សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កត្តាសុខសន្តិភាព ស្ថិរភាព ដែលកើតទ្បើងពីនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន បាននាំមកនូវការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេស វិស័យអគ្គិសនីនៅកម្ពុជា

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា កត្តាសុខសន្តិភាព ស្ថិរភាព ដែលកើតទ្បើងពីនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន បាននាំមកនូវការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេស វិស័យអគ្គិសនី ដែលជាវិស័យដ៏អាទិភាពមួយ។ ការបញ្ជាក់នេះ ក្នុងពិធីបិទស្ទឹង ដើម្បីសាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ អានុភាព១៥០មេហ្កាវ៉ាត់ ស្ថិតក្នុងស្រុកថ្មបាំង ខេត្តកោះកុង នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានធ្វើការគូសបញ្ជាក់ថា សម្រាប់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភានេះ ការអភិវឌ្ឍវិស័យអគ្គិសនីនៅតែជារបៀបវារៈដ៏សំខាន់ នៃនយោបាយ សេដ្ឋកិច្ច ព្រមទាំងបានកំណត់ទិសដៅ៖ (១)បន្តជំរុញការអភិវឌ្ឍវិស័យអគ្គិសនីឱ្យគ្រប់ទីកន្លែងនៅទូទាំងប្រទេស ដោយក្រសួងរ៉ែ និងថាមពល អគ្គិសនីកម្ពុជា និងអាជ្ញាធរអគ្គិសនីកម្ពុជា ខិតខំរកមធ្យោបាយផ្គត់ផ្គង់អគ្គិសនីដល់ភូមិជាង១% ដែលមិនទាន់មានអគ្គិសនីប្រើប្រាស់ឱ្យទទួលបានអគ្គិសនីប្រើប្រាស់មុនឆ្នាំ២០៣០ (២).បន្តការធ្វើទំនើបកម្មលើការផ្តល់សេវាកម្មជូនដល់អតិថិជនប្រើប្រាស់អគ្គិសនី (៣).បន្តពិនិត្យលទ្ធភាពផ្តល់ការអនុគ្រោះថ្លៃ និងបន្ថយថ្លៃលក់អគ្គិសនីឱ្យកាន់តែទាបជាងមុន (៤).ជំរុញការចូលរួមរបស់កម្ពុជាក្នុងអន្តរកាលថាមពលឆ្ពោះទៅរកសង្គមអព្យាក្រឹតភាពកាបូនស្របតាមនិន្នាការពិភពលោកបច្ចុប្បន្ន (៥).ជំរុញការចូលរួមរបស់វិស័យឯកជនក្នុងការវិនិយោគ និងការធ្វើអាជីវកម្មផ្តល់សេវាកម្មអគ្គិសនី និង (៦).ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិទាំងក្នុង និងក្រៅតំបន់លើវិស័យថាមពល។

សម្តេចនាយករដ្ឋមន្ត្រី បន្តមានប្រសាសន៍ទៀតថា ប្រទេសនីមួយៗមានភារកិច្ចមិនត្រឹមតែត្រូវធានាធ្វើយ៉ាងណាឱ្យការផ្គត់ផ្គង់ថាមពលមានគុណភាព ស្ថិរភាព ប្រសិទ្ធភាព និងថ្លៃសមរម្យប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវធ្វើយ៉ាងណាឱ្យវិស័យ ថាមពលឈាន ទៅរកអព្យាក្រឹតភាព កាបូន ដើម្បីដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុរបស់ពិភពលោកផងដែរ។ ក្នុងន័យនេះ ក្រសួងរ៉ែ និងថាមពល ធ្វើជាស្ថាប័នដឹកនាំ និងសម្របសម្រួលលើការងារចំនួន០៥ មានដូចជា៖ (១).ជំរុញអនុវត្តការងារប្រសិទ្ធភាពថាមពល ស្របទៅតាមគោលនយោបាយជាតិស្តីពីប្រសិទ្ធភាពថាមពល ២០២២-២០៣០ ដែលបានអនុម័ត និងស្របទៅតាមផែនការសកម្មភាពដែលបានគ្រោង។ (២).បញ្ឈប់ការអភិវឌ្ឍរោងចក្រផលិតអគ្គិសនីដុតធ្យូងថ្ម និងពិនិត្យលទ្ធភាពដាក់ឱ្យរោងចក្រផលិតអគ្គិសនី ដុតធ្យូងថ្មដែលមានស្រាប់បញ្ឈប់ដំណើរការមុនកាលកំណត់។ (៣).ធ្វើបច្ចុប្បន្នភាពផែនការមេឡើងវិញ ដើម្បីបង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញបន្ថែមទៀត។ (៤).លើកកម្ពស់ការប្រើប្រាស់យានយន្តអគ្គិសនី (EV) ដើម្បីធានានិរន្តរភាពនៃការប្រើប្រាស់ និងកាត់បន្ថយចំណាយ។ (៥).ធ្វើការងារការទូតផ្នែកថាមពលបៃតង ដើម្បីទាក់ទាញការគាំទ្រ និងការផ្តល់ហិរញ្ញប្បទាន សម្បទាន សម្រាប់ធ្វើការអភិវឌ្ឍ។ លើលពីនេះ សម្តេចក៏បានស្នើឱ្យក្រសួង និងស្ថាប័នពាក់ព័ន្ធ ក្នុងរាជរដ្ឋាភិបាល ចូលរួមសហការ និងសម្របសម្រួលជាមួយក្រសួងរ៉ែ និងថាមពល ដើម្បីឱ្យព្រះរាជាណាចក្រកម្ពុជា អាចសម្រេច បាននូវគោលដៅវិស័យថាមពល ដោយប្រើប្រាស់ថាមពលស្អាតឱ្យបាន៧០%យ៉ាងតិច នៅឆ្នាំ២០៣០ ដើម្បីឱ្យក្លាយទៅជាប្រទេសគោលដៅថាមពលស្អាត (Clean Energy Destina tion) សម្រាប់ការអភិវឌ្ឍ។

សូមបញ្ជក់ផងដែរ បើតាមក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា គិតត្រឹមឆ្នាំ២០២២ កម្ពុជាមានទំហំប្រភពអគ្គិសនី សរុបចំនួន ៤.២៤៦,៧៧មេហ្គាវ៉ាត់ ក្នុងនោះចំនួន ៣.១១៦,៤២មេហ្គាវ៉ាត់ ស្មើនឹងជាង៧៣ភាគរយ ជាប្រភពអគ្គិសនី បានពីការអភិវឌ្ឍ ក្នុងស្រុក ហើយចំនួន ១.១៣០,៧៥មេហ្គាវ៉ាត់ ស្មើនឹងជាង២៦ភាគរយ ជាប្រភពអគ្គិសនី ដែលបាននាំចូលពីប្រទេសជិតខាង។ ប្រភពដដែល បានបង្ហាញទៀតថា សម្រាប់ការអភិវឌ្ឍប្រព័ន្ធបញ្ជូនអគ្គិសនី បច្ចុប្បន្ននេះ មានខ្សែបញ្ជូនសរុបចំនួន ៣.៩៥៣គីឡូម៉ែត្រ និងមានអនុស្ថានីយចំនួន ៦៣ ដែលអាចបញ្ជូនប្រភពអគ្គិសនីដល់រាជធានី-ខេត្តចំនួន ២៥ទូទាំងប្រទេស។ គិតត្រឹមចុងឆ្នាំ២០២២ ផ្ទះរបស់ប្រជាពលរដ្ឋ នៅទូទាំងប្រទេស សរុបចំនួន ប្រមាណ ៣,៧២លានខ្នងផ្ទះ ទទួលបានការផ្គត់ផ្គង់ អគ្គិសនីពីបណ្តាញជាតិ ស្មើនឹងប្រមាណជិត៩០ភាគរយ។ ជាមួយគ្នានេះ ភូមិចំនួនជិត១៤០០០ ស្មើនឹង ៩៨.២៧ ភាគរយ បានតខ្សែបណ្តាញអគ្គិសនីសម្រាប់ប្រើប្រាស់ ខណៈនៅសល់ភូមិចំនួនជាង២០០ប៉ុណ្ណោះ ស្មើនឹង១.៧៣ភាគរយ មិនទាន់តខ្សែបណ្តាញអគ្គិសនីដោយសារភូមិទាំងនោះត្រូវបានចាត់ទុកថាជា «ភូមិដែលពិបាកទៅដល់»៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកសម្តេចធិបតី ហ៊ុន ម៉ាណែត

ads banner