ស្ថាប័ន ស្នើឱ្យរាជរដ្ឋាភិបាល អាណត្តិថ្មី ឆ្លើយតបតម្រូវការចាំបាច់របស់ស្ដ្រី

អត្ថបទដោយ៖
CPA

(ភ្នំពេញ)៖ ក្រុម អង្គការសង្គមស៊ីវិល ២០ស្ថាប័ន ដែលធ្វើការលើវិស័យសិទ្ធិមនុស្ស សិទ្ធិការងារ និង សង្គម ស្នើឱ្យរាជរដ្ឋាភិបាលអាណត្តិថ្មីនេះចាត់នូវវិធានការឆ្លើយតបតម្រូវការ ចាំបាច់ជាអាទិភាពរបស់ស្ដ្រី ក្នុងការ លុបបំបាត់អំពើហិង្សាគ្រប់ទម្រង់លើស្ដ្រី និង ក្មេងស្រី ។

ការស្នើបែបនេះធ្វើឡើងតាមរយៈសេចក្តី ថ្លែងការណ៍រួមរបស់ក្រុមអង្គការសង្គមស៊ីវិល រួមមាន សមាគមប្រជាធិបតេយ្យ ឯករាជ្យ នៃ សេដ្ឋកិច្ចក្រៅប្រព័ន្ធ អង្គការសមាគមធាងត្នោត សហព័ន្ធសហជីពកម្ពុជា អង្គការ យេនឌ័រ និង អភិវឌ្ឍ ដើម្បីកម្ពុជា អង្គការលីកាដូ និង អង្គការក្លាហាន ជាដើម ដែលបាន រៀបចំយុទ្ធនាការ ១៦ថ្ងៃ ឆ្នាំ២០២៣ ក្រោម ប្រធានបទ ៖ គ្មានអំពើហិង្សាលើស្ដ្រី និង ក្មេងស្រី ដើម្បីសេដ្ឋកិច្ច និង យុត្តិធម៌ សង្គម កាលពីថ្ងៃ ទី២៧ ខែវិច្ឆិកា ឆ្នាំ ២០២៣ ។

សេចក្ដីថ្លែងការ ដដែលបានឱ្យដឹងទៀត ថា ឆ្លៀតក្នុងឱកាសប្រារព្ធយុទ្ធនាការ ១៦ថ្ងៃនេះ ក្រុមអង្គការសង្គមស៊ីវិលទាំងនោះ បានអំពាវនាវ ឱ្យរាជរដ្ឋាភិបាល អាណត្តិថ្មីនេះ ជាពិសេស ក្រសួងពាក់ព័ន្ធ និង វិស័យឯកជន ត្រូវចាត់វិធានការក្នុងការឆ្លើយតប ជាអាទិភាព ចំពោះតម្រូវការចាំបាច់ និង បន្ទាន់ របស់ ស្ដ្រី ក្នុងការលុបបំបាត់ អំពើហិង្សាគ្រប់ទម្រង់លើ ស្ដ្រី និង ក្មេងស្រី ដើម្បីសម្រេចបាន នូវកិច្ច ខិតខំប្រឹងប្រែង របស់ រាជរដ្ឋាភិបាល តាមរយៈ ការអនុវត្តច្បាប់ គោលនយោបាយ និង ផែនការយុទ្ធសាស្ត្រជាតិនានា ។

ក្រុមអង្គការ សង្គមស៊ីវិល បញ្ជាក់ថា ៖ «រយៈ ពេល ៣០ឆ្នាំកន្លងមកនេះ យើងខ្ញុំទទួលស្គាល់ នូវកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ក្នុង ការលើកកម្ពស់សិទ្ធិស្ដ្រី និង សមភាព យេនឌ័រ ប៉ុន្តែយើងខ្ញុំសង្កេតឃើញថា ការរើសអើង មក លើស្ដ្រី នៅតែបន្តកើតមានឡើងស្ទើរតែគ្រប់ វិស័យ គ្រប់ទម្រង់ និង គ្រប់ទីកន្លែង ដែលមាន ដូចជា ការប្រើអំពើហិង្សា ផ្អែកលើយេនឌ័រ មកលើស្ដ្រី និង ក្មេងស្រី និង ក្រុមអ្នកស្រលាញ់ភេទដូចគ្នា ការធ្វើទុក្ខបុកម្នេញ និង គំរាមកំហែង មកលើ សកម្មជនស្ដ្រី ដែលជា តំណាងអង្គការសង្គមស៊ីវិល សហជីព សកម្មជន ដី ធ្លី និង សកម្មជន នយោបាយ គ្រប់រូបភាពជាដើម » ។

បើតាមប្រភពដដែល បានលើកឡើងថា ដូច្នេះ ក្នុងនាមជាអ ង្គការសង្គមស៊ីវិល ដែលធ្វើការ ដោយផ្ទាល់ជាមួយក ម្មករ និង ប្រជាពលរដ្ឋ ដែលមានបញ្ហា សូមលើកយកតម្រូវការ និង ដំណោះស្រាយជាអាទិភាពមួយចំនួន មកបង្ហាញ ទៅដល់ រាជរដ្ឋាភិបាល ដើម្បីចាត់វិធានការ ក្នុងការឆ្លើយតប។

តម្រូវការ អាទិភាពទាំងនោះ រួមមានស្នើឱ្យ រាជរដ្ឋាភិបាល ចាត់វិធានការផ្លូវច្បាប់ ឱ្យមាន ប្រសិទ្ធភាព និង តឹងរឹង ចំពោះអំពើហិង្សា និង ការបៀតបៀនគ្រប់ទម្រង់ មកលើស្ដ្រី ដោយ គ្មានការលើកលែង ។ ស្នើឱ្យរាជរដ្ឋាភិបាល ធ្វើវិសោធនកម្មច្បាប់ ទប់ស្កាត់ អំពើហិង្សា ក្នុង គ្រួសារ បច្ចុប្បន្ន និង បង្កើតឱ្យមានជម្រក សុវត្ថិភាព សម្រាប់ស្ដ្រីរងគ្រោះ ដោយសារ អំពើហិង្សាលើគ្រប់វិស័យ ។

ក្រុមអង្គការសង្គមស៊ីវិល បន្ថែមថា ក្រៅពីនេះទៀត ក៏ស្នើឱ្យរាជរដ្ឋាភិបាល ចាត់វិធានការ រដ្ឋបាលជាក់លាក់ និង បញ្ឈប់ការប្រើប្រាស់ អំពើហិង្សាលើស្ដ្រី អ្នកការពារ សិទ្ធិមនុស្ស សិទ្ធិ ដី ធ្លី សិទ្ធិបរិស្ថាន និង សិទ្ធិការងារ ហើយ និង ស្នើឱ្យដាក់បញ្ចូល ក្រុម កសិករ ទៅក្នុងច្បាប់ ស្តីពីកិច្ចគាំពារសង្គមផងដែរ ។

ដោយឡែក ក្រសួងកិច្ចការនារី កាលពីថ្ងៃទី ២៥ ខែវិច្ឆិកានេះ ក៏បានរៀបចំប្រារព្ធ យុទ្ធនាការ ១៦ ថ្ងៃ ដើម្បីបញ្ឈប់ អំពើហិង្សា លើស្រ្តី និង ក្មេងស្រី ក្រោមប្រធានបទ « រួមគ្នា វិនិយោគ លើការទប់ស្កាត់ អំពើហិង្សា លើស្រ្តី និង ក្មេង ស្រី » ក្នុងគោលបំណងចូលរួមទប់ ស្កាត់ អំពើហិង្សា លើស្រ្តី និង ក្មេងស្រី គ្រប់រូបភាព ដើម្បីលើកកម្ពស់ ភាពសុខដុម រមនា និង ភាពរុងរឿង ក្នុងគ្រួសារ សហគមន៍ សង្គម និងនៅកន្លែងធ្វើការងារ ។ នៅក្នុង សកម្មភាព នៃ យុទ្ធនាការនេះ ក្រសួងបានប្រារព្ធធ្វើជា សកល ដែលមានសកម្មភាព សំខាន់ៗជាច្រើន ដូចជា ការបំពាក់ បូព៌ណ ស ការដើរក្បួន តាមទី សាធារណៈ ការចែក ចាយសម្ភារ អប់រំ ការផ្សព្វផ្សាយតាមប្រព័ន្ធ បណ្តាញសង្គម វិទ្យុ ទូរទស្សន៍ និង ការ សម្តែង សិល្បៈជាដើម ។

ក្រសួងកិច្ចការនារី បញ្ជាក់ថា ៖ « ដើម្បីបញ្ឈប់ អំពើហិង្សា លើស្រ្តី និង ក្មេងស្រី អាចធ្វើទៅបានលុះត្រាតែយើងទាំងអស់គ្នា រួមគ្នាធ្វើ » ។

យោងតាមរបាយការណ៍ សមិទ្ធផល ការ ងារ របស់ ក្រសួងកិច្ចការនារី រយៈពេល ៥ឆ្នាំ ចាប់ពី ឆ្នាំ២០១៨ – ២០២២ បានបង្ហាញថា ស្រ្ដី រងគ្រោះ ដោយអំពើហិង្សាទាក់ទងយេនឌ័រ មានចំនួន ២ ៥៦៣ ករណី បានទទួលសេវាប្រឹក្សា យោបល់ផ្នែកច្បាប់ ផ្លូវចិត្ត អន្តរាគមន៍ និង តាមដាន ការប្រកាសសាលក្រម ដោយផ្ទាល់ និង តាមរយៈ អនឡាញផ្ដល់ដោយ ក្រសួង កិច្ចការនារី និង អង្គការដៃគូ ។

ចំពោះ ស្ដ្រី និង ក្មេងស្រី ដែលរងគ្រោះដោយ សារ អំពើហិង្សា នៅទូទាំង ២៥ រាជធានី ខេត្ត មាន ចំនួន ៥៥២ ករណី គឺ ត្រូវបានក្រុមប្រឹក្សា ជាតិ កម្ពុជា ដើម្បីស្ដ្រី បានផ្ដល់សេវាជំនួយ ផ្នែកច្បាប់ ដោយមិនគិតកម្រៃ ៕

ដោយ៖ ជា សុខនី

ads banner