កូនតោសបីក្បាលកើតនៅក្នុងសួនសត្វវ៉េណេស៊ុយអេឡា

ការ៉ាកាស់៖ សួនសត្វ Las Delicias របស់ប្រទេសវ៉េណេហ្ស៊ុយអេឡា បានអបអរសាទរ ចំពោះការចាប់កំណើតរបស់កូនតោសអាហ្វ្រិកខាងត្បូងចំនួន ៣ក្បាល ដែលនេះជារឿងដ៏កម្រមួយ។

កូនតោសចំនួន ៣ក្បាល ដែលកើតនៅក្នុងទីក្រុង Maracay បានបង្ហាញពីការបង្កាត់ពូជដោយជោគជ័យលើកដំបូង នៃប្រភេទអំបូរសត្វតោនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា។ ហើយនេះក៏ជាផ្នែកមួយ នៃកម្មវិធីផ្តួចផ្តើមឡើង ចាប់តាំងពីមេតោបញ្ជូនមកពីប្រទេសឆេក ក្នុងខែឧសភា ឆ្នាំ ២០២២។

នាយកសួនសត្វ Las Delicias លោក Anthony De Benedictis បាននិយាយថា ការចាប់កំណើតរបស់កូនតោសទាំង ៣ក្បាលនេះ គឺជាដំណឹងដ៏ល្អបំផុត មិនត្រឹមតែសម្រាប់ប្រជាជនអារ៉ាហ្គាប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ប្រជាជនវ៉េណេហ្ស៊ុយអេឡាទាំងអស់ផងដែរ។ លោកនាយកបន្តថា ពួកវាគឺជាសត្វតោសដំបូងគេដែលកើតនៅវ៉េណេហ្ស៊ុយអេឡា ក្នុងនោះមានឈ្មោលពីរក្បាល និងញីមួយក្បាល។

លោក Leonel Ovalle Moleiro ដែលជាពេទ្យសត្វបានបញ្ជាក់ថា នៅពេលនេះ កូនតោសទាំង ៣ក្បាលកំពុងស្ថិតក្រោមការត្រួតពិនិត្យសុខភាពជាប្រចាំពីគ្រូពេទ្យ និងបសុពេទ្យ។ ក្រុមការងារសួនសត្វទាំងមូលក៏បានយកចិត្តទុកដាក់មើលថែទាំ និងតាមដានសំណាកសត្វជាប្រចាំដែរ។

លោកគ្រូពេទ្យបន្ថែមថា យើងក៏កំពុងស្ថិតក្នុងដំណើរការវាយតម្លៃពីរបៀបដែលពួកវាកំពុងវិវឌ្ឍក្នុងការឡើងទម្ងន់ និងបរិមាណអាហារដែលពួកវាកំពុងស៊ី ដូច្នេះយើងអាចដឹងពីស្ថានភាពសុខភាពទាំងកូនតោ និងមេរបស់ពួកវា៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner