អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មានមីយ៉ាន់ម៉ា ត្រូវបានរបបយោធាកាត់ទោសឱ្យជាប់ពន្ធនាគារ១០ឆ្នាំ
ណៃពិដោ៖ត្រឹមប៉ុន្មានសប្តាហ៍បន្ទាប់ពីត្រូវបានចាប់ខ្លួនពីបទផ្សព្វផ្សាយ «ព័ត៌មានប្រឌិត» នៅលើបណ្តាញសង្គម ពាក់ព័ន្ធការបះបោរ និងញុះញង់ប្រឆាំងនឹងយោធា អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មានរបស់មីយ៉ាន់ម៉ាលោក Ye Htut ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ១០ ឆ្នាំ នៅថ្ងៃទី ២៩ ខែវិច្ឆិកា។
បើតាមប្រភពសន្តិសុខមួយថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន AFP បានឱ្យដឹង បន្ទាប់ពីការកាត់ទោសនៅក្នុងពន្ធនាគារ Insein ពីទីក្រុង Yangon មកថា លោក Ye Htut ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១០ឆ្នាំក្រោមច្បាប់ចំនួន ២ គឺពីបទឧក្រិដ្ឋកម្មញុះញង់ប្រឆាំងនឹងយោធា និងការបះបោរ។
ក្រៅតែពីផ្តល់ព័ត៌មាននៃការកាត់ទោស ប្រភពដែលសុំមិនបញ្ចេញឈ្មោះខាងលើនេះ មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ ព្រោះមិនមានសិទ្ធិនិយាយជាមួយអ្នកសារព័ត៌មាន។
គួរជម្រាបថា លោក Ye Htut ត្រូវបានចាប់ខ្លួននៅក្នុងខែតុលាពោលគឺត្រឹមប៉ុន្មានថ្ងៃបន្ទាប់ពីរបបយោធាបានចោទប្រកាន់លោកពីបទលាតត្រដាងអាសយដ្ឋានរបស់មន្ត្រីយោធាចូលនិវត្តន៍។
លោក Ye Htut គឺជាអតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យនាយករដ្ឋមន្ត្រី ក្រោមរដ្ឋាភិបាលយោធារបស់លោក ថេន សេន ដែលបានប្រគល់អំណាចទៅឱ្យលោកស្រី អ៊ុងសាន ស៊ូជី បន្ទាប់ពីការបោះឆ្នោតដ៏សំខាន់ក្នុងឆ្នាំ ២០១៥។
រដ្ឋបាលរបស់លោក ថេន សេន ដែលកាន់អំណាចក្នុងអំឡុងពេលរលកនៃអំពើហិង្សាសាសនាបានប្រគល់អំណាចទៅឱ្យលោកស្រី អ៊ុងសាន ស៊ូជី នាគ្រានោះ អនុញ្ញាតឱ្យប្រទេសមីយ៉ាន់ផ្តើមមានសេរីភាវូបនីយកម្មសេដ្ឋកិច្ច និងសង្គម រយៈពេលខ្លីក៏ដូចជាការផ្តល់សិទ្ធិឱ្យគណបក្សប្រឆាំងរបស់លោកស្រី ស៊ូជី ចូលទៅកាន់ចរន្តនយោបាយ។ ក៏ប៉ុន្តែអ្វីៗត្រូវបានបញ្ចប់ទៅវិញដោយរដ្ឋប្រហារយោធាក្នុងឆ្នាំ ២០២១។
សម្រាប់លោក Ye Htut បើទោះបីជាចូលនិវត្តន៍តាំងតែពីរដ្ឋបាលលោក ថេន សេន ក្តីតែលោក នៅតែសកម្មនៅលើបណ្តាញសង្គម និងទទួលបានរហ័សនាម moniker ឬនាយករដ្ឋមន្ត្រីហ្វេសប៊ុក សម្រាប់ការបង្ហោះជាញឹកញាប់របស់លោកនៅលើបណ្តាញសង្គម ហើយក៏ទទួលបានការពេញនិយមបំផុតនៅក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ។
គួរបញ្ជាក់ដែរថា ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ របបយោធាមីយ៉ាន់បានប្រឈមមុខនឹងការតស៊ូប្រដាប់អាវុធ តាមតំបន់ជាច្រើនចាប់តាំងពីការដណ្តើមអំណាចនៅក្នុងរដ្ឋប្រហារឆ្នាំ ២០២១។
ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះដែរ របបយោធាក៏បានឃុំខ្លួនមន្ត្រីពាណិជ្ជកម្មមួយចំនួនផងដែរ ខណៈកាលពីខែតុលាយោធាក៏បានកាត់ទោសសម្ព័ន្ធមិត្តពីររូបរបស់ប្រមុខរបបយោធាលោក Min Aung Hlaing ឱ្យជាប់ពន្ធនាគារម្នាក់ៗ ២០ ឆ្នាំពីបទពុករលួយ និងការរំលោភអំណាចផងដែរ៕
ប្រែសម្រួល៖ ស្រ៊ុន សិរីវឌ្ឍនៈ ប្រភព៖ https://www.straitstimes.com/asia/se-asia/myanmar-ex-information-minister-jailed-for-incitement-sedition