គុណភាពខ្យល់នៅទីក្រុងហាណូយ កាន់តែបង្កគ្រោះថ្នាក់ដល់សុខភាព

ហាណូយ៖ ផ្សែងអ័ព្ទយ៉ាងក្រាស់បានគ្របដណ្តប់ផ្នែកខ្លះ នៃទីក្រុងហាណូយ ស្របពេលដែលគុណភាពខ្យល់ក្នុងរដ្ឋធានីរបស់ប្រទេសវៀតណាមនេះ កាន់តែអាក្រក់ទៅៗ ដល់កម្រិតបង្កគ្រោះថ្នាក់ដល់សុខភាព។

យោងតាមក្រុមហ៊ុនផ្តល់ព័ត៌មានស្តីពីគុណភាពខ្យល់របស់ប្រទេសស្វីស (IQAir) បានឱ្យដឹងថា គុណភាពខ្យល់នៅក្នុងរដ្ឋធានីហាណូយ ប្រទេសវៀតណាម នៅថ្ងៃពុធសប្តាហ៍នេះ ត្រូវបានគេចុះបញ្ជី ជាទីក្រុងមានគុណភាពខ្យល់អាក្រក់បំផុតទីពីរ ក្នុងចំណោមទីក្រុងនានារបស់ពិភពលោក។

បុគ្គលិកផ្នែកដឹកជញ្ជូនឥវ៉ាន់ លោក Nhan Van Ngoc បានរៀបរាប់ថា ការបំពុលខ្យល់បានប៉ះពាល់ដល់សុខភាពខ្ញុំច្រើនណាស់ ជាធម្មតាខ្ញុំមានអារម្មណ៍នឿយហត់បន្តិច នៅពេលខ្ញុំត្រឡប់មកពីធ្វើការវិញ ប៉ុន្តែថ្មីៗនេះ ខ្ញុំមានអារម្មណ៍ថា ហត់ខ្លាំងណាស់ ជាពិសេសនៅពេលខ្ញុំក្រោកពីដំណេកពេលព្រឹក។

ខ្ញុំមានអារម្មណ៍ថា ដូចជាមិនស្រួលខ្លួន ឬត្រជាក់ខ្លាំង។ លោកបន្ថែមថា ប្រសិនបើស្ថានភាពបំពុលខ្យល់នៅតែបន្តបែបនេះទៀត នោះវានឹងប៉ះពាល់ដល់សុខភាពខ្ញុំយ៉ាងធ្ងន់ធ្ងរ ព្រោះខ្ញុំធ្វើការនៅខាងក្រៅពេញមួយថ្ងៃ ដូច្នេះវានឹងប៉ះពាល់ទាំងការងារ និងសុខភាពរបស់ខ្ញុំក្នុងរយៈពេលវែង។

សូមបញ្ជាក់ថា ស្ថានីយអាកាសធាតុជាច្រើននៅទីក្រុងហាណូយ នៅថ្ងៃអង្គារសប្តាហ៍នេះ បានកត់ត្រាពីគុណភាពខ្យល់ធ្លាក់ដល់កំរិតគ្រោះថ្នាក់ដល់សុខភាពមនុស្ស នៅពេលក្រុមហ៊ុនផ្តល់ព័ត៌មានស្តីពីគុណភាពខ្យល់របស់ប្រទេសស្វីស (IQAir) បានចាត់ថ្នាក់ទីក្រុងហាណូយ ស្ថិតនៅចំណាត់ថ្នាក់ទី៤ ជាទីក្រុងមានខ្យល់អាកាសពុល ឬកខ្វក់បំផុតក្នុងពិភពលោក៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner