លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅជួបសំណេះសំណាលនិងចែកអំណោយដល់ប្រជាពលរដ្ឋ ១២០គ្រួសារនៅព្រែកថ្មី

(ភ្នំពេញ)៖ ប្រជាពលរដ្ឋចំនួន ១២០គ្រួសារដែលបានស្ម័គ្រចិត្ត ផ្លាស់ប្ដូរទីលំនៅ ពីប្រឡាយព្រែកប្រា ស្ថិតក្នុងសង្កាត់ព្រែកប្រា ទៅតាំងទីលំនៅថ្មី នៅ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ បានទទួលអំណោយពីសប្បុរសជនតាមរយៈលោកចេងមុនីរ៉ាអភិបាលនៃគណៈអភិបាលខណ្ឌនិងក្រុមការងារយកទៅចែកជូនដោយផ្ទាល់ដៃកាលពីរសៀលថ្ងៃទី០១ ខែធ្នូឆ្នាំ២០២៣ វេលាម៉ោង ៣រសៀល ។

នៅចំពោះមុខ បងប្អូនប្រជាពលរដ្ឋ ដែលស្ម័គ្រចិត្ត មករស់នៅលើទីតាំងថ្មីនេះ លោកអភិបាលខណ្ឌបានសន្យាថា និងរៀបចំប្រព័ន្ធទឹក ភ្លើង ហេដ្ឋារចនាសម្ព័ន្ធ ដោយធ្វើជាផ្លូវបេតុង ហើយទៅថ្ងៃខាងមុខ នឹងរៀបចំបំពេញបែបបទបង្កើតជាភូមិថ្មីមួយ ។ សូមបងប្អូន ជឿទុកចិត្តមកលើអាជ្ញាធរចុះ អាជ្ញាធរខណ្ឌ មិនបោះបង់បងប្អូនចោលឡើយ ហើយបន្តជួយបងប្អូនទៅមុខទៀត សូមកុំជឿ តាមការញុះញង់ឃោសនា បង្កាច់បង្ខូច ពីសំណាក់ជនអគតិមួយចំនួនដែលបំភ្លៃការពិត ។

លោកអភិបាលខណ្ឌបានបន្តថា ទីតាំងថ្មីដែលបងប្អូនស្ម័គ្រចិត្តមករស់នៅនេះ គឺកើតចេញពីការខិតខំប្រឹងប្រែងរបស់អាជ្ញាធរខណ្ឌ បានស្នើទៅឯកឧត្តមអភិបាលរាជធានីភ្នំពេញ បន្ទាប់មកឯកឧត្តមអភិបាលរាជធានីភ្នំពេញ ក៏បានឯកភាព ឲ្យរៀបចំទីតាំងនេះដោយបែងចែកជាឡូត៍ជូនដល់ប្រជាពលរដ្ឋ ហើយ ឯកឧត្ដមអភិបាលរាជធានីភ្នំពេញក៏បានស្នើទៅប្រមុខរាជរដ្ឋាភិបាលហើយត្រូវបានប្រមុខរាជរដ្ឋាភិបាល សម្រេចជាគោលការណ៍រៀបចំឲ្យបង្កើត ឡើងជាបន្ទាន់ នឹងរៀបចំធ្វើប្លង់កម្មសិទ្ធិជូនបងប្អូនឲ្យស្របច្បាប់តែម្ដង ។

បន្ទាប់ពី លោកអភិបាលខណ្ឌ បញ្ជាក់ច្បាស់ច្បាស់ៗ បានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្ដមអភិបាលរាជធានីភ្នំពេញ ដែលបានរៀបចំទីតាំងលំនៅឋានថ្មីនិងមានប័ណ្ណសំគាល់ម្ចាស់អចលនទ្រព្យស្របច្បាប់ ៕

សណ្តោស/ប៊ុនធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner