ប្រមុខការទូតអាមេរិក៖ យើងត្រូវតែបន្តគាំទ្រដល់អ៊ុយក្រែន
ព្រុចសែល៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់ថូនី ប្លីងគែន បានគូសបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តត្រូវតែរក្សាស្ថិរភាព ក្នុងការគាំទ្រដល់អ៊ុយក្រែន ប្រយុទ្ធប្រឆាំងនឹងរុស្ស៊ី។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់ថូនី ប្លីងគែន បានថ្លែងក្នុងសន្និសិទកាសែតថា មនុស្សមួយចំនួនកំពុងចោទសួរ ថាតើសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តណាតូផ្សេងទៀត គួរតែបន្តឈរជាមួយអ៊ុយក្រែន នៅពេលយើងឈានចូលរដូវរងាទីពីរនៃអំពើឃោរឃៅរបស់លោក ពូទីន ដែរឬអត់?
ចម្លើយនៅទីនេះ នៅថ្ងៃនេះ នៅអង្គការណាតូ គឺច្បាស់ណាស់ ហើយវាមិនប្រែប្រួលទេ។ យើងត្រូវតែ… ហើយយើងនឹងបន្តគាំទ្រអ៊ុយក្រែន។ ប្រមុខការទូតអាមេរិករូបនេះបានសង្កត់ធ្ងន់ថា ការធានាថា សង្គ្រាមឈ្លានពានរបស់រុស្ស៊ីនៅតែជាយុទ្ធសាស្ត្របរាជ័យ គឺមានសារៈសំខាន់ គិតមកទល់ពេលនេះ នៅពេលដែលវិមានក្រឹមឡាំងបានចាប់ផ្តើមសង្គ្រាមនោះ កាលពីជិតពីរឆ្នាំមុន។
បើតាមរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក ឌីមីត្រូ គូលេបាន រហូតមកដល់ពេលនេះ សហភាពអឺរ៉ុបបានប្រគល់គ្រាប់ផ្លោងប្រហែល ៣០០,០០០គ្រាប់ ក្នុងចំណោម ១លានគ្រាប់ ដែលខ្លួនបានសន្យាដល់អ៊ុយក្រែន។
យ៉ាងណាមិញ ប្រទេសជាច្រើនបានប្រកាសឈប់ផ្តល់ជំនួយអាវុធដល់ប្រទេសអ៊ុយក្រែន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
