ចាប់ជនសង្ស័យ៧នាក់ពីបទចាប់បង្ខាំងមនុស្សនៅខេត្តព្រះសីហនុ (Video Inside)
មនុស្ស៧នាក់ ត្រូវបានឃាត់ខ្លួនពីបទពាក់ព័ន្ធករណីបង្ខាំងមនុស្សខុសច្បាប់ នៅក្នុងខេត្តព្រះសីហនុ។ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ឯក សរ រដ្ឋា បានឲ្យដឹងនៅថ្ងៃទី៣០វិច្ឆិកានេះថា ជនសង្ស័យទាំង៧នាក់ ដែលបានចាប់ខ្លួនរួមមានជនជាតិចិន ២នាក់ និងខ្មែរ ៥នាក់ ពាក់ព័ន្ធករណីបង្ខាំងមនុស្សខុសច្បាប់។
លោកស្នងការនគរបាលខេត្ត បានរៀបរាប់ក្នុងហេតុការណ៍ ដែលជាប់ពាក់ព័ន្ធថា កាលពីវេលាម៉ោង១១យប់ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣, កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត បានទទួលព័ត៌មានថានៅចំណុចផ្លូវម្លប់តាប៉ាង ស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ មានជនសង្ស័យមួយក្រុមមិនស្គាល់អត្តសញ្ញាណ ជិះរថយន្ត ២គ្រឿងមិនស្គាល់ម៉ាក និងបានធ្វើសកម្មភាពចាប់បុរសជនជាតិចិនម្នាក់ ដាក់ចូលក្នុងរថយន្ត ខណៈដែលជនរងគ្រោះកំពុងដើរនៅតាមផ្លូវ ដោយក្រុមជនសង្ស័យទាំងនោះ មានអាវុធខ្លីគ្រប់ដៃ។
ក្រោយការរកឃើញជនរងគ្រោះជាប់ខ្នោះដៃ និងមានស្នាមរបួសច្រើនកន្លែងលើខ្លួន កាលពីថ្ងៃទី២២វិច្ឆិកា នៅក្នុងក្នុងប្រឡាយទឹក ស្ថិតនៅក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ក្នុងខេត្តព្រះសីហនុនោះមក ការបន្តស្រាវជ្រាវបានរកឃើញ និងចាប់ខ្លួនក្រុមជនសង្ស័យចំនួន ៧នាក់ នៅថ្ងៃទី២៤វិច្ឆិកា។
ជនសង្ស័យទាំង៧នាក់ រួមមាន៖ ១-ឈ្មោះ លូ ដុងដុង LU DONG DONG ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិចិន, ២-ឈ្មោះ ស៊ុន ហ្ស៊ុងហួ SUN ZHONGHUA ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិចិន, ៣-ឈ្មោះ ប៉ិក តុលា ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ, ៤-ឈ្មោះ នៅ ឡាយ ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិ ខ្មែរ, ៥-ឈ្មោះ ចត់ ហិង្សា ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ, ៦-ឈ្មោះ សុខ មិច ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ, ៧-ឈ្មោះ ខន ដាលីន ភេទស្រី អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ។
វត្ថុតាងចាប់យកបានរួមមាន អាវុធខ្លី ៣ដើម, គ្រាប់កាំភ្លើងចំរុះសរុបចំនួន ៨៩គ្រាប់ ខ្នោះដៃ ២គូ, រថយន្ត ៣គ្រឿង ដែលជាមធ្យោបាយជិះប្រព្រឹត្តបទល្មើស និងសម្ភារៈផ្សេងៗមួយចំនួន។
ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងបន្តនីតិវិធី និងកំពុងបន្តធ្វើការស្រាវជ្រាវស្វែងរកជនសង្ស័យដែលនៅសេសសល់។